ពួកគេបានចាត់ទុកព្រឹត្តិការណ៍នេះថា មានសារសំខាន់ចំពោះការលាតត្រដាងពីបញ្ហាប្រទេសជាតិ ដែលគេតែងមានចម្ងល់។ តែទោះជាយ៉ាងណា ក៏នៅមានមតិរិះគន់ចំពោះខ្លឹមសារនៃការចូលទៅបំភ្លឺនេះ។
ការចូលទៅបំភ្លឺនៅសភាជាលើកទី១ របស់លោកនាយករដ្ឋមន្ត្រី គឺជារឿងដែលជាទីចាប់អារម្មណ៍របស់ពលរដ្ឋកម្ពុជា ដោយពួកគេបញ្ជាក់ថា នេះជាការល្អមួយ ដែលគេបានប្រើប្រាស់មធ្យោបាយសន្តិវិធីមួយ ដើម្បីដោះស្រាយបញ្ហាដែលបានចោទឡើង ជាពិសេសពីបញ្ហាព្រំដែន។ ប៉ុន្តែក៏មានទស្សនៈមួយចំនួនហៅការបំភ្លឺនោះថា នៅពុំទាន់អាចអោយអស់ចម្ងល់ឡើយ ដោយសំអាងថា នោះគ្រាន់តែជាការអះអាងរបស់នាយករដ្ឋមន្ត្រីតែម្ខាង។
នៅតាមផ្ទះ តាមទីសាធារណៈមួយចំនួន តាមតៀមលក់ម្ហូបអាហារ តៀមកាហ្វេ ការិយាល័យនានា និងមន្ទីរក្រសួងជាច្រើនគេបានតាមដានការបំភ្លឺរបស់នាយករដ្ឋមន្ត្រីតាមរយៈការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ឬតាមវិទ្យុ។ ពួកគេភាគច្រើនបានចំណាយពេលជាង ៥ម៉ោង ដើម្បីស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីដើមដល់ចប់។
និស្សិតនៃសកលវិទ្យាល័យបៀលប្រាយយុវតី សុខ ហ៊ុយ បាននិយាយដោយខ្លីថា ការចូលទៅបំភ្លឺរបស់នាយករដ្ឋមន្ត្រី គឺមានប្រយោជន៍។ នោះគឺជាការបង្ហាញពីរឿងរ៉ាវដែលពលរដ្ឋចង់ដឹង។
យុវតី សុខ ហ៊ុយ៖ «វាមានសារៈសំខាន់ណាស់ព្រោះទាក់ទងគ្នារឿងព្រំដែន។ គឺជារឿងប្រទេសជាតិទាក់ទងនឹងដីយើងប៉ុន្មានអ៊ីចឹង»។
ដូចគ្នានេះដែរអ្នករត់រ៉ឺម៉កទេសចរណ៍ក្នុងរាជធានីភ្នំពេញ ម្នាក់ បានអោយដឹងថា នេះគឺជាឱកាសល្អមួយសម្រាប់ពលរដ្ឋពិចារណាថា តើគេគួរបន្តគាំទ្រនាយករដ្ឋមន្ត្រីតទៅទៀត ឬមិនគាំទ្រ?
សំឡេង៖ «ព្រោះគាត់ជានាយករដ្ឋមន្ត្រី ពេលប្រជាជនមានការងឿងឆ្ងល់ គាត់ទៅឆ្លើយបំភ្លឺ។ អីចឹងបើយើងប្រជាជនយើងស្ដាប់ថា ឥឡូវគាត់ឯកភាពថាត្រឹមត្រូវ ហ្នឹងល្អហើយ ប្រជាជននឹងគាំទ្រគាត់ទៀតអ៊ីចឹងណាស់»។
ទាក់ទិនទៅដល់ខ្លឹមសារនៃការបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី នោះវិញ មតិមួយចំនួនបានចាត់ទុកថា គ្រាន់ជាការអះអាងដែលគេពិបាកនឹងជឿជាក់ ដ្បិតថានោះគឺជាការអះអាងតែម្ខាង។
និស្សិតដែលទើបបញ្ចប់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា យុវជន ផុន សែន បានលើកឡើងថា បើស្ដាប់តែប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី តែម្នាក់ គេពិបាកនឹងវាយតម្លៃថា តើការពិតនោះវាយ៉ាងណា?
យុវជនដដែលបន្តថា នៅតាមព្រំដែន ជាពិសេសក្នុងខេត្តស្វាយរៀង ដែលគេធ្លាប់រស់នៅ គឺមានបញ្ហាចោទពីការបាត់បង់ដីតាមព្រំដែន ដោយសារតែការចូលមកទិញដីស្រែ ចម្ការនៅក្នុងទឹកដីខ្មែរពីសំណាក់ពលរដ្ឋវៀតណាម។
យុវជន ផុន សែន៖ «គ្រាន់តែជាការដឹងមួយដែលចេញពីមាត់នាយករដ្ឋមន្ត្រី។ ប៉ុន្តែក្នុងអារម្មណ៍របស់ខ្លួន សម្រាប់ខ្ញុំផ្ទាល់គឺអ្វីដែលចេញពីមាត់នាយករដ្ឋមន្ត្រី គឺយើងមិនអាចដឹងថា ការពិតនៅព្រំដែនហ្នឹងវាអ៊ីចឹងមែនដែរអត់? ខ្ញុំចង់ទៅមើលដោយផ្ទាល់នៅព្រំដែន។ ទៅអោយឃើញបង្គោលណានៅណា ទឹកដីណាត្រឹមណា?»។
យុវជនម្នាក់ទៀតបាននិយាយដោយមិនបញ្ចេញឈ្មោះថា លោកពុំអស់ចិត្តចំពោះការបំភ្លឺនោះទេ គឺគួរតែបើកអោយមានការបញ្ជាក់បន្ថែមពីម្ចាស់សំណួរ ឬពីអ្នកតំណាងរាស្ត្រដែលមានទស្សនៈផ្ទុយពីការអះអាងរបស់លោកនាយករដ្ឋមន្ត្រី។
សំឡេង៖ «ខ្ញុំត្រូវការអោយមានការប្រកួតប្រជែងពិតប្រាកដ អោយមានការអះអាងពីគណបក្សប្រឆាំង ដើម្បីអោយមានតម្លាភាព ដើម្បីឆ្លុះបញ្ចាំងអោយពលរដ្ឋបានឃើញច្បាស់ថា ការធ្វើរបស់រដ្ឋាភិបាល និងគណបក្សប្រឆាំងនឹងមានតម្លាភាពយ៉ាងម៉េច?»។
ការរិះគន់ទៅលើខ្លឹមសារនៃការបំភ្លឺពីបញ្ហាព្រំដែនរបស់លោកនាយករដ្ឋមន្ត្រីក៏បានកើតមានដែរនៅតាមប្រព័ន្ធអ៊ីនធឺណិត (Internet)។ ប្រិយមិត្តអ្នកអានព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីមួយចំនួន បានចាត់ទុកថា លោកនាយករដ្ឋមន្ត្រីពុំបានឆ្លើយចំទៅនឹងប្រធានបទដែលតំណាងរាស្ត្របក្សប្រឆាំងបានចោទសួរឡើយ និងថា ជារបៀបស្វាស៊ីបាយលាបមាត់ពពែ។ ជាមួយគ្នានេះក៏បានជំរុញអោយមានការបំភ្លឺណាមួយរបស់តំណាងរដ្ឋាភិបាល គួរជាការសួរដេញដោល ដែលមិនមែនអានរបាយការណ៍។
បើទោះជាយ៉ាងណាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន បានចាត់ទុកការបំភ្លឺនោះគឺជាព័ត៌មានថ្មី និងដែលអាចជឿទុកចិត្តបានទៅវិញទេ។ លោក សោម អូន បន្តថា តាមរយៈព័ត៌មានទាំងនោះ នឹងបានជាការពិចារណាសម្រាប់ពលរដ្ឋទូទៅ។
លោក សោម អូន៖ «វាជាព័ត៌មានសំខាន់ ដែលយើងអាចស្វែងយល់អោយបានពីប្រវត្តិ បញ្ហាផែនទីទាំងអស់ហ្នឹង វាពាក់ព័ន្ធ ជាមរតកមួយ ដែលបានលាតត្រដាងហើយយើងអាចស្វែងយល់»។
មិនខុសគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានសាទរចំពោះព្រឹត្តិការណ៍នៅថ្ងៃនេះ។ ប៉ុន្តែលោក អ៊ូ វីរៈ ក៏បានរិះគន់រដ្ឋសភាកម្ពុជាថា បានផ្ដល់សិទ្ធិអំណាចច្រើនដល់តំណាងរដ្ឋាភិបាល និងបានធ្វើអោយមើលឃើញថា រដ្ឋសភាពុំមានសិទ្ធិអំណាចអ្វីនៅចំពោះមុខប្រមុខរដ្ឋាភិបាល។
លោក អ៊ូ វីរៈ៖ «ឆ្លុះបញ្ចាំងថា សភាគឺមិនបានអនុញ្ញាតអោយគណបក្សប្រឆាំងបញ្ចេញយោបល់ ឬមួយសភាហ្នឹងពុំ បានបំពេញតួនាទីអោយត្រឹមត្រូវ នៅឡើយទេហើយហាក់គ្រាន់តែជាវេទិកាសម្រាប់គណបក្សកាន់អំណាចគាត់ធ្វើអីស្រេចនឹងចិត្ត»។
ជាមួយគ្នា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ក៏បានស្នើអោយរដ្ឋសភាកម្ពុជា គួរតែយករៀនសូត្របន្ថែមទៀតពីគំរូនៃការអនុវត្តរបស់រដ្ឋសភានៃចក្រភពអង់គ្លេស ដែលកម្ពុជា បានយកជាគំរូតាមទៅតាមទ្រឹស្ដីហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។