ក៏ប៉ុន្តែ រួមទាំងអ្នកវិភាគនយោបាយនៅក្នុងស្រុក និងមេបក្សនយោបាយមួយចំនួនយល់ថា បក្សហ៊្វុនស៊ិនប៉ិច នឹងមានប្រជាប្រិយភាពខ្លាំងដូចមុន ប្រសិនគោលការណ៍នយោបាយបក្សនេះឯករាជពិតប្រាកដ។
ជាថ្មីម្ដងទៀត សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបច្ចុប្បន្នជាប្រធានគណបក្សនរោត្តម រណឫទ្ធិ បានអះអាងថា ការរួបរួមគ្នាឡើងវិញ រវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ នឹងអាចស្ដារប្រជាប្រិយភាពគណបក្សហ៊្វុនស៊ិនប៉ិច បានឡើងវិញនៅពេលបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខនេះ។
ថ្លែងទៅកាន់សមាជិកសមាជិការបស់ព្រះអង្គ រួមទាំងអ្នកយកព័ត៌មាននៅវត្តភ្នំនៅថ្ងៃទី៣០ ឧសភា សម្ដេចក្រុមព្រះ បានរំពឹងគណបក្សហ៊្វុនស៊ិនប៉ិច នឹងបានទទួលកៅអីនៅរដ្ឋសភាបានគ្រាន់បើជាងសព្វថ្ងៃ បន្ទាប់ពីបក្សទាំងពីរបានរួបរួមគ្នារួចហើយ៖ «បើសិនជាយើងអនុវត្តនូវអ្វីមួយ ដែលកិច្ចព្រមព្រៀង ដែលពិធីសារសរសេរហើយ ខ្ញុំយល់ថា ចំនួនអាសនវាអាចនឹងឡើងបាន។ ក៏ប៉ុន្តែ អ្វីមួយ ទិសដៅរបស់យើង គឺប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុនិយម ដែលមានសក្ដានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជារួចហើយ សម្រាប់ឆ្នាំ២០១៣ ខាងមុខនេះ។ ដូច្នេះមូលដ្ឋាន គឺការរួបរួមគ្នាឡើងវិញ»។
បន្ទាប់ពីបែកបាក់គ្នាអស់រយៈពេលជិត ៦ឆ្នាំមក គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ បានរួបរួមគ្នាវិញនៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០១២ ដែលមានចុះហត្ថលេខារួមគ្នារវាងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទ្ធិ ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច នៅអាគាររដ្ឋាភិបាល ហៅថា វិមានសន្តិភាព ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអធិបតី។
ការចុះហត្ថលេខារួបរួមគ្នារវាងបក្សនឹងបក្ស ធ្វើឡើងនៅអាគាររដ្ឋាភិបាលដូច្នេះ បានធ្វើឲ្យអ្នកនយោបាយ និងអ្នកវិភាគនយោបាយយល់ឃើញថា បក្សទាំងពីរ គឺជាសាខារបស់គណបក្សប្រជាជន។
លោក យឹម សុវណ្ណ មន្ត្រីបក្ស សម រង្ស៊ី បញ្ជាក់ថា លោកក៏បានយល់ដូច្នេះដែរ៖ «ដូច្នេះ ប្រជាពលរដ្ឋយល់ឃើញថា ជាសាខារបស់គណបក្សប្រជាជន ដូច្នេះគេអត់មានបារម្ភអ្វីទេ។ គេឃើញថា ពិធីហ្នឹងក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានន័យថាបក្សទាំងពីរហ្នឹងគឺជាសាខារបស់គណបក្សប្រជាជន។ ប្រជាពលរដ្ឋកាន់តែច្បាស់ថែមទៀតថា អូ! អញ្ចឹងអត់ចាំបាច់ទេ បើសិនជាបោះឲ្យទាំងពីរហ្នឹងដដែល ក៏ទាំងពីរហ្នឹងជាសាខារបស់បក្សប្រជាជន គេនឹងបោះឲ្យគណបក្ស សម រង្ស៊ី ដើម្បីឲ្យទប់ទល់ជាមួយគណបក្សប្រជាជន»។
ចំណែក លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានផ្ដល់អនុសាសន៍ដល់គណបក្សហ៊្វុនស៊ិនប៉ិច ដែលទើបរួបរួមគ្នានេះទៅអនាគតថា នឹងអាចបរាជ័យលើសដើម ប្រសិនបើបក្សនេះមិនប្រកាន់ចរិតគោលនយោបាយអាជីពទេនោះ៖ «ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋឥឡូវលោកស្គាល់លោកដឹង។ បើសិនជាគណបក្សទាំងពីរហ្នឹងរួមគ្នា ហ៊្វុនស៊ិនប៉ិច រណឫទ្ធិ មកដើរតួជាគណបក្សមួយឲ្យច្បាស់លាស់ មិនមែននៅក្រោមក្លៀក ដំបូលរបស់គណបក្សប្រជាជនកាន់អំណាចហ្នឹងទេ គាត់អាចរកសំឡេងបាន។ ប៉ុន្តែបើគាត់ប្រមូលហើយដើម្បីទៅបម្រើគណបក្សកាន់អំណាចដដែល គឺនៅតែប្រជាពលរដ្ឋអត់បោះឆ្នោតឲ្យគាត់ដដែល»។
ទាក់ទងការទស្សន៍ទាយអនាគតបក្សហ៊្វុនស៊ិនប៉ិច ទៅអនាគតនេះ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីបោះឆ្នោតសេរី និងត្រឹមត្រូវនៅកម្ពុជា យល់ឃើញថា ការរួបរួមគ្នារវាងបក្សទាំងពីរនេះឡើងវិញនោះ ហាក់ដូចជាយឺតពេលបន្តិចហើយ ប្រសិនបើរួបរួមគ្នាមុនបោះឆ្នោត សង្កាត់ អាចមានប្រសិទ្ធភាពនៅពេលនេះ។ ក៏ប៉ុន្តែលោកថា យ៉ាងណា គឺជាឱកាសល្អមួយសម្រាប់ត្រៀមខ្លួនបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះដែរ៖ «តាមពិតបើបានគាត់ធ្វើមុនឃោសនាបោះឆ្នោតឃុំ-សង្កាត់ ម្យ៉ាងដែរ វាជួយ អាចគាត់ អាចមានលទ្ធភាពក្នុងការដាក់ពង្រាយមណ្ឌលបោះឆ្នោតនៅតាមមណ្ឌលសង្កាត់សាកល្បងជាមួយគ្នាដើម្បីគាំទ្រគ្នាទៅវិញទៅមក។ ប៉ុន្តែ ឥឡូវដាក់បេក្ខជនរួចហើយ ចុះឈ្មោះបេក្ខជនចប់អស់ហើយ ដល់ឃោសនាទៀតហើយ អញ្ចឹង ពេលបោះឆ្នោតឃុំ-សង្កាត់នេះ គាត់អាចជួយគ្នាបានបន្តិចបន្តួចតែប៉ុណ្ណឹង»។
ចំពោះ លោក បណ្ឌិត សុខ ទូច អ្នកវិភាគឯករាជវិញ ក៏យល់ស្របទៅនឹងប្រសាសន៍របស់ គល់ បញ្ញា ដែរ៖ «ខ្ញុំយល់ថាគណបក្សនេះ មានតែផ្លូវមួយទេ គឺកាលណាបែកបាក់គ្នា វាកាន់តែបាត់បង់អ្នកគាំទ្រកាន់តែច្រើន ហើយគ្មានលទ្ធភាពនឹងប្រមូលទេ ហើយចំណុចមួយទៀត បើសិនរួបរួមគ្នាមានលទ្ធភាពនៅក្នុងសភា»។
សរុបសេចក្ដីមក ការវិភាគរបស់តំណាងបក្សនយោបាយ រួមទាំងអ្នកវិភាគឯករាជទាំងប៉ុន្មាននេះ ខុសពីទស្សនរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលព្រះអង្គអះអាងថា ព្រះអង្គនឹងក្លាយទៅជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅពេលដ៏ឆាប់ខាងមុខនេះថ្លែងថា និន្នាការនយោបាយនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ តម្រូវឲ្យព្រះអង្គដើរផ្លូវកណ្ដាល។ មានន័យថា ព្រះអង្គមិនប្រឆាំងគណបក្សកាន់អំណាច ហើយក៏មិនរណបគណបក្សកាន់អំណាចដែរ បើទោះបី ជាមានការរិះគន់ថា បក្សរបស់ព្រះអង្គជាសាខាបក្សប្រជាជនយ៉ាងណាក្ដី៖ «អ្នកវិភាគនយោបាយខ្ញុំគោរពណាស់ ជូនលោកវិភាគ ថាអីថាទៅ ខ្ញុំស្ដាប់ដែរ មិនមែនថាមិនស្ដាប់ទេ ក៏ប៉ុន្តែ នៅច្រកកណ្ដាល រណបនិងឯករាជសុទ្ធសាធ ផ្លូវកណ្ដាល គឺសហប្រតិបត្តិការជាដៃគូពិតប្រាកដដើម្បីនឹងដោះស្រាយបញ្ហាជូនជាតិ ហ្នឹងហើយផ្លូវកណ្ដាល។ លក្ខណកម្ពុជា លក្ខណពិសេស គឺថារណបក៏ដោះស្រាយជូនជាតិមិនបាន ប្រឆាំងក៏ដោះស្រាយជូនជាតិមិនបាន។ ក៏ប៉ុន្តែប្រមែប្រមូលកម្លាំងជាតិមួយរួមនឹងកម្លាំងជាតិមួយ ប្រហែលខ្ញុំនិយាយថា ប្រហែលជាយើងដោះស្រាយបញ្ហាជូនជាតិបាន»។
ចំពោះពាក្យថាបញ្ហាជាតិដែលព្រះអង្គថា នឹងត្រូវដោះស្រាយនោះ គឺទំនាស់ដីធ្លី ការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស បញ្ហាព្រំដែន និងអន្តោប្រវេសន៍ខុសច្បាប់ជាដើម។
យ៉ាងណាក្ដី លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជមួយរូបទៀត បានពោលថា ការរួបរួមគ្នារបស់បក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ឈ្នះឆ្នោតនៅឆ្នាំ១៩៩៣ ហាក់ដូចជាហួសពេលទៅហើយ។ លោកបានរំលឹកថាបក្សនយោបាយខ្មែរផ្សេងទៀត គួរតែយកការបែកបាក់គ្នារបស់បក្សហ៊្វុនស៊ិនប៉ិចនេះ ជាមេរៀនសម្រាប់ពេលអនាគត៖ «បរាជ័យទាំងអស់គ្នា ហើយគឺនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ជួនកាលរលាយ ឬជិតរលាយទាំងអស់គ្នា បានមករួបរួមគ្នា ដូច្នេះវាហួសពេល»។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាអតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតនាយករដ្ឋមន្ត្រីទីមួយ បន្ទាប់មកជាអតីតប្រធានរដ្ឋសភា ហើយបន្ទាប់ពីបែកបាក់ពីបក្សហ៊្វុនស៊ិនប៉ិច កាលពីជាង៥ឆ្នាំមុនមក ព្រះអង្គបានបង្កើតបក្សថ្មីមួយទៀត ឈ្មោះថា គណបក្សនរោត្តម រណឫទ្ធិ ដែលបច្ចុប្បន្នព្រះអង្គជាប្រធានបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
