ប្រភពពីមន្ត្រីជាន់ខ្ពស់មួយរូបនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឲ្យដឹងនៅថ្ងៃអង្គារនេះថា អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចំនួនបួនរូបគឺ នួន ជា ខៀវ សំផន អៀង ធីរិទ្ធ និង អៀង សារី អាចនឹងត្រូវបើកការជំនុំជម្រះក្តីរួមគ្នាក្នុងសវនាការតែមួយ ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបើកសវនាការលើករណីបណ្ដឹងឧទ្ធរណ៍របស់ ខៀវ សំផន កាលពីថ្ងៃពុធ ទី២៣ មេសា ឆ្នាំ២០០៨ ។
ចំណែកឯលោក រាជ សម្បត្តិ មន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានថ្លែងថា គេនៅមិនទាន់ដឹងច្បាស់អំពីផែនការសវនាការរួមគ្នានោះនៅឡើយទេ ក៏ប៉ុន្តែ សំណុំរឿងរបស់ កាំង ហ្កិចអ៊ាវ ហៅ ឌុច ត្រូវបានបំបែកចេញពីករណីមេដឹកនាំខ្មែរក្រហមទាំង៤នោះរួចហើយ ។
លោក រាជ សម្បត្តិ មានប្រសាសន៍ដូច្នេះថា ៖ «យើងអត់ទាន់ដឹងថា តើអ្នកទាំង ៤នាក់ហ្នុងត្រូវទទួលការជំនុំជម្រះក្ដីយ៉ាងដូចម្ដេចទេ ប៉ុន្តែទាក់ទងនឹងរឿងឌុច គឺត្រូវបានតុលាការហ្នឹងញែកចេញពីអ្នកទាំង ៤ហ្នឹងហើយ ។ ហើយសហចៅក្រមស៊ើបអង្កេត គាត់បានជូនដំណឹងតាំងពីពេលមុនហ្នឹងរួចមកហើយថា ឌុចហ្នឹងត្រូវធ្វើតែឯងទេ» ។
លោក រាជ សម្បត្តិ បានថ្លែងបន្តថា បញ្ហាវ័យចាស់របស់អតីតមេដឹកនាំខ្មែរក្រហម ក៏ដូចជាបញ្ហាថវិកាផងនោះ បច្ចុប្បន្ន សាលាក្តីកំពុងព្យាយាមដើម្បីដំណើរការសំណុំរឿងអតីតមេដឹកនាំ ជាន់ខ្ពស់ខ្មែរក្រហមទាំងនោះ ឲ្យទទួលបានជោគជ័យ ។
លោក រាជ សម្បត្តិ មានប្រសាសន៍បន្តថា ៖ «ចង់ថាធ្វើម៉េចឲ្យតុលាការហ្នឹងឆាប់ចប់ពេលខាងមុខហ្នឹង កុំឲ្យចេះតែពន្យារៗទៅគឺអាចធ្វើឲ្យកិច្ចការហ្នឹងមិនទទួលបានជោគជ័យល្អ អ៊ីចឹងយើងថាធ្វើម៉េចឲ្យបាន ៥នាក់ហ្នឹងឲ្យបានជោគជ័យសិន ហើយបើចង់បន្តទៅទៀត គឺអាហ្នឹងវាជាក់ស្ដែងទៅតាមការស្នើសុំរបស់សហព្រះរាជអាជ្ញា ឬសហចៅក្រម» ។
លោកមេធាវី សុក សំអឿន ដែលជាប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា សវនាការរួមគ្នាអាចចំណេញពេលវេលា ក៏ប៉ុន្តែ សវនាការនោះអាចនឹងធ្វើឲ្យប៉ះពាល់តម្លៃយុត្តិធម៌ ៖ «បើរួមគ្នាទាំងអស់តែម្ដង វាមានអវិជ្ជមានត្រង់អ៊ីចេះទេ ។ ឧទាហរណ៍ តុលាការជឿថាអ្នកណាមួយមានទោសអ៊ីចឹងទៅ វាអាចប៉ះពាល់ទៅដល់ជនជាប់ចោទផ្សេងទៀង ។ តែប្រសិនបើ គ្រាន់តែជាការមិនមែនជាការបូកចូលគ្នា តែជាការបូកដូចថា សាក្សីណាដែលដូចគ្នា យើងហៅជនជាប់ចោទទាំង ៤ មកស្ដាប់ អាហ្នឹងជាការចំណេញពេលតុលាការ» ។
សូមជម្រាបថា នៅក្នុងជំនួបប្រជុំជាមួយមិត្តរបស់សាលាក្តីវិសាមញ្ញ កាលពីសប្តាហ៍កន្លងទៅនេះ លោក ស៊ាន វិសុទ្ធ ប្រធានរដ្ឋបាលសាលាក្ដីវិសាមញ្ញ បានថ្លែងថា ដំណើរការស៊ើបអង្កេតករណីអតីតមេគុកទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច រំពឹងថា នឹងអាចបញ្ចប់ជាស្ថារពរនៅចុងខែកក្កដា ខាងមុខនេះ ។
បច្ចុប្បន្ន សាលាក្តីវិសាមញ្ញកំពុងបន្តដោះស្រាយលើបណ្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំរបស់អតីត មេដឹកនាំខ្មែរក្រហមមួយចំនួនទៀត ដែលរួមមានករណីជនជាប់ចោទ អៀង ធីរិទ្ធ និង អៀង សារី ។ ជាមួយគ្នានេះ សាលាក្តីវិសាមញ្ញ ក៏កំពុងបន្តស្វែងរកថវិកាបន្ថែមទៀតក្នុងទឹកប្រាក់ចំនួន ១១៤លានដុល្លារ ដើម្បីបំពេញការងាររហូតដល់ឆ្នាំ២០១១ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សាលដីកាលើបណ្ដឹងសុំនៅក្រៅឃុំរបស់ អៀង ធីរិទ្ធ នឹងត្រូវប្រកាសនៅថ្ងៃ៩កក្កដា
សាយ បូរី លាលែងពីការងារការពារក្ដីឲ្យអតីតមេខ្មែរក្រហម
សាលាក្តីខែ្មរក្រហមមិនទាន់សម្រេចចំពោះបណ្តឹងឧទ្ធរណ៍ករណី អៀង សារី
អៀង សារី ស្នើសុំលើកពេលសវនាការព្រោះបញ្ហាសុខភាព
មេធាវី៖ អៀង សារី ទំនងមិនអាចទ្រាំអង្គុយស្ដាប់សវនាការថ្ងៃ៣០មិថុនាបានទេ
សាលាក្ដីខ្មែរក្រហមបើកសវនាការករណី អៀង សារី នៅថ្ងៃ៣០ មិថុនា
កិច្ចស្វះស្វែងរកថវិកាបន្ថែមសម្រាប់សាលាក្ដីខ្មែរក្រហមមិនទាន់ចប់នៅឡើយ
មន្ត្រីស៊ើបអង្កេតអន្តរជាតិ ៤រូប នៅសាលាក្ដីខ្មែរក្រហមត្រូវបានបញ្ចប់បេសកកម្ម
សង្គមស៊ីវិលអំពាវនាវសុំឲ្យអន្តរជាតិផ្ដល់ថវិកាបន្ថែមដល់សាលាក្ដីខ្មែរក្រហម
ជប៉ុនសម្រេចផ្ដល់ថវិកាជិត៣លានដុល្លារដល់សាលាក្ដីខ្មែរក្រហម