សង្គម​ស៊ីវិល៖ កម្ពុជា​និង​អ.ស.ប.​គួរ​រក​វិធី​ដោះស្រាយ​បញ្ហា​ពុក​រលួយ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ចង់​បាន​ឲ្យ​អង្គការ​សហប្រជាជាតិ​និង​កម្ពុជា​ត្រូវ​រ៉ូវ​គ្នា​អំពី​ការ​បង្កើត​ប្រព័ន្ធ​ដើម្បី​ទប់​ទល់​នឹង​អំពើ​ពុក​រលួយ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម។

0:00 / 0:00

មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា បាន​សម្តែង​ទស្សនៈ​ស្រប​គ្នា​ថា រដ្ឋាភិបាល​ខ្មែរ​និង​អង្គការ​សហប្រជាតិ​ត្រូវ​តែ​រក​វិធី​ឯកភាព​គ្នា​ឡើង​វិញ​អំពី​យន្តការ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ដើម្បី​ដំណើរការ​តុលាការ​នេះ​បាន​ពេញ​លេញ​និង​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​ពី​ជន​រង​គ្រោះ។

កាល​ពី​ថ្ងៃ​ពុធ ទី​៨ មេសា​នេះ មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា ការ​ចរចា​ទ្វេ​ភាគី​រវាង​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ដើម្បី​បង្កើត​យន្តការ​ដោះស្រាយ​ករណី​ចោទ​ថា មាន​អំពើ​ពុក​រលួយ​នៅ​តុលាការ​ខ្មែរ​ក្រហម ហើយ​ការ​ចរចា​នោះ​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​នោះ​ដែរ។

មន្ត្រី​ជំនួយការ​ផ្នែក​កិច្ចការ​ច្បាប់​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​គឺ​លោក ពីធ័រ តាក់សូអ៊ី​-ហ្សិនសិន (Peter Taksoe-Jensen) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែការណ៍​ថា ៖ «នៅ​ទីបញ្ចប់ យើង​មិន​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ទេ»។ លោក​បន្ត​ថា ៖ «យើង​ហៀបតែ​នឹង​ឈាន​ដល់​មាន​ការ​ព្រមព្រៀង​គ្នា​ទៅ​ហើយ។ ហើយ​ថា លោក​បាន​ទុក​សំណើ​មួយ​នៅ​លើ​តុ​ជូន​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ហើយ​បាន​ស្នើ​ឲ្យ​លោក​ពិចារណា​សំណើ​នោះ​ផង»

មន្ត្រី​សហប្រជាជាតិ​រូប​នេះ​បាន​បន្ត​ថា ៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​មិន​បន្ត​ការ​ចរចា​របស់​យើង​ទៀត​ឡើយ»

ទាក់ទង​នឹង​បញ្ហា​នេះ លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ធ្វើ​ការងារ​ផ្តោត​ជា​សំខាន់​ការ​សម្លាប់​រង្គាល​ដោយ​របប​កុម្មុយនីស្ត​ខ្មែរ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​នោះ បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ការ​ខ្វែង​គំនិត​គ្នា នា​ពេល​នេះ​អាច​ចាត់​ទុក​ថា​ជា​រឿង​តិច​តួច​ក៏​ដោយ ប៉ុន្តែ​ដើម្បី​យុត្តិធម៌​សម្រាប់​ប្រជារាស្រ្ត​ខ្មែរ​ភាគី​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​រក​ដំណោះស្រាយ​សម្រាប់​ដំណើរការ​សាលាក្តី។

លោក ឆាំង យុ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «អនាគត​របស់​តុលាការ​នេះ​ខ្ញុំ​ថា​វា​សំខាន់​ដែរ ដោយសារ​តែ​បញ្ហា​ដែល​បាន​លើក​ឡើង​ទាក់ទង​នឹង​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​ចំណាយ​ថវិកា ក៏​វា​អាច​ពាក់ព័ន្ធ​នឹង​ការ​ចេញ​សាលក្រម​របស់​តុលាការ​នេះ​ដែរ។ អ៊ីចឹង​ខ្ញុំ​យល់​ឃើញ​ថា បញ្ហា​នេះ​វា​មិន​គួរ​ជា​បញ្ហា​ធំ​ដុំ ហើយ​បើ​សិន​ជា​បញ្ហា​ដែល​បាន​លើក​ឡើង​វា​មិន​ពិត គួរតែ​មាន​ការ​ពន្យល់​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ ហើយ​បើ​សិន​ជា​បញ្ហា​នេះ​ពិត​ជា​មាន​មែន យើង​ត្រូវ​តែ​ចាត់​វិធានការ។ អ៊ីចឹង​យើង​ធ្វើ​យ៉ាង​ណា​រក​ដំណោះស្រាយ​ជា​ជាង​ការ​ប្រជែង ហើយ​រក​ហេតុ​ផល​រៀងៗ​ខ្លួន»

លោក ឡុង បញ្ញាវុឌ្ឍ មន្រ្តី​នៃ​អង្គការ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា តុលាការ​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ដែល​មាន​ការ​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ​នោះ​មិន​អាច​ដំណើរការ​ដោយ​គ្មាន​តម្លាភាព​នោះ​ទេ។

លោក ឡុង បញ្ញាវុឌ្ឍ ថ្លែង​ដូច្នេះ​ថា ៖ «បើ​សិន​ជា​តុលាការ​មួយ​ដំណើរការ​ទៅ​ហើយ ហើយ​រាំង​ស្ទះ ឬ​មួយ​ក៏​គ្រប់​ពេល​ក្នុង​ដំណាក់កាល​នីតិ​វិធី​ខាង​មេធាវី​តែង​តែ​លើក​គ្រប់​ពេល​វេលា​នូវ​បញ្ហា​ពុក​រលួយ ដូច្នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​នីត្យានុកូល​ភាព​របស់​សាលាក្ដី ហើយ​បើ​មិន​ដោះស្រាយ​រឿង​អំពើ​ពុក​រលួយ​ទេ។ ទោះ​បី​ជា​តុលាការ​នេះ​ទទួល​បាន​លុយ​ក៏​ដោយ ក៏​មិន​អាច​ឲ្យ​តុលាការ​នេះ​នឹង​កិត្តិយស​នៅ​ក្នុង​ឆាក​អន្តរជាតិ​បាន​ឡើយ»

រីឯ​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ឈ្មោះ លីកាដូ បាន​សម្តែង​ក្តី​បារម្ភ​ថា ការ​ខុស​ឆ្គង ឬ​ការ​បរាជ័យ​ផ្នែក​ណា​មួយ​នៃ​សាលាក្តី​នេះ នឹង​ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​សម្រាប់​ប្រជារាស្រ្ត​ខ្មែរ​ដែល​ជា​ជន​រង​គ្រោះ។

លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្លាច​ក្រែងលោ​គាត់​អស់​លុយ​ទៅ តុលាការ​ហ្នឹង​មិន​បាន​ត​ទៅ​ទៀត បាន​ន័យ​ថា មិន​បាន​កាត់​ទោស​អ្នក​ជាប់​ចោទ ៤​នាក់​ទៀត កាត់​ទោស​បាន​តែ ឌុច មួយ​ទៅ អត់​បាន​អ្នក ៤​នាក់​ទៀត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​កាន់​តែ​ព្រួយ​បារម្ភ​រឿង​ហ្នឹង​ហើយ មុខ​ជា​តឹង​ទ្រូង ព្រោះ​ឃើញ​ថា​អត់​បាន​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​បាត់​បង់​ជីវិត និង​គ្រួសារ​របស់​ជន​រង​គ្រោះ​ទាំង​ប៉ុន្មាន​ជិត ២​លាន​នាក់​ហ្នឹង»

លោក ហង្ស ឆ័យា នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ប្រជាធិបតេយ្យ​បាន​ថ្លែង​ពី​ទស្សនៈ​របស់​លោក​ថា ភាគី​ទាំង​អស់​ត្រូវ​តែ​បង្ហាញ​ពី​សុឆន្ទៈ​ដើម្បី​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​នេះ​ដំណើរការ​ដោយ​ឯករាជ្យ ៖ «ការ​លូក​ដៃ​ចូល​នៅ​ផ្នែក​ខាង​នយោបាយ​អីៗ អាហ្នឹង​យើង​ជឿ​ថា​យើង​ចៀសវាង​មិន​កើត ប៉ុន្តែ​យើង​គួរ​ស្នើ​សុំ​កុំ​ឲ្យ​វា​មាន​ការ​ប៉ះពាល់​ខ្លាំង​ពេក ពីព្រោះ​វា​បាន​ដំណើរការ​ទៅ​ហើយ ហើយ​ដំណើរការ​មួយ​ចំនួន​ដែល​យើង​បាន​ប្រព្រឹត្ត​មក​ដល់​ឥឡូវ​នេះ វា​មាន​វិបត្តិ​ណា​ដែល​គួរ​ដោះស្រាយ។ ហើយ​ត្រង់​ជំហរ​ខ្លះ​ដូច​ថា​យើង​ចង់​បាន​ឲ្យ​មាន​តម្លាភាព​និង​ឯករាជ​ភាព»

លោក សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ខ្មែរ​គួរ​តែ​មាន​សុច្ឆន្ទៈ​សម្រាប់​កិត្តិយស​ប្រវត្តិសាស្ត្រ​ក្នុង​រឿង​នេះ​ដែរ ៖ «បើ​សិន​ជា​មាន​រឿង​ហ្នឹង​កើត​ឡើង គឺ​ថា​បើ​សិន​ជា​យើង​ការពារ​អ្នក​ដែល​ខុស ឬ​ក៏​មិន​ព្រម​រក​បើក​ឲ្យ​មាន​តម្លាភាព ធ្វើ​ឲ្យ​ទាំង​ប្រជា​ពលរដ្ឋ​ខ្មែរ និយាយ​រួម​ទាំង​ជាតិ​ទាំង​អន្តរជាតិ​គេ​មាន​ការ​សង្ស័យ ហើយ​គេ​លែង​មាន​ការ​ទុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ ជា​ពិសេស​លែង​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​តែ​ម្ដង»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា មិន​មាន​ជម្លោះ​ធំ​ដុំ​ណា​មួយ​រវាង​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​រឿង​សាលាក្តី​ខ្មែរ​ក្រហម​នោះ​ទេ ហើយ​លោក​សង្ឃឹម​ថា បញ្ហា​នេះ​អាច​នឹង​ដោះស្រាយ​បាន​នៅ​ពេល​ឆាប់។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អង្គការ​សហប្រជាជាតិ​ជា​ដៃ​គូ​ប្រទេស​កម្ពុជា ក្នុង​ការ​ចាត់ចែង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​តុលាការ​ខ្មែរ​ក្រហម​ហ្នឹង​ទទួល​បាន​ជោគជ័យ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា​ទាំង​អស់​គ្នា គឺ​គ្មាន​នរណា​ចៅហ្វាយ​នរណា​ទេ»

នៅ​ពេល​នេះ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា ដែល​ហៅ​ជា​ភាសា​សាមញ្ញ​ថា តុលាការ​ខ្មែរ​ក្រហម​នោះ បាន​កំពុង​ដំណើរការ​កាត់​ក្តី​មេ​គុក​ស​-២១ ឬ​គុក​ទួលស្លែង ឈ្មោះ កាំង ហ្កេក​អ៊ាវ ហៅ ឌុច ក្នុង​ចំណោម​មេ​ដឹកនាំ​ខ្មែរ​ក្រហម ៥​នាក់ ដែល​បាន​ចោទ​ប្រកាន់​រួច​ហើយ​នោះ រួម​មាន នួន ជា ជា​ប្រធាន​សភា​ខ្មែរ​ក្រហម ខៀវ សំផន ប្រធាន​គណៈ​ប្រធាន​រដ្ឋ អៀង សារី ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ អៀង ធីរីទ្ធ ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច។

កាល​ពី​សប្តាហ៍​មុន ក្រុម​ចៅក្រម​នៃ​តុលាការ​ខ្មែរ​ក្រហម បាន​បដិសេធ​មិន​បើក​ការ​ស៊ើប​អង្កេត​តាម​ការ​ព្យាយាម​លើក​ឡើង​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម លោក ខៀវ សំផន និង​មេធាវី​របស់​លោក អៀង សារី ស្តីពី​ការ​ចោទ​ថា មាន​អំពើ​ពុករលួយ​ដែល​ថា បុគ្គលិក​ខ្មែរ​បាន​ត្រូវ​បង្ខំ​ឲ្យ​សូក​លុយ​ដើម្បី​បាន​ការងារ​ធ្វើ​ក្នុង​តុលាការ​ជា​យូរ​មក​ហើយ​នោះ៕