ទស្សនៈ​នានា​ជុំវិញ​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​ដូចជា​ប្រជាពលរដ្ឋ​បាន​មាន​ប្រតិកម្ម​ភា្លមៗ​បន្ទាប់​ពី​សភា​ជាតិ​បាន​បើក​​កិច្ច​ប្រជុំ​បោះឆ្នោត​លើក​អភ័យ​ឯក​សិទ្ធិ​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​១៦ វិច្ឆិកា ដោយ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ​និង​ធ្វើ​ឲ្យ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចុះ​ខ្សោយ។

0:00 / 0:00

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​និង​ជា​សកម្មជន​ព្រំដែន​ផង​នោះ បាន​លើក​ឡើង​ថា នេះ​ជា​រឿង​នយោបាយ​ហើយ​ក៏​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ផង​ដែរ​ថា កម្ពុជា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​វៀតណាម ព្រោះ​បន្ទាប់​ពី​គណៈប្រតិភូ​ជាន់​ខ្ពស់​វៀតណាម​មក​​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ ស្រាប់តែ​មាន​ករណី​ដក​អភ័យ​ឯក​សិទ្ធិ​នេះ​កើត​ឡើង។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ដូច្នេះ ៖ «មិន​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​បែរ​ជា​នាំ​គ្នា​មក​ដាក់​បន្ទុក​លើ​លោក សម រង្ស៊ី វា​ជា​អំពើ​អយុត្តិធម៌​មួយ។ ទង្វើ​នេះ​យើង​មើល​ឃើញ​ថា ជា​ការ​ធ្វើ​ផ្គាប់​ចិត្ត​ប្រទេស​ជិត​ខាង ហើយ​យើង​ក្នុង​នាម​ជា​រដ្ឋ​ឯករាជ​មួយ យើង​មិន​ត្រូវ​ទទួល​ឥទ្ធិពល​នយោបាយ​ពី​ប្រទេស​ជិត​ខាង ហើយ​មក​ដាក់​បន្ទុក​លើ​ប្រជារាស្រ្ត លើ​អ្នក​តំណាងរាស្រ្ត​របស់​ខ្លួន​ឯង​នោះ​ទេ»

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ​ជុំវិញ​នឹង​ការ​លើក​អភ័យ​ឯកសិទ្ធិ​លោក សម រង្ស៊ី នេះ ប៉ុន្តែ​វា​ឆ្លុះ​បញ្ចំាង​ម្តង​ទៀត​អំពី​ការ​ដឹកនាំ​ប្រទេស​តាម​របប​ផ្តាច់​ការ​របស់​រដ្ឋាភិបាល។

លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ៖ «ប្រទេស​យើង​គឺ​នៅ​ចូលចិត្ត​ប្រើ​នូវ​អំណាច​បង្ខំ​អំណាច​ផ្តាច់ការ​មួយ​ចូល​ចិត្ត​ធ្វើ​ម៉េច​គំរាម​កំហែង​អ្នក​ដទៃ ជាពិសេស​គណបក្ស​ប្រឆាំង​។ នៅ​ក្នុង​ករណី​នេះ​ខ្ញុំ​មើល​ទៅ​រឿង​ហ្នឹង​វា​មិន​ត្រូវ វា​អត់​ទៅ​ជា​រឿង​ធំ​ដល់​ថ្នាក់​ហ្នឹង​ទេ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​គណបក្ស​ប្រជាជន​បែរ​ជា​ចង់​ឆ្លុះ​បញ្ចាំង​កម្លាំង​របស់​ខ្លួន​ហ្នឹង»

សភា​បាន​បោះ​ឆ្នោត​លើក​អភ័យ​ឯក​សិទ្ធិ​លោក សម រង្ស៊ី អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់ចាម បាន​ធ្វើ​ទ្បើង​ដោយ​សំឡេង​ឯកច្ឆន្ទ គឺ​៨៧​លើ​៨៧​សំឡេង​នៅ​ក្នុង​ចំណោម​តំណាង​រាស្រ្ត​ដែល​បាន​ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆកា។ ក្រុម​អ្នក​កាសែត​នានា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សភា​ជាតិ​ ដើម្បី​តាម​ដាន​ការ​បោះ​ឆ្នោត​នោះ​ទេ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​គេ​សង្កេត​ឃើញ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី​បាន​ធ្វើ​ពហិការ​មិន​ ចូល​រួម​ក្នុង​ការ​ប្រជុំ​សភា​នោះ​ទេ ដោយ​ពួកគេ​បាន​ឈរ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ហើយ​បាន​ធ្វើ​សេចក្តី​ ថ្លែង​ការណ៍​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​បោះ​ឆ្នោត​លើក​អភ័យ​ឯក​សិទ្ធិ​លោក សម រង្ស៊ី នេះ។

លោក យឹម សុវណ្ណ មន្រ្តី​នាំ​ពាក្យ​គណបក្ស​ជំទាស់​និង​ជា​អ្នក​តំណាងរាស្រ្ត​ផង​នោះ បាន​បញ្ជាក់​ថា ការ​លើក​អភ័យ​ឯក​សិទ្ធិ​លោក សម រង្ស៊ី ពេលនេះ គឺ​ជា​វិធាន​ការ​មួយ​រំលោភ​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

លោក យឹម សុវណ្ណ បញ្ជាក់​ដូច្នេះ ៖ «នឹង​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​កម្ពុជា​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​នូវ​បទ​បញ្ជា​របស់​រដ្ឋាភិបាល​វៀតណាម។ កាល​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០០៩ នាយករដ្ឋមន្រ្តី​វៀតណាម ង្វៀន តាន់​យុង (Nguyen Tan Dung) បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ចំពោះ​សកម្មភាព​អ្នក​តំណាងរាស្រ្ត​សម​រង្ស៊ី​ទាក់ទង​នឹង​បញ្ហា​បោះ​បង្គោល​តម្រុយ​ព្រំដែន​ដែល​បាន​បោះ​លើ​ដី​កសិករ​ខ្មែរ ហើយ​បាន​និយាយ​ទៀត​ថា មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ករណី​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​ទេ»

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋ​សភា និង​ជា​មន្រ្តី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គណៈកម្មការ​នៃ​រដ្ឋសភា​បាន​សម្រេច​ដក​អភ័យ​​ឯក​សិទ្ធិ​លោក សម រង្ស៊ី គឺ​យោង​តាម​សំណើ​របស់​តុលាការ​ខែត្រ​ស្វាយរៀង តាម​រយៈ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ក្រោយ​ពី​លោក សម រង្ស៊ី បាន​ដក​បង្គោល​ខណ្ឌ​សីមា​ខែត្រ​ស្វាយរៀង កាល​ពី​ខែ​តុលា។

បណ្តា​អង្គការ​សង្គម​ស៊ីវិល​ក៏​ដូចជា​ប្រជាពល​រដ្ឋ​បាន​លើក​ឡើង​ដូចគ្នា​ថា សភា​បាន​បោះឆ្នោត​លើក​ អភ័យ​ឯក​សិទ្ធិ​លោក សម រង្ស៊ី នេះ បាន​ឆ្លុះ​បញ្ចំាង​ឲ្យ​ឃើញ​អំពី​តម្លៃ​នៃ​អភ័យ​ឯក​សិទ្ធិ​មាន​ការធ្លាក់​ចុះ ហើយ​និង​ជា​ការ​បង្ហាញ​អំពី​ការ​គាប​សង្កត់​របស់​គណបក្ស​កាន់​អំណាច​ដែល​មាន​សមាសភាព​ច្រើន​នៅ​ក្នុង​រដ្ឋសភា​មក​លើ​គណបក្ស​ប្រឆាំង​ផង​ដែរ។

បណ្តា​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការ​ខកចិត្ត​ចំពោះ​សភា​ដែល​បាន​បោះឆ្នោត​​លើក​អភ័យ​ឯកសិទ្ធិ​លោក សម រង្ស៊ី ដូច្នេះ ៖ «ការ​ដក​នេះ​គឺ​វា​អត់​ត្រឹមត្រូវ​ទេ ព្រោះ​គាត់​ធ្វើ​ដើម្បី​ខ្មែរ​មិនមែន​បម្រើ​ខួរក្បាល​យួន​ឯណា។ ខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់​។ ខ្ញុំ​ប្រជាជន អ៊ីចឹ​ខ្ញុំ​មាន​ឆន្ទៈ​មក​នេះ​ដើម្បី​គោលបំណង​ទាមទារ​មិន​ឲ្យ​រដ្ឋាភិបាល​ដក​អភ័យ​ឯកសិទ្ធិ សម រង្ស៊ី ចោល​ទេ»

និស្សិត​មួយ​រូប​ឈ្មោះ សារ៉ាវុធ បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការ​ដក​ អភ័យ​ឯក​សិទ្ធិ​លោក សម រង្ស៊ី ដោយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ក៏​ដូចជា​គណៈកម្មការ​សភា​គួរ​តែ​ចុះ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់លាស់​ជា​មុន​សិន។

លោក សារ៉ាវុធ មាន​ប្រសាសន៍​ដូច្នេះ ៖ «ព្រោះ​ធ្វើ​អី​មួយ​យើង​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​សិន​កុំ​ចេះ​តែ​ដក​​ចេះ​តែ​ចោទ​អ៊ីចឹង ក្រែងលោ​គាត់​ដក​ហ្នឹង​ប្រហែល​ជា​គាត់​ត្រូវ​អី​ដែរ អ៊ីចឹង​ទាល់​តែ​សិក្សា​រឿងរ៉ាវ​ហ្នឹង​ឲ្យ​បាន​យូរ​បន្តិច»

ប្រជាពលរដ្ឋ​នៅ​ខែត្រ​សៀមរាប ឈ្មោះ ស៊ីម សុភ័ណ ក៏​បាន​លើក​ឡើង​អំពី​រដ្ឋាភិបាល ឬ​សភា​គួរ​តែ​ចុះ​ពិនិត្យ​នៅ​ព្រំដែន​ប៉ែក​ខាង​កើត​នោះ ឲ្យ​បាន​ច្បាស់​ផង​ដែរ ដោយ​គ្មាន​កងកម្លាំង​ការពារ​ដូច​ព្រំដែន​ប៉ែក​ខាង​លិច​ទេ​នោះ។

លោក ស៊ីម សុភ័ណ បាន​លើក​ឡើង​ដូច្នេះ ៖ «ខ្ញុំ​សំណូមពរ​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​កុំ​ឲ្យ​មាន​បញ្ហា​នៅ​កន្លែង​ដែល​លោក សម រង្ស៊ី ដក​បង្គោល​ព្រំដែន​ហ្នឹង សូម​ឲ្យ​សភាជាតិ​យើង​ទាំង​មូល​នោះ ហើយ​ប្រមុខ​រដ្ឋាភិបាល​ហ្នឹង សូម​ឲ្យ​លោក​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​មើល តើ​ការ​បោះបង្គោល​ហ្នឹង​ចូល​ទៅ​លើ​ដី​ស្រែ​របស់​គាត់​ពិត​ប្រាកដ​មែន​ឬ​យ៉ាង​ណា?»

លោក ជាម យៀប បាន​បញ្ជាក់​អំពី​បញ្ហា​នេះ​ដូច្នេះ ៖ «វា​មិនមែន​ជា​ភារកិច្ច​របស់​រដ្ឋសភា​អី​ទេ នៅ​កម្ពុជា រាជ​រដ្ឋាភិបាល​អ្នក​ទទួល​ខុស​និង​ត្រូវ​ចំពោះ​មុខ​ច្បាប់ ចំពោះ​មុខ​ច្បាប់​មាន​ន័យ​ថា ចំពោះ​មុខ​រដ្ឋ​សភា ពីព្រោះ​រដ្ឋសភា​អ្នក​បង្កើត​គាត់​ឡើង ដល់​អ៊ីចឹង​ទេ​គឺ​ថា អ្វីៗ​គាត់​ទទួល​ខុស​ត្រូវ។ សភា​មាន​អ្នក​បច្ចេកទេស​ឯណា​ទៅ​វាស់​វែង​ឯណា»

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ពន្យល់​ថា តំណាងរាស្រ្ត​គ្រប់​គណបក្ស​ទាំង​អស់ ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ដែល​មាន​តួនាទី​ការពារ​ផល​ប្រយោជន៍​រួម និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ។

លោក កឹម សុខា ពន្យល់​ដូច្នេះ ៖ «ខ្ញុំ​គិត​ថា គំរាម​កំហែង​ផ្ទៃ​ក្នុង​ដើម្បី​ឲ្យ​សកម្មភាព​របស់​អ្នក​ស្នេហា​ជាតិ​ហ្នឹង​កុំ​ឲ្យ​លើក​ពី​រឿង​បញ្ហា​អី​ដែល​រដ្ឋាភិបាល​គាត់​មិន​ចង់​ឲ្យ​លើក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដឹង ខ្លាច​បាត់​ប្រជាប្រិយភាព​របស់​ខ្លួន»

តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា គេ​កត់​សម្គាល់​ឃើញ​ថា នា​ពេល​កន្លង​មក​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​តែង​តែ​ត្រូវ​បាន​សភា​ជាតិ​ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​កាន់​អំណាច​មាន​ច្រើន​រហូត​ ដល់​២​ភាគ​៣​នោះ គឺ​បាន​ធ្វើ​ការ​ប្រជុំ​លើក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​ជា​ហូរហែ នៅ​គ្រា​ដែល​តំណាងរាស្រ្ត​ទាំង​នោះ​បាន​បញ្ចេញ​មតិ​ប៉ះពាល់​ទៅ​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ក៏​ដូចជា​អំពី​ការ​រំលោភ​ឈ្លាន​ព្រំដែន​ពី​ប្រទេស​ជិត​ខាង ពិសេស​គឺ​ប្រទេស​ប៉ែក​ខាង​កើត។

មក​ទល់​ពេល​នេះ​លោក សម រង្ស៊ី កំពុង​រស់​នៅ​ប្រទេស​បារាំង ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ពេលណា​នៅ​ឡើយ​ទេ៕