ពលរដ្ឋ​ខ្មែរ​ខ្លះ​អបអរ​សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ

ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បា​ន​អបអរ​សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ តែ​ក៏​មាន​អ្នក​មិន​សប្បាយ​ចិត្ត​ដែរ។

ក្នុង​អំឡុង​ពេល​ប្រមាណ​មួយ​សប្ដាហ៍​មុន​តុលាការ​យុត្តិធម៌​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន បាន​យក​ចិត្ត​ទុកដាក់​តាមដាន​ព័ត៌មាន ចង់​ដឹង​ចង់​ឮ​អំពី​លទ្ធផល​ចុង​ក្រោយ​ទាក់ទង​នឹង​រឿង​ប្រាសាទ​ព្រះវិហារ។

ក្នុង​ចំណោម​អ្នក​តាមដាន​ព័ត៌មាន​ភាគ​ច្រើន​បាន​សម្ដែង​សេចក្ដី​ពេញ​ចិត្ត​បន្ទាប់​ពី​តុលាការ​បាន​ច្រានចោល​ជា​ឯកច្ឆន្ទ​នូវ​សំណើ​របស់​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ ដែល​បាន​ស្នើ​សុំ​ដក​សំណើ​របស់​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១១ ចេញ​ពី​របៀប​វារៈ​រួម​របស់​តុលាការ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម លោក ហ៊ុន សេង អាយុ ៦៥ ឆ្នាំ ថ្លែង​ថា លោក​បាន​តាមដាន​ព័ត៌មាន​ជាប់​រហូត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ហើយ​លោក​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។

លោក ហ៊ុន សេង ៖ «តុលាការ​នេះ​កាត់​ឲ្យ​ខ្មែរ​យើង​ឈ្នះ​ក្នុង​ក្ដី​ហ្នឹង បាទ​ឲ្យ​ខ្មែរ​យើង​យុត្តិធម៌​តើ។ ដូច​ថា​តំបន់​ស​ហ្នឹង​វា​មិន​ទាន់​កំណត់ អ៊ីចឹង​វា​ប្រាកដ​ត្រង់​ណា​ជា​ខាង​ណា អ៊ីចឹង​គេ​ចង់​ដូច​ថា កសាង​កន្លែង​ទឹក​ដី​ហ្នឹង​ឲ្យ​វា​មាន​ព្រំដែន​ច្បាស់លាស់​ទៅ​ណា៎ គេ​ឲ្យ​យើង​ថយ​សិន»។

ស្ត្រី​វ័យ ៦០ ឆ្នាំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់​នៅ​រាជធានី​ភ្នំពេញ អះអាង​ថា រូប​គាត់​មានការ​ខ្វល់ខ្វាយ​ចង់​ដឹង​ព័ត៌មាន​អំពី​រឿង​ប្រាសាទ​ព្រះវិហារ ហើយ​គាត់​ក៏​មាន​សេចក្ដី​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​ដែរ ៖ «តាមដាន​រហូត​ចា៎ តាមដាន​រហូត សូម្បី​តែ​បងប្អូន​ខ្ញុំ​នៅ​អាមេរិក​ក៏​អ៊ីចឹង​ដែរ។ តេ (ហៅ​ទូរស័ព្ទ) មក ម៉េច​ទៅ​ចែ ព័ត៌មាន​យ៉ាង​ម៉េច អី​យ៉ាង​ម៉េច​អ៊ីចឹង​ណា៎! ចេះ​តែ​តាមដាន​រហូត​អ៊ីចឹង​ទៅ ហើយ​ខ្ញុំ​ក៏​អ៊ីចឹង ព័ត៌មាន​ឲ្យ​តែ​ព័ត៌មាន​អន្តរជាតិ គឺ​ខ្ញុំ​ត្រូវ​ស្ដាប់​រហូត។ ម៉ោង ៧ យប់​ហ្នឹង​គឺ​គ្រប់​ប៉ុស្តិ៍​ហើយ​មិន​អ៊ីចឹង? ខ្ញុំ​ស្ដាប់​គ្រប់​ប៉ុស្តិ៍​ទាំង​អស់។ មើល​គ្រប់​ប៉ុស្តិ៍​ទាំង​អស់​ចា៎ ឲ្យ​វា​ច្បាស់ ប៉ុស្តិ៍​មួយ​ចប់​បើក​ប៉ុស្តិ៍​មួយ​ទៀត ទូរទស្សន៍​មួយ​ទៀត ប៉ុស្តិ៍​មួយ​ទៀត​ទៅ»។

ប៉ុន្តែ បុរស​វ័យ​៦៣​ឆ្នាំ ជា​អាជីវករ​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​នោះ មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​មិន​បាន​ធ្វើ​គាត់​សប្បាយ​ចិត្ត​ប៉ុន្មាន​ឡើយ ៖ «គឺ​យើង​ជា​ប្រជាជន​យើង​ពេញ​ចិត្ត​ដែរ​ប៉ុន្តែ​ពេញ​ចិត្ត​មិន​អស់​ពី​ក្នុង​ពោះ​ទេ​ដោយសារ​តុលាការ​កាត់​ឲ្យ​ទ័ព​ដក​ទាំង​សងខាង បើ​កាត់​ឲ្យ​តែ​សៀម​ដក យើង​កុំ​ដក​យើង​នៅ​ការពារ​ជា​របស់​យើង​អា​ហ្នឹង​ដូច​ពេញ​ចិត្ត​ជាង។ មិនទាន់​យុត្តិធម៌​មែន​ទែន​នោះ​ទេ​ណា៎ ចំពោះ​ទឹក​ចិត្ត​យើង​ជា​ខ្មែរ​ដែល​យើង​ស្រឡាញ់​ទឹកដី​យើង​នោះ ប៉ុន្តែ​បាន​មួយ​ផ្នែក​តូច​មួយ​ត្រង់​ថា តុលាការ​អន្តរជាតិ​យក​ចិត្ត​ទុកដាក់​មិន​ឲ្យ​សៀម​ឈ្លានពាន​តទៅ​ទៀត»។

អាណិកជន​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក លោក ហេង សេដ្ឋា ក៏​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​សម្រេច​នេះ​ដែរ ៖ «ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ ខ្ញុំ​យល់​ឃើញ​ថា ភាព​កាត់​សេចក្ដី​នៅ​តុលាការ​ទីក្រុង​ឡាអេ​នា​ពេល​នេះ​មាន​ភាព​អយុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​ខ្មែរ​គឺ​ជា​ប្រទេស​ដែល​រងគ្រោះ​អំពី​ការ​ឈ្លានពាន​របស់​បរទេស មាន​ប្រទេស​សៀម ដូច្នេះ​គេ​គួរ​តែ​ឲ្យ​ប្រទេស​សៀម​ជា​អ្នក​ដក​ទាហាន​ចេញ​ពី​តំបន់​ជម្លោះ​ដែល​គេ​ចូល​ឈ្លានពាន​ទឹកដី​ខ្មែរ​នោះ​ទៅ​វិញ​ទេ។ ខ្មែរ​គ្រាន់​តែ​ជា​អ្នក​រងគ្រោះ ហើយ​គ្រាន់​ជា​អ្នក​ការពារ​នូវ​ស្វយ័ត​របស់​ខ្លួន​តែ​ប៉ុណ្ណឹង​ឯង»។

មន្ត្រី​នៃ​ក្រសួង​សុខាភិបាល និង​ជា​សិក្ខាកាម​វគ្គ​វិក្រិតការ​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល លោក លឹម បូថុន សម្ដែង​នូវ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ ៖ «ខ្ញុំ​ដូច​ជា​មិន​ពេញ​ចិត្ត​ទេ ព្រោះ​អី​ឲ្យ​ដក​ទាំង​សងខាង​អ៊ីចឹង។ បើ​ដក​តែ​ថៃ​ខ្ញុំ​ត្រេកអរ​និង​ឯកភាព​ទាំង​ស្រុង​ដោយសារ​ថៃ​វា​រំលោភ​ទឹកដី​ខ្មែរ​ស្រាប់​ហើយ»។​

ក្នុង​សេចក្ដី​សម្រេច​នេះ​ដែរ តុលាការ​បាន​ចង្អុល​នូវ​វិធានការ​បណ្ដោះអាសន្ន​មួយ​ចំនួន ដោយ​សំឡេង ១១ ទល់​នឹង ៥ គឺ​ភាគី​ទាំង​ពីរ​ត្រូវ​ដក​ជា​បន្ទាន់​នូវ​បុគ្គលិក​យោធា ដែល​មាន​វត្តមាន​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​តំបន់​គ្មាន​យោធា​ជា​បណ្ដោះ​អាសន្ន និង​ទប់​ស្កាត់​មិន​ឲ្យ​មាន​វត្តមាន​យោធា​ក្នុង​តំបន់​នោះ និង​មិន​ឲ្យ​មាន​សកម្មភាព​ប្រដាប់​អាវុធ​ណា​មួយ​តម្រង់​ទៅ​កាន់​តំបន់​នោះ​ឡើយ។

តុលាការ​បាន​សម្រេច​ដោយ​សំឡេង ១៥ ទល់​នឹង ១ គឺ​ប្រទេស​ថៃ​មិន​ត្រូវ​រារាំង​ការ​ចេញចូល​ដោយសេរី​របស់​កម្ពុជា​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ ឬ​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ចំពោះ​បុគ្គលិក​ដែល​មិនមែន​យោធា​នៅ​ក្នុង​ប្រាសាទ​ឡើយ។

តុលាការ​បាន​សម្រេច​ដោយ​សំឡេង ១៥ ទល់​នឹង ១ តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​បន្ត​កិច្ច​​សហប្រតិបត្តិការ​ដែល​គេ​បាន​ព្រមព្រៀង​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ជា​ពិសេស​អនុញ្ញាត​ឲ្យ​អ្នក​សង្កេតការណ៍​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​អង្គការ​នេះ ចូល​ទៅ​កាន់​តំបន់​គ្មាន​យោធា​ជា​បណ្ដោះអាសន្ន។

តុលាការ​បាន​សម្រេច​ដោយ​សំឡេង ១៥ ទល់​នឹង ១ តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​អត់ធ្មត់ មិន​ធ្វើ​នូវ​សកម្មភាព ដែល​អាច​នាំ​ឲ្យ​ជម្លោះ​ដែល​បាន​ស្នើ​ឲ្យ​តុលាការ​ដោះស្រាយ​នោះ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ ឬ​រីក​ធំ​ឡើង ឬ​ធ្វើ​ឲ្យ​ជម្លោះ​នោះ​កាន់​តែ​ពិបាក​ដោះស្រាយ​ថែម​ទៀត។

តុលាការ​បាន​សម្រេច​ដោយ​សំឡេង ១៥ ទល់​នឹង ១ តម្រូវ​ឲ្យ​ភាគី​នីមួយ​ៗ ផ្ដល់​ព័ត៌មាន​ដល់​តុលាការ​ទាក់ទង​នឹង​ការ​អនុវត្តន៍​របស់​ខ្លួន ឆ្លើយតប​នឹង​វិធានការ​បណ្ដោះអាសន្ន។

តុលាការ​បាន​សម្រេច​ដោយ​សំឡេង ១៥ ទល់​នឹង ១ ថា រហូត​ដល់​ពេល​តុលាការ​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​បកស្រាយ​នោះ តុលាការ​នឹង​នៅ​តែ​បន្ត​តាមដាន​កិច្ចការ​ទាំង​នេះ ដែល​ជា​កម្មវត្ថុ​នៃ​សេចក្ដី​សម្រេច​នេះ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ដោយ​គាំទ្រ​ទាំងស្រុង​នូវ​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​ហើយ​បញ្ជាក់​ថា ជា​ការ​ឆ្លើយតប​យ៉ាង​ពេញ​ទំហឹង​ទៅ​នឹង​ការ​ចង់​បាន​របស់​កម្ពុជា ក្នុង​ការ​ធ្វើ​ឲ្យ​តំបន់​ប្រាសាទ​ព្រះវិហារ​មាន​សន្តិភាព មាន​អ្នក​សង្កេតការណ៍​អាស៊ាន​ចូល​មក​ក្នុង​តំបន់​គ្មាន​កងទ័ព​ជា​បណ្ដោះអាសន្ន និង​មាន​សកម្មភាព​ផ្នែក​ស៊ីវិល​ជា​ប្រក្រតី។

យ៉ាង​ណា​ក៏​ដោយ ស្ត្រី​រស់នៅ​តំបន់​ប្រាសាទ​ព្រះវិហារ អ្នកស្រី ភឹម មុំ ដែល​ជា​ញឹកញាប់​បាន​រត់​លូន​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កង​ទ័ព​ថៃ នៅ​តែ​មិន​ទាន់​ហ៊ាន​វិល​ទៅ​ភូមិ​របស់​គាត់​ក្បែរ​ប្រាសាទ​ព្រះវិហារ​វិញ​នៅ​ឡើយ។

អ្នកស្រី ភឹម មុំ ៖ «ការ​និយាយ​ហ្នឹង​វា​មាន​ហើយ ប៉ុន្តែ​ការ​ដក​វា​អត់​ទាន់​មាន​ទេ នៅ​ដដែល​ហ្នឹង។ ថៃ​ហើយ​និង​ខ្មែរ​ (ម្ខាង) ៥​នាក់​នៅ​ប៉ុស្តិ៍​ប្រាសាទ​ហ្នឹង នៅ​សព្វ​ថ្ងៃ​ហ្នឹង នៅ​តើ​នៅ​ត្រៀម​រហូត​ហ្នឹង​មិន​ទាន់​ដក​ចេញ​កង​កម្លាំង​ឯ​ណា»។

តំណាងរាស្ត្រ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស សម រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ ថ្លែង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ មិន​មែន​ជា​ជោគជ័យ​សម្រាប់​កម្ពុជា​ទេ។ លោក​ថា គណបក្ស សម រង្ស៊ី ស្នើ​ឲ្យ​មាន​ការ​អនុវត្តន៍​នូវ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស គឺ​ស្នើ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការ​បាត់បង់​ផល​ប្រយោជន៍​របស់​កម្ពុជា។

លោក យឹម សុវណ្ណ ៖ «កម្ពុជា​គឺ​ជា​ប្រទេស​ដែល​រងគ្រោះ ពីព្រោះ​ថា ផ្ទះ​ដែល​យើង​កំពុង​នៅ ផ្ទះ​របស់​យើង​ដី​របស់​យើង ហើយ​តុលាការ​បាន​សម្រេច​ឲ្យ​កងទ័ព​របស់​យើង ទាំង​កងទ័ព​ថៃ​និង​កងទ័ព​កម្ពុជា ដក​ចេញ​ពី​តំបន់​ដែល​កំពុង​មាន​ជម្លោះ ហើយ​ដែល​ឯកសារ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ​ហើយ​ហ្នឹង​តំបន់​ជុំ​វិញ​ហ្នឹង​គឺ​ជា​ដី​របស់​ខ្មែរ អ៊ីចឹង​គឺ​ជា​ការ​ដែល​បរាជ័យ​របស់​រដ្ឋាភិបាល​យើង​ដែល​យើង​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន»។

ទោះ​យ៉ាងណា អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច អះអាង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ផ្ដល់​នូវ​ជោគជ័យ​បួន​ចំណុច​ធំៗ សម្រាប់​ភាគី​ទាំង​ពីរ ទី​មួយ គឺ​បញ្ឈប់​វត្តមាន​កងទ័ព​នៅ​តំបន់​ជម្លោះ។ ទី​២ គឺ​លែង​មាន​ការ​បង្ហូរ​ឈាម។ ទី​៣ គឺ​លែង​មាន​ជន​ភៀសខ្លួន ហើយ​ទី​៤ គឺ​ការ​ប្រើប្រាស់​តួ​នាទី​របស់​អាស៊ាន​ជា​អ្នក​ដោះស្រាយ​ករណី​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ។

លោក​បណ្ឌិត សុខ ទូច ៖ «កម្ពុជា​មាន​ប្រៀប​ត្រង់​ថា​កម្ពុជា​ស្នើ​ទៅ​អង្គការ​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​គឺ​បំណង​ចង់​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា ឬ​ឲ្យ​វិល​ត្រឡប់​ទៅ​មុន​ថ្ងៃ​ទី​១៥ បាន​ន័យ​ថា ថ្ងៃ​ដែល​គ្មាន​កងទ័ព​នៅ​ឆ្នាំ​២០០៨ ហ្នឹង»។

លោក បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​បន្ថែម​ថា ចង់​ឬ​មិន​ចង់​ភាគី​ថៃ​ត្រូវ​អនុវត្តន៍​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បើ​សិន​ជា​ថៃ​មិន​គោរព​ទេ​នោះ​​នឹង​មាន​ការ​ដាក់​សម្ពាធ​ណា​មួយ​ទៅ​តាម​នីតិវិធី​របស់​តុលាការ ៕