អ្នកវិភាគនយោបាយមានប្រសាសន៍ស្រដៀងគ្នាថា បញ្ហាខ្មែរ-ថៃ ទំនងជាមិនអាចដោះស្រាយតាមរយៈការចរចានៅក្នុងក្របខ័ណ្ឌតំបន់ ឬក៏ការចរចាទ្វេភាគីនោះបានឡើយ នៅគ្រាដែលកងទ័ពថៃ បានបង្កើនកម្លាំងត្រៀមប្រយុទ្ធរបស់ខ្លួនកាន់តែច្រើនទៅៗ នៅតាមតំបន់ព្រំដែននៃតំបន់ប្រាសាទព្រះវិហារនោះ។
តំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ បានថ្លែងថា កម្ពុជាត្រូវតែបន្តប្ដឹងផ្ដល់ទៅកាន់អន្តរជាតិ និងទទូចឲ្យមានកិច្ចប្រជុំអំពីការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស មួយទៀត ដើម្បីឲ្យប្រទេសហត្ថលេខីទាំងអស់ រួមមានប្រទេសថៃ ផងនោះ គោរពបូរណភាពទឹកដីរបស់ខ្មែរ។
លោកមានប្រសាសន៍បន្ថែមថា ៖ «ចំណុចមួយទៀត យើងដឹងថា ថៃមិនហ៊ានទេចំពោះមុខច្បាប់ ចំពោះមុខអន្តរជាតិ ពីព្រោះគាត់អាងកម្លាំងបាយគាត់។ ដូច្នេះខ្ញុំគិតថា កុំទាន់អស់សង្ឃឹម យើងត្រូវប្រមូលកម្លាំងយើង ខាងផ្នែកការទូតយើង យ៉ាងហោចណាស់យើងត្រូវធ្វើលិខិតផ្លូវការមួយដើម្បីឲ្យសហប្រធាននៃកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹង គេកោះប្រជុំទៅលើការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ វាមានការធានានៃបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល»។
ប្រតិកម្មរបស់អ្នកនយោបាយខ្មែរបានធ្វើឡើងក្រោយពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានអំពាវនាវឲ្យសមាគមអាស៊ានដោះស្រាយបញ្ចប់ជម្លោះរវាងខ្មែរ និងថៃ និងបានអំពាវនាវឲ្យមានបទឈប់បាញ់ ដែលធ្វើឡើងដោយភាគីនៃប្រទេសទាំងពីរ តាមរយៈការចរចា។
ការកោះប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើឡើងក្រោយពីភាគីកម្ពុជា បានស្នើអន្តរាគមន៍បញ្ឈប់នូវសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ និងទាមទារឲ្យមានការបញ្ជូនកងទ័ពរក្សាសន្តិភាពនៅតំបន់ប្រាសាទ ក្រោយពីការវាយប្រហារគ្នារវាងកងទ័ពខ្មែរ និងថៃ កាលពីថ្ងៃទី៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ កុម្ភៈ បានធ្វើឲ្យទាហាន និងជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ ហើយនិងខូចខាតប្រាង្គប្រាសាទជាច្រើនកន្លែង។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) បានថ្លែងបដិសេធថា ថៃមិនបានបាញ់ផ្លោងអាវុធធុនធ្ងន់ចូលកម្ពុជានោះទេ ហើយថា ការប៉ះទង្គិចកន្លងមក គឺជាការឆ្លើយតបប៉ុណ្ណោះ។ មន្ត្រីរូបនេះបានថ្លែងបដិសេធនូវការជួយរបស់អង្គការសហប្រជាជាតិ និងទាមទារឲ្យមានការដោះស្រាយទ្វេភាគីបន្តទៀត។
ក្នុងកិច្ចប្រជុំនោះដែរ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសខ្មែរ ក៏បានទទួលយកការចរចា ដើម្បីស្វែងរកដំណោះស្រាយតទៅទៀត។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន អត្ថាធិប្បាយថា លោកគ្មានជំនឿលើការដោះស្រាយរបស់សមាគមអាស៊ាននោះទេ ប៉ុន្តែកម្ពុជា មិនត្រូវបោះបង់ចោលការទទូចរបស់ខ្លួនឡើយ។
លោកបន្តថា ៖ «ប៉ុន្តែត្រង់ចំណុចឲ្យងាកមកចរចាតាមលក្ខណៈទ្វេភាគី ឬក៏ការចរចាឲ្យមានសមាគមអាស៊ានជាអ្នកសម្របសម្រួល ខ្ញុំគិតថា វាមិនអាចទៅរួចទេ ហើយយើងសុំទទូចឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែមកជួយអន្តរាគមន៍ ជុំវិញកិច្ចការទាំងអស់នេះ ដើម្បីស្ថិរភាពនៅក្នុងតំបន់»។
ដូចគ្នានេះដែរ ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា ពន្យល់ថា ការបញ្ជូនកងរក្សាសន្តិភាពទៅកាន់តំបន់ណាមួយ មិនមែនជាការងាយនោះទេ។ បើទោះបីជាការស្នើរបស់កម្ពុជា លើកនេះមិនបានសម្រេច ប៉ុន្តែសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់អំពីរឿងនេះ ៖ «ខ្ញុំជឿថា នេះគ្រាន់តែជំហានទីមួយទេ ហើយគេក៏ត្រៀមធ្វើអ្វីតទៅទៀតដែរ បើសិនជាខ្មែរយើងនៅតែបន្តទាមទារឲ្យគេមកតទៅទៀត។ តាមយោបល់ខ្ញុំ រាជរដ្ឋាភិបាលយើងគួរតែទាមទារឲ្យភាគីទី៣ ជាពិសេសអង្គការសហប្រជាជាតិហ្នឹងមកតទៅទៀត កុំឲ្យទទួលយកត្រឹមតែប៉ុណ្ណឹង»។
ប្រធានគណៈមេធាវីកម្ពុជា លោក ជីវ សុងហាក់ សម្ដែងយោបល់ថា ការស្នើសុំទាហានមួកខៀវរបស់អង្គការសហប្រជាជាតិឲ្យជួយការពារកម្ពុជា គឺជាទង្វើមួយត្រឹមត្រូវ ដើម្បីកុំឲ្យថៃចោទថា ខ្មែរបានដាក់ទាហាននៅតំបន់នោះ។
លោកបញ្ជាក់ថា ការចរចាទ្វេភាគីរវាងខ្មែរ និងថៃ ប្រហែលជាគ្មានទៀតទេ ប៉ុន្តែការចរចាដោយមានសមាគមអាស៊ាន ជាអ្នកសម្រុះសម្រួល ក៏ជាយន្តការជំនួយថ្មីមួយទៀតផងដែរ ៖ «ខ្ញុំគិតថា អាស៊ានក៏ធ្លាប់ដឹងកន្លងមក បញ្ហាចរចាទ្វេភាគីដែរ ទោះបីជាក្រុមប្រឹក្សាសន្តិសុខចង្អុលមកថា ឲ្យអាស៊ានដើរតួនាទីហ្នឹង ក៏អាស៊ានត្រូវតែធ្វើការរបស់ខ្លួន។ ខ្ញុំជឿថា អាស៊ានមិននៅស្ងៀមទេ ហើយអាស៊ាន មិនរុញការងារហ្នឹងមកឲ្យរដ្ឋាភិបាលថៃ និងកម្ពុជាហ្នឹងដោះស្រាយវិញទេ។ ដោះស្រាយស្អី បានការអី បើសៀមមិនស្ដាប់ផង»។
ជម្លោះព្រំដែនរវាងខ្មែរ និងថៃ នៅតំបន់ប្រសាទព្រះវិហារ បានកើតឡើងក្រោយពីកម្ពុជា បានដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ កន្លងទៅ។ ការចរចាទ្វេភាគី បានកើតឡើងច្រើនដងរួចមកហើយ ក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយ ដែលនាំឲ្យមានការវាយប្រយុទ្ធគ្នាធ្ងន់ធ្ងរ។
កិច្ចព្រមព្រៀងក្រុងប៉ារីស នៅថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ បានចែងយ៉ាងលម្អិតអំពីការចូលរួមគោរពបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។ ប្រទេសអាស៊ានចំនួន ៦ កាលនោះមានប្រទេសថៃ (Thailand) ហ្វីលីពីន (Philippine) ប្រ៊ុយណេ (Brunei) សិង្ហបុរី (Singapore) និងម៉ាឡេស៊ី (Malaysia) បានចូលរួមចុះហត្ថលេខា។ ក្រៅពីប្រទេសទាំងនេះ នៅមានប្រទេសចិន(China) លាវ (Lao) វៀតណាម (Vietnam) សហរដ្ឋអាមេរិក (United State) រុស្ស៊ី (Russia) កាណាដា (Canada) និងអូស្ត្រាលី (Australia) ក៏បានចូលរួមផងដែរ។
ទាក់ទងនឹងបញ្ហាជម្លោះនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ សមាគមអាស៊ាន បានគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់១ទៀត ដើម្បីស្វែងរកដំណោះស្រាយនៃជម្លោះខ្មែរ-ថៃនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី និងជាប្រធានសមាគមអាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ដែលត្រូវស្រង់សម្ដីដោយទីភ្នាក់ងាររ៉យធឺរ (Reuters) ក្រោយកិច្ចប្រជុំថ្ងៃទី១៤ ខែកុម្ភៈ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអះអាងថា អាស៊ាន (ASEAN) នឹងដាក់សម្ពាធទៅប្រទេសទាំងពីរឲ្យទទួលយកដំណោះស្រាយ៕