កុមារី​ម្នាក់​លង់​ទឹក​​ស្លាប់ មនុស្ស​ចាស់​ម្នាក់​ពស់​ចឹក​ពេល​ទឹក​ឡើង​នៅ​កំពង់ចាម​

កុមារី​ម្នាក់​បាន​រង​គ្រោះ​ដល់​ស្លាប់​ដោយសារ​លង់​ទឹក​ទន្លេ​មេគង្គ និង​បុរស​ម្នាក់​ទៀត ត្រូវ​ពស់​ចឹក​ក្នុង​ពេល​ស្រង់​យក​ឈើ​អណ្ដែត​តាម​ទន្លេ នៅ​ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម ក្នុង​ពេល​ទឹក​ឡើង។

អនុ​ប្រធាន​ភូមិ​កោះ​ត្រែង ឃុំ​កោះ​ពីរ ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម គឺ​លោក ឈង អាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ សីហា​ថា កុមារី​ម្នាក់​អាយុ​ប្រមាណ ៩ ឆ្នាំ បាន​ស្លាប់​ដោយសារ​ទឹក​ទន្លេ​ហូរ​កួច​យក​ទៅ។

លោក​បន្ត​ថា បន្ទាប់​ពី​បុរស​ជា​ឪពុក​បាន​នាំ​កូន​ស្រី​នោះ​រួម​ទាំង​កូន​តូច​មួយ​ទៀត ទៅ​មុជ​ទឹក​ទន្លេ កូន​ស្រី​នោះ​កាន់​ពោះវៀន​កង់​រថយន្ត ដែល​ឪពុក​ឲ្យ​តោង​លេង​មក​ទុក​នៅ​ទូក​ក្បែរ​ច្រាំង ហើយ​ក៏​ត្រឡប់​មក​ហៅ​ឪពុក​វិញ តែ​ត្រូវ​ទឹក​ហូរ​ខ្លាំង​កួច​យក​ទៅ​បាត់។

លោក ឈង អាន ៖ «យក​កង់​ឡាន​ទុក​លើ​ទូក រួច​ហើយ​វា​បក​មក​វិញ ​ឪ​វា​ទៅ​លេង​ឆ្ងាយ​ពី​កន្លែង​ហ្នឹង​ហើយ។ ពេល​វា​មក​វិញ ទឹក​វា​ហូរ ​វា​រអិល​ជើង​ទៅ ក្មេង​អត់​ចេះ​ហែល រួច​វា​មាន​ខោ​អាវ​ដៃ​វែង»។

លោក ខូវ អ៊រ មេ​ឃុំ​កោះ​ពីរ​បាន​បញ្ជាក់​រឿង​ហេតុ​នេះ​បន្ថែម​ថា នៅ​ពេល​ដឹង​ថា​កុមារី​នោះ​រអិល​តាម​ទឹក​ហើយ​បុរស​ជា​ឪពុក​បាន​ពរ​កូន​តូច​យក​ទៅ​ទុក​នៅ​ទូក ហើយ​តាម​រក​ភ្លាមៗ នៅ​ម៉ោង
៨ និង ៤០ នាទី ព្រឹក​ថ្ងៃ​ទី​១៤ សីហា។ តែ​ប្រមាណ​ជា​ម៉ោង​ជាង ៩ ព្រឹក ទើប​រក​ឃើញ​កូន​ស្រី ដែល​មាន​ឈាម​ហូរ​តាម​ច្រមុះ ត្រចៀក ស្លាប់​ទៅ​ហើយ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា​ដដែល​នោះ​ដែរ វេលា​ទាប​ភ្លឺ​ឆ្លង​ចូល​ថ្ងៃ​ទី​១៥ សីហា លោក​មេ​ឃុំ ខូវ អ៊រ បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​វ័យ ៥០ ឆ្នាំ​ឈ្មោះ ហ៊ាង ខា ត្រូវ​ពស់​វែក​ចឹក​នៅ​កណ្ដាល​ទន្លេ​ពេល​ទាប​ភ្លឺ ដោយ​មូលហេតុ​ចាប់​ស្រង់​សំណាត់​អុស​ដែល​ហូរ​រសាត់​តាម​ទឹក៖ «មូលហេតុ​ទៅ​ចាប់​អុស​កណ្ដាល​ទន្លេ។ ដល់​ទូក​វា​ឡើង​ទៅ​លើ​បឿន​អុស បឿន​សំរាម​វា​របូត​ចង្កូត​ដល់​ចុះ​ដាក់​ចង្កូត​ទូក​ដៃ​ម្ខាង​ទាញ​សំរាម​ចេញ ដៃ​ម្ខាង​ដាក់​អា​ពស់​ហ្នឹង​វា នៅ​ជិត​ចង្កូត​ទូក​ហ្នឹង វា​ចឹក​ផស​ភ្លាម​ហ្នឹង។ ពស់​វែក​រនាម»។

លោក​មេ​ឃុំ​បន្ថែម​ថា ក្រុម​គ្រួសារ​បាន​យក​ជន​រង​គ្រោះ​ទៅ​ឱ្យ​ព្រះសង្ឃ​ស្ដោះ​ផ្លុំ ប៉ុន្តែ លោក​មាន​ពុទ្ធដីកា​ថា អ្នក​របួស​នោះ​រង្គោះ​សក់​ហើយ លោក​មិន​ហ៊ាន​មើល​ទេ ហើយ​បង្គាប់​ឲ្យ​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរ​ពេទ្យ។

មន្ត្រី​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​បាន​បញ្ជាក់​ថា នៅ​មន្ទីរ​ពេទ្យ​មាន​តែ​ថ្នាំ​ចាក់​សម្រន់​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ។ ដូច្នេះ លោក​ឲ្យ​បញ្ជូន​ទៅ​ពេទ្យ​ភ្នំពេញ​ទើប​មាន​ថ្នាំ​ព្យាបាល។

លោក​មេ​ឃុំ ខូវ អ៊រ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ ដោយ​អះអាង​ថា អ្នក​របួស​អន់​ចុក​ចាប់​ហើយ តែ​នៅ​ពុំ​ទាន់​មាន​កម្លាំង​នៅ​ឡើយ។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​បន្ថែម​ថា ឲ្យ​តែ​រដូវ​ទឹក​ឡើង ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​មេគង្គ តែង​តែ​នាំ​គ្នា​អុំ​ទូក ឬ​បរ​កាណូត ចេញ​ទៅ​ស្រង់​ឈើ ដែល​រសាត់​អណ្ដែត​តាម​ទឹក (សំណាត់) មក​ទុក​ធ្វើ​ជា​អុស​ដុត ឬ​ប្រើ​ការ​ជា​ប្រយោជន៍​ផ្សេង​ទៀត ប្រសិន​បើ​សំណាត់​ឈើ ឬ​ឫស្សី​មាន​សាច់​នៅ​រឹង​មាំ​ល្អ៕