ពលរដ្ឋ​​ទាមទារ​ការ​អនុវត្ត​គោលការណ៍​​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់

ពលរដ្ឋ​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ច្បាប់ បាន​ហៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ថា មិន​បាន​អនុវត្ត​អោយ​ស្មើ​ភាព​គ្នា​រវាង​អ្នក​ក្រីក្រ និង​អ្នក​មាន​អំណាច​នោះ​ទេ។

0:00 / 0:00

ការ​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​មាន​ការ​បាញ់​រះ​ទៅ​លើ​ហ្វូង​កូដករ ដែល​ទាមទារ​ដំឡើង​ថ្លៃ​បាយ និង​ថ្លៃ​ធ្វើ​ដំណើរ​របស់​កម្មករ​រោងចក្រ​នានា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត កាល​ពី​ថ្ងែ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។ ករណី​នេះ​​បាន​បង្ក​អោយ​កម្មការិនី ៣​នាក់ រង​របួស ហើយ​រហូត​មកដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ចាប់​ជន​ប្រព្រឹត្ត​ដែល​គេសង្ស័យ​ថា ជា​អតីត​អភិបាល​ក្រុង​បាវិត នោះ​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

ពលរដ្ឋ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​ការ​ការ​តវ៉ា​ការពារ​ផ្ទះ​សម្បែង និង​ដី​ធ្លី បាន​លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​លើ​ពលរដ្ឋ​ក្រីក្រ និង​អ្នក​មាន​អំណាច​មាន​ភាព​ផ្ទុយ​ស្រឡះ ដូចជា​ករណី​បាញ់​កម្មករ​នៅ​ក្រុង​បាវិត នោះ​ជាដើម។

ខុស​គ្នា​ត្រង់​ថា ពេល​កើត​មាន​អំពើ​ហិង្សា​ក្នុង​ហ្វូង​បាតុកម្ម​ក្ដី ឬ​កូដកម្ម​ក្ដី ពលរដ្ឋ​ក្រី​ក្រ​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ភ្លាមៗ​ទោះ​ត្រូវ​ក្ដី ឬ​ខុស​ក្ដី។ ប៉ុន្តែ​បើ​អ្នក​មាន​អំណាច​វិញ ទោះ​បី​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ដោយ​ខុស​ច្បាប់​យ៉ាង​ណា​ក្ដី គឺ​ពុំ​មាន​ការ​ចាប់​ខ្លួន​ភ្លាមៗ​ឡើយ។ ពួកគេ​ចាត់​ទុក​ទង្វើ​បែប​នេះ​ថា ជា​ភាព​អយុត្តិធម៌​ដែល​កើត​មាន​ជា​រឿយៗ​ក្នុង​សង្គម។

លោក ស៊ឹម លាប ជា​តំណាង​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ជី​ក្រែង ស្រុក​ជី​ក្រែង ខេត្ត​សៀមរាប។ លោក​ធ្លាប់​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល ២​ឆ្នាំ ដោយសារ​ជម្លោះ​ដណ្តើម​ដី​ស្រែ​ប្រាំង​នៅ​ក្នុង​ឃុំ។

លោក ស៊ឹម លាប បន្ត​ថា អស់​រយៈ​ពេល ២​ឆ្នាំ​នៃ​ការ​ជាប់​ឃុំ តុលាការ​គ្រប់​ជាន់​ថ្នាក់​មិន​បាន​រក​ឃើញ​ទោស​កំហុស​ណា​មួយ​ប្រឆាំង​រូប​លោក​ឡើយ។ លោក​ថា លោក​ហួស​ចិត្ត​នឹង​និយាយ​ពី​កិច្ចការ​របស់​តុលាការ​នៅ​ស្រុក​ខ្មែរ៖ «យើង​ចង់​បាន​សេរីភាព ហើយ​អោយ​វា​សម​ស្រប​នឹង​ច្បាប់​ដែល​គេ​ហៅ​ថា ជា​អំណាច​លទ្ធិប្រជាធិបតេយ្យ។ ហើយ​ខ្ញុំ​និយាយ​ទៅ​ដូច​ជា​កាត់​កន្ទុយ​បញ្ចុក​មាត់ អាជ្ញា​សឹក​ទាំង​អស់។ វា​ដូច​ទៅ​នឹង​របប ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ យើង​កំពុង​តែ​ស្អប់​របប​នេះ​ឯង​ហើយ​រាល់ៗ​រូប។ ខ្ញុំ​មិន​គួរ​នឹង​និយាយ និង​មិន​ដឹង​និយាយ​ថា​ម៉េច វា​ហួស​នឹង​និយាយ»

ចំណែក​លោក ពុត សាមាន ជា​ពលរដ្ឋ​នៅ​បុរី​កីឡា​កណ្ដាល​រាជធានី​ភ្នំពេញ ដែល​កំពុង​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច​នោះ បាន​លើក​ឡើង​ដែរ​ថា ជា​រឿយៗ នៅ​ពេល​អ្នក​មាន​ប្រាក់​មាន​អំណាច​ប្រព្រឹត្ត​ល្មើស អាជ្ញាធរ​ហាក់​មិនសូវ​ហ៊ាន​ចាត់​វិធានការ​តាម​ច្បាប់​ឡើយ៖ «បើ​និយាយ​ទៅ​វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ណាស់ ប៉ុន្តែ​ថា យើង​ជា​រាស្រ្ត​​សាមញ្ញ មិន​ដូច​គេ​មាន​លុយ​មាន​អំណាច។ គេ​មាន​អំណាច ដូចជា​ពិបាក... និយាយ​អោយ​ត្រង់​ទៅ ប្រហែល​គេ​មិនហ៊ាន​ធ្វើ គេ​ធ្វើ​បាន​តែ​រាស្រ្ត​ក្រីក្រ​តូច​ទាប។ ចង់​អោយ​គេ​ផ្លាស់ប្តូរ​អោយ​គោរព​ច្បាប់​ទាំង​អស់​គ្នា អ្នក​តូច អ្នក​ធំធ្វើ​ខុស​ត្រូវ​មាន​ទោស​ភ្លាមៗ​ដូច​គ្នា»

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១២ ដោយ​ជំរុញ​អោយ​អាជ្ញាធរ​ផ្ដន្ទា​ទោស​ជន​ល្មើស​ដែល​បាញ់​រះ​លើ​កម្មករ។ ពួកគេ​ទាមទារ​អោយ​អាជ្ញាធរ​អនុវត្ត​គោលការណ៍​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ដូច​ដែល​ធានា​ក្នុង​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ។

អ្នកស្រី ធីតា ឃិះ នាយក​ប្រតិបត្តិ​អង្គការ​សីលការ មាន​ប្រសាសន៍​ថា ជន​ល្មើស​គួរ​ត្រូវ​ចាប់​ខ្លួន បើ​ពុំ​នោះ​សោត នឹង​ក្លាយ​ជា​គំរូ​អាក្រក់​សម្រាប់​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន៖ «បើ​សិន​ណា​គេ​មិន​អនុវត្ត​ច្បាប់​ភ្លា​ទេ ការ​គោរព​របស់​ពលរដ្ឋ​ចំពោះ​ស្ថាប័នរដ្ឋ​អាច​មាន​បញ្ហា ធ្វើ​អោយ​ប៉ះពាល់​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច»

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាន​ចូល​ទៅ​​បំភ្លឺ​ដោយ​ស្ងាត់ៗ នៅ​តុលាការ​​​​ខេត្ត​ស្វាយរៀង គឺ​នៅ​មួយ​ថ្ងៃ​មុន​​ការ​កំណត់។ ប៉ុន្តែ​​​​តែ​​តុលាការ​​មិន​​​​បាន​ឃុំ​ខ្លួន​មន្ត្រី​មាន​អំណាច​រូប​នោះ​ឡើយ។ ករណី​នេះ​បាន​បង្កើត​អោយ​មាន​ចម្ងល់​ជា​ច្រើន​ក្នុង​រង្វង់​សាធារណជន និង​អ្នក​ឃ្លាំ​មើល​​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។

ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ស្វាយ​រៀង លោក ហ៊ឹង ប៊ុនជា មិន​អធិប្បាយ​​ឆ្លើយ​តប​នឹង​ចម្ងល់​នេះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​បាន​ធ្វើ​តាម​នីតិ​វិធី។ លោក​ក៏​បាន​បដិសេធ​ព័ត៌មាន​ដែល​ថា លោក ឈូក បណ្ឌិត បាន​សារភាព​ថា បាន​បាញ់​រះ​លើ​ក្រុម​កម្មករ។

បើ​ទោះ​ជា​បែប​ណា លោក ហ៊ីង ប៊ុន​ជា អះអាង​ថា លោក​នៅ​មិន​ទាន់​កំណត់​បទ​ចោទ​ទៅ​លើ​ជន​សង្ស័យ គឺ​លោក ឈូក បណ្ឌិត ឡើយ ដោយ​ត្រូវ​រង់ចាំ​ការ​ស៊ើបសួរ​បន្ថែម​ទៀត៖ «ដោយសារ​ការងារ​ស៊ើប​អង្កេត​ហ្នឹង​វា​នៅ​ស្មុគស្មាញ​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​បញ្ជាក់​របស់​ជន​រងគ្រោះ ហើយ​សាក្សី​មួយ​ចំនួន​ទៀត ដែល​នេះ​ខ្ញុំ​សុំ​មិន​និយាយ ចង់​ចាំ​បន្តិច​ទៀត»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១២ កម្មការិនី ២​នាក់ ក្នុង​ចំណោម ៣​នាក់ ដែល​របួស​ដោយសារ​ការ​បាញ់​រះ​ក្នុង​ពេល​តវ៉ា​នៅ​រោងចក្រ​កៅវ៉េ ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង បាន​ប្ដឹង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ទៅ​តុលាការ​ខេត្ត​ស្វាយរៀង ពី​បទ​មនុស្ស​ឃាត។

លោក​មេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា។ លោក​ថា ជា​ញឹក​ញយ​ការ​ពន្យារ​ពេល​ក្នុង​ការ​ចោទ​ប្រកាន់ គឺ​អាជ្ញាធរ​ព្យាយាម​ផ្លាស់​ប្ដូរ​បទ​ចោទ។ ក្នុង​នោះ​បទ​ចោទ​មនុស្ស​ឃាត​តែង​ត្រូវ​ប្ដូរ​ទៅ​ជា​បទ​បង្ក​របួស​ស្នាម។ បើ​ទោះ​ជា​យ៉ាង​ណា លោក​ថា ករណី​បាញ់​រះ​លើ​កម្មករ​នេះ​គួរ​តែ​ត្រូវ​ឃុំ​ខ្លួន​ជន​ល្មើស​ជា​មុន​សិន ទើប​ធ្វើការ​ស៊ើប​អង្កេត​ជា​ក្រោយ។

លោក សុក សំអឿន៖ «ធម្មតា​បើ​សិន​អត់​ឃុំ​អ៊ីចឹង​ច្រើន​តែ​ទោស​ស្រាល។ ជួន​កាល​ព្រះរាជអាជ្ញា​ច្រើន​ទាញ​ថា ជា​បទ​បង្ក​របួស​ស្នាម។ ប៉ុន្តែ​ចំណុច​មួយ​ត្រង់​អ៊ីចេះ បាញ់​ចំ​ដើម​ទ្រូង​មែន? ធ្លុះ​ទៅ​ក្រោយ​ទៀត បើ​អ៊ីចឹង​មិន​អាច​ជា​បទហិង្សា​បាន​ទេ ធ្លុះ​សួត​ហើយ​នោះ។ តាម​ពិត​បើ​បាញ់​ពី​ក្រោយ​អ៊ីចឹង ត្រូវ​ដាក់​គុក​តាំង​ពី​យូរ​ហើយ។ ដូច​ថា​មិន​ចង់​លើក​ទឹក​ចិត្ត​អោយ​ចៅក្រម​អនុវត្ត​ច្បាប់​នីតិ​វិធី​ដោយ​តឹងតែង​ទេ ក៏​ប៉ុន្តែ​ត្រូវ​ស្មើ​ភាព​គ្នា។ តែ​មិន​មែន​ស្មើភាព​ថា អ្នក​មុន​ធ្ងន់​ម៉េច​ក៏​អ្នក​ក្រោយ​ស្រាល។ បើ​សិន​ក្នុង​ច្បាប់​អាច​ដាក់​ស្រាល​បាន អូខេ យក​អាស្រាល។ តែ​អ្នក​ក្រ អ្នក​មាន ​អ្នក​ធំ​ អ្នក​តូច​ត្រូវ​ស្រាល​ដូច​គ្នា»

នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថ្មី បទ​មនុស្ស​ឃាត ឬ​បទ​ឃាតកម្ម​ស្មើ​មនុស្ស​ឃាត​ដោយ​ចេតនា ជន​ល្មើស​អាច​ជាប់​ពន្ធនាគារ​ពី ១០ ទៅ ១៥​ឆ្នាំ ចំណែក​ឯ​បទ​ចោទ​ពី​អំពើ​ហិង្សា គឺ​ការ​បង្ក​របួស​ស្នាម​អាច​​មាន​ទោស​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈូក បណ្ឌិត និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ អោយ​​ដឹង​​​​​ថា អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ ជា​អ្នក​ដែល​ស្និទ្ធ​​នឹង​​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា មាន​ឋានៈ​ជា​ឧបនាយក​​រដ្ឋមន្ត្រី​​ម្នាក់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។