នាយក​រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​មេ​ដឹកនាំ​​អាស៊ាន​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​ដោយ​ខ្លួន​ឯង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា បាន​បើក​កិច្ច​ពិភាក្សា​សំខាន់​មួយ​ជាមួយ​ប្រទេស​ដៃគូ​ចំនួន​៨ និង​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ទៀត ផ្ដោត​លើ​ផែនការ​បង្កើន​កំណើន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅ​តំបន់​អាស៊ាន។

0:00 / 0:00

កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​បិទ​ទ្វារ​ជិត នៅ​គ្រា​ដែល​មេ​ដឹកនាំ​អាស៊ាន និង​មេ​ដឹកនាំ​ប្រទេស​ដៃគូ​ចាប់​ផ្ដើម​ពិភាក្សា។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា បាន​ប្រកាស​ជំរុញ​ឲ្យ​មេ​ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ពង្រឹង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ាន ដោយ​ខ្លួន​ឯង នៅ​គ្រា​ដែល​នៅ​តំបន់​អឺរ៉ុប (EU) និង​សហរដ្ឋ​អាមេរិក (U.S) មិន​ទាន់​បាន​ចាក​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​សាកល​នៅ​ឡើយ ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៅ​តំបន់​នោះ​ស្ថិត​ក្នុង​ស្ថានការណ៍​មិន​ច្បាស់​លាស់។

ប្រទេស​ដៃគូ​សំខាន់​ចំនួន​៨ របស់​អាស៊ាន​ក្នុង​កិច្ច​ពិភាក្សា​នោះ មាន​ដូច​ជា ប្រទេស​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី សហរដ្ឋ​អាមេរិក និង​ប្រទេស​នូវែលហ្សេឡង់ (New Zealand)។

ក្រៅ​ពី​នេះ មាន​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយ​ចំនួន ដូច​ជា ធនាគារ​ពិភពលោក (World Bank) អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) អង្គការ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​បន្ត​វិបត្តិ​សេដ្ឋកិច្ច​នៅ​តំបន់​ប្រទេស​ជឿន​លឿន​នៅ​តំបន់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ឲ្យ​ទីផ្សារ​មូលធន​អន្តរជាតិ ប្រឈម​មុខ​នឹង​ស្ថានការណ៍​អស្ថិរភាព ហើយ​អ្នក​វិនិយោគទុន​មិន​ហ៊ាន​ដាក់​ទុន​វិនិយោគ​នៅ​តំបន់​នោះ៖ «យ៉ាង​ណា​មិញ យើង​ក៏​ទទួល​ស្គាល់​ដែរ​ថា ប្រសិន​បើ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​បន្ត​មាន​ភាព​ទន់ខ្សោយ អាស៊ាន​ច្បាស់​ជា​មិន​អាច​គេច​ផុត​ផល​ពិបាក​នៃ​វិបត្តិ​បាន​រហូត​ទេ»

នៅ​មុន​ការ​ចាប់​ផ្ដើម​កិច្ច​ពិភាក្សា​នោះ អគ្គលេខាធិការ​អាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ (Surin Pit suwan) បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​វិមាន​សន្តិភាព​ថា យើង​កំពុង​តែ​ពេញ​ចិត្ត​ជាមួយ​នឹង​យុទ្ធសាស្ត្រ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដោយ​ខ្លួន​យើង​ក្នុង​ប្រឈម​មុខ​វិបត្តិ​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​១៩៩៧ កន្លង​មក។ ប៉ុន្តែ​យើង​បាន​កែទម្រង់ ដោយ​បាន​បង្កើត​ស្ថាប័ន​នៃ​រដ្ឋាភិបាល​ល្អៗ និង​មាន​អភិបាល​កិច្ច​ល្អ​កន្លង​មក៖ «សេដ្ឋកិច្ច​របស់​អាស៊ាន​យើង​មាន​កំណើន​យឺតៗ​កន្លង​មក និង​បាន​រង​ផល​ប៉ះពាល់​កន្លង​មក​នៅ​គ្រា​ដែល​សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប និង​តំបន់​អាមេរិក​ខាង​ជើង មិន​បាន​ទាន់​បាន​ងើប​ឡើង​វិញ​នោះ ប៉ុន្តែ​យើង​រក្សា​លំនឹង​សេដ្ឋកិច្ច​ដោយ​ខ្លួន​ឯង»

កិច្ច​ប្រជុំ​ស្ដីពី​គំនិត​ផ្ដួចផ្ដើម​នៅ​ឈាងម៉ៃ ប្រទេស​ថៃ (Chaing Mai Initiative) កាល​ពី​ឆ្នាំ​២០០០ កន្លង​មក បាន​សម្រេច​បង្កើន​ថវិកា​អាស៊ាន​ពី​ចំនួន ១៤០​ពាន់​លាន​ដុល្លារ​អាមេរិក ដល់​ចំនួន ២៤០​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់​ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន​នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។