ទិវាថ្ងៃ៧ មករា នេះ គឺត្រូវគណបក្សប្រជាជនកម្ពុជា ដែលកំពុងបន្តកាន់អំណាចរហូតមកទល់សព្វថ្ងៃ បានឲ្យតម្លៃយ៉ាងសំខាន់ទាំងក្នុងន័យប្រវត្តិសាស្ត្រនិងនយោបាយ បើទោះបីជាថ្ងៃ ៧ មករា នេះ ត្រូវមជ្ឈដ្ឋានពលរដ្ឋខ្មែរមួយចំនួននិងជនបរទេសខ្លះ ដែលប្រឆាំងនឹងរបបកុម្មុយនីស្តចាត់ទុកថាជាថ្ងៃដែលវៀតណាម ចូលកាន់កាប់ទឹកដីប្រទេសកម្ពុជាក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនកម្ពុជាជាច្រើនដែលបានរួចផុតពីការស្លាប់ពីរបបខ្មែរក្រហម បានបញ្ចេញទស្សនៈនៅថ្ងៃខួបលើកទី៣០ ថា បើគ្មានថ្ងៃ ៧ មករា ទេ ពួកគាត់ប្រហែលជាគ្មានជីវិតរស់រហូតមកដល់ថ្ងៃនេះឡើយ។
ស្រ្តីវ័យ ៨៧ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុងភ្នំពេញ ឈ្មោះ ប៊ូ សុទ្ធ មានប្រសាសន៍ថា បើគ្មានថ្ងៃ ៧ មករា ទេ កូនគាត់២នាក់និងរូបគាត់គ្មានជីវិតរហូតដល់សព្វថ្ងៃនេះទេ ព្រោះកូនគាត់ ៥នាក់ផ្សេងទៀតត្រូវបានប៉ុលពតសម្លាប់ដោយគ្មានទោសកំហុស ៖ «យល់ថាជាថ្ងៃជាតិ ដែលធ្លាប់រំដោះខ្ញុំបានរស់រានមានជីវិត ខ្ញុំមានសេចក្ដីរំភើប»។
បុរសម្នាក់ទៀតកំពុងលក់គុយទាវញាប់ដៃបានពោលប្រាប់វិទ្យុអាស៊ីសេរីថា បើគ្មានថ្ងៃ ៧ មករា គាត់ក៏មិនបានមកលក់គុយទាវនៅទីនេះរហូតមកដល់ពេលនេះដែរ៖ «បានគុណបុណ្យ ៧ មករា ហ្នឹងហើយ បានៗមកលក់ កុំអីមានពេលឯណាមកលក់គុយទាវនៅហ្នឹង»។
កញ្ញា ពុទ្ធាវី ជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យបៀលប្រាយបានប្រាប់ថា ថ្វីត្បិតនាងមិនបានឆ្លងកាត់របបប៉ុលពត ប៉ុន្តែនាងសប្បាយចិត្តដែលពលរដ្ឋខ្មែរ រួមទាំងឪពុកម្តាយនាងផង បានរួចផុតពីការសម្លាប់រង្គាលពីរបបប៉ុលពត។
ពាក្យស្លោកជាច្រើនស្តីអំពីថ្ងៃ ៧ មករា ត្រូវបានបង្កើតឡើង និងដាក់តាំងជាបដាធំៗនៅតាមដងផ្លូវមួយចំនួននៅក្នុងក្រុងភ្នំពេញ ដែលក្នុងនោះក៏មានសរសេរថា ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់យើង។
ក៏ប៉ុន្តែសម្រាប់នាយកកម្មវិធីប្រឆាំងអំពើពុករលួយគឺលោក សេក បរិសុទ្ធ ដែលរួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហមដែរនោះ បានថ្លែងយ៉ាងដូច្នេះថា ៖ «ខ្ញុំមិនគិតថាថ្ងៃកំណើតទី២ ទី៣ ទី៤ អីទេ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថាជាថ្ងៃមួយដែលសំខាន់ណាស់សម្រាប់ជីវិតរបស់យើង ពីព្រោះថាវាជាការពិត បើសិនជាមិនមានថ្ងៃហ្នុង ខ្លួនខ្ញុំក៏ប្រហែលជាអាចថាមិនរស់ក៏ថាបាន»។
ចាប់តាំងពីប៉ុន្មានថ្ងៃមុនការប្រារព្ធទិវា ៧ មករា នេះ ប្រធានគណបក្សប្រឆាំងមួយចំនួនបានរិៈគន់ថា ៧ មករា គឺជាថ្ងៃដែលវៀតណាម ឈ្លានពានទឹកដីកម្ពុជា។ ក្រៅពីពាក្យរិៈគន់ទាំងនេះ ប្រធានគណបក្សសិទ្ធិមនុស្សលោក កឹម សុខា បានបញ្ជាក់ទៀតថា ចាប់តាំងពី ៧ មករា មកប្រជាពលរដ្ឋខ្មែរមិនទាន់មានសិទ្ធិសេរីភាពពេញលេញនៅឡើយទេ។
លោក កឹម សុខា មានប្រសាសន៍ដូច្នេះ ៖ «បញ្ហារបស់ខ្មែរសព្វថ្ងៃនេះ សត្រូវរបស់ខ្មែរ ដែលជាឧបសគ្គរបស់ប្រទេសជាតិ ៣ ដែលធ្វើឲ្យមានកើតព្រឹត្តិការណ៍គ្រប់ហ្នឹង មិនមែនតែ ២៣ តុលា, ៧ មករា, ១៨ មិនា ទេ។ ស្អីទាំងអស់ ព្រឹត្តិការណ៍ខ្មែរទាំងអស់ ប្រវត្តិសាស្រ្ដទាំងអស់នេះ គឺដោយសារមូលហេតុ៣ ។ ទី១ គឺដោយសារបរទេសឈ្លានពានខ្មែរ មូលហេតុទី២ ដោយសារអ្នកដឹកនាំពុករលួយ មូលហេតុទី៣ ដោយសារអ្នកដឹកនាំប្រទេសផ្ដាច់ការ។ កាលណា ៣ហ្នឹងនៅតែមាន អំពើហិង្សានៅតែមាន ការឈ្លានពានបរទេសនៅតែមាន អំពើពុករលួយនៅតែមាន បញ្ហាទុក្ខវេទនារបស់ខ្មែរគឺនៅអត់ចប់ទេ។ អ៊ីចឹងថ្ងៃនេះគឺអត់ទាន់ជោគជ័យទេ នៅតែមិនទាន់ចប់នៅឡើយបញ្ហា»។
ចំណែកឯប្រធានគណបក្សអំណាចប្រជារាស្រ្ត លោក កាន់ វីរៈ ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរថា ៧ មករា មិនមែនជាថ្ងៃប្រវត្តិសាស្រ្ត នៃប្រជារាស្រ្តខ្មែរទូទាំងប្រទេសនោះទេ។
ជុំវិញភាពខ្វែងគំនិតគ្នាអំពីថ្ងៃ ៧ មករា នេះ អនុប្រធានគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ការពារយ៉ាងដូច្នេះថា ៖ «សូម្បីតែសម្ដេចព្រះ នរោត្ដម សីហនុ ដែលពេលនោះព្រះអង្គគង់ជាប្រធានរដ្ឋាភិបាលចម្រុះត្រីភាគី ព្រះអង្គបានមានព្រះរាជបន្ទូលជាមួយខ្ញុំថា បើកុំមានកងទ័ពឯកឧត្ដម ហ៊ុន សែន កុំមានកងទ័ពវៀតណាម ចូលមកជួយទេ ខ្លួនខ្ញុំនិងគ្រួសារខ្ញុំក៏នឹងស្លាប់ដែរ»។
ទាក់ទិនវត្តមានកងទ័ពវៀតណាមនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃ ៧ មករា លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «កាលដែលយើងបានវាយរំលំរបបប៉ុលពត នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ នៅពេលដែលរំដោះប្រទេសហើយ បើសិនជាវៀតណាម ដកកងទ័ពត្រឡប់ទៅវិញ គ្រាន់តែផ្ដួលរំលំប៉ុលពត នៅទីក្រុងភ្នំពេញ ប្រហែលជាមកដល់ពេលនេះយើងគ្មានទិដ្ឋភាពបែបនេះដូចសព្វថ្ងៃនេះទេ ព្រោះថាការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដោយមានអានុភាពប្រទេសកិរិយាខាងក្រៅគាំទ្រ។ ដូច្នេះយើងមានសំណូមពរស្នើសុំបន្តវត្តមានកងទ័ពវៀតណាម នៅកម្ពុជា ដើម្បីធ្វើកិច្ចការរួមជាមួយកងទ័ពរបស់យើងដែលបានកសាង រីកធំធាត់ជាបណ្ដើរៗ ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ប៉ុលពត»។
អ្នកវិភាគឯករាជ្យអ្នកស្រី ជា វណ្ណាត មានប្រសាសន៍ថា បើគ្មានថ្ងៃ ៧ មករា ទេ ក៏គ្មានគណបក្សប្រជាជនកម្ពុជាកាន់អំណាចរហូតមកដល់ថ្ងៃនេះដែរ ៖ «ធម្មតាវាជាព្រឹត្តិការណ៍មួយសំខាន់សម្រាប់គណបក្សប្រជាជនហើយ ដែលថាបានឡើងកាន់អំណាចរហូតមកដល់សព្វថ្ងៃនេះក៏ដោយសារមានព្រឹត្តិការណ៍ថ្ងៃ ៧ មករា អ៊ីចឹងដែរ»។
អ្នកស្រី ជា វណ្ណាត ក៏បានបន្ថែមទៀតថា រហូតមកមានមតិពីរបញ្ច្រាសគ្នា ដោយមតិមួយយល់ថា ថ្ងៃ ៧ មករា គឺជាថ្ងៃផ្តល់កំណើតថ្មីដល់ប្រជាពលរដ្ឋខ្មែរ ចំណែកឯមតិមួយទៀតថាជាថ្ងៃដែលបរទេសមកឈ្លានពានទឹកដីខ្មែរនោះ។ អ្នកស្រីយល់ថាជារឿងនយោបាយ គឺជាការអះអាងដើម្បីកៀរគរការគាំទ្រពីមហាជនសម្រាប់ផលប្រយោជន៍រៀងៗខ្លួនតែប៉ុណ្ណោះ៕
