ពលរដ្ឋមួយរូបពីខេត្តកំពត ថ្លែងថា ៖ «មតិរបស់ខ្ញុំផ្ទាល់ថាវាមិនសមស្របដែរ គ្រាន់តែរឿងប៉ុណ្ណឹងវាមិនអាចធ្ងន់ធ្ងរអី។ នេះជារឿងអ្នកមានអំណាចគាបសង្កត់ស្មារតីរបស់គណបក្សប្រឆាំងតែប៉ុណ្ណោះតាមមើលទៅ»។
ចំណែកឯលោក វីរៈ ជាពលរដ្ឋមួយរូបនៅទីក្រុងភ្នំពេញ ថ្លែងយ៉ាងដូច្នេះដែរថា ៖ «បើតាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ហើយជាអ្នកចូលចិត្តតាមដានព្រឹត្តិការណ៍នយោបាយផងដែរ ឃើញថាកំពុងតែឈានទៅរករបបផ្ដាច់ការ ពីព្រោះថាតំណាងរាស្រ្ដ គឺរាស្រ្ដជាអ្នកបោះឆ្នោតជូន រួចទៅដកអភ័យឯកសិទ្ធិរបស់គាត់អ៊ីចឹង វាហាក់បីដូចជាប្រទេសមួយគ្មានច្បាប់ទម្លាប់អីទាល់តែសោះ។ វាអាក្រក់មែនទែន វាបង្ហាញកេរ្ដិ៍ឈ្មោះទៅលើអន្តរជាតិ វាអាក្រក់មែនទែន»។
សូមជម្រាបថា នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែមិថុនា នេះ រដ្ឋសភាជាតិនៃប្រទេសកម្ពុជា បានបើកកិច្ចប្រជុំមួយដើម្បីដកអភ័យឯកសិទ្ធិតំណាងរាស្ត្រពីររូប គឺដកអភ័យឯកសិទ្ធិលោកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រមណ្ឌលកំពត និងលោក ហូ វ៉ាន់ ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ។
ការដកអភ័យឯកសិទ្ធិនេះ គឺដោយសារលោកស្រី មូរ សុខហួរ រងការប្តឹងចោទពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែកឯលោក ហូ វ៉ាន់ ដែលរងការដកអភ័យឯកសិទ្ធិដែរនោះ គឺដោយសារលោករងការប្តឹងពីបទបរិហារកេរ្តិ៍និងបទញុះញ៉ង់ ចំពោះអ្វីដែលលោកបានអធិប្បាយអំពីគុណភាពសញ្ញាបត្ររបស់មន្ត្រីយោធាខ្មែរចំនួន ២២រូប ក្នុងនោះមានលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន និងលោកឧត្តមសេនីយ៍ គន់ គីម ផងដែរ ដែលទទួលពីសាលាយោធាវៀតណាមនោះ។
កិច្ចប្រជុំរបស់រដ្ឋសភាដើម្បីដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រនៃបក្សប្រឆាំងទាំងពីររូប គឺធ្វើឡើងដោយបិទទ្វារមិនអនុញ្ញាតឲ្យក្រុមអ្នកយកព័ត៌មាន តំណាងអង្គការសង្គមស៊ីវិល និងមន្ត្រីអង្គទូតនានា ចូលរួមតាមដាននោះឡើយ។
ប្រភពពីរដ្ឋសភាជាតិបានឲ្យដឹងថា មានតំណាងរាស្ត្រចំនួន ៩១រូប មកពីគណបក្ស ៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលបានលើកដៃយល់ព្រមឲ្យដកអភ័យឯកសិទ្ធិនៃតំណាងរាស្ត្របក្សប្រឆាំងទាំងពីររូបក្នុងពេលតែមួយនោះ។
លោកតំណាងរាស្ត្រ យឹម សុវណ្ណ ដែលជាអ្នកនាំពាក្យគណបក្សសមរង្ស៊ីដែរនោះ មានប្រសាសន៍ថា ក្រុមតំណាងរាស្ត្រមកពីបក្សប្រឆាំងបានសុំការអនុញ្ញាតពីលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិដើម្បីមានឱកាសថ្លែងការពារខ្លួនក្នុងរដ្ឋសភា ក៏ប៉ុន្តែសំណើនោះត្រូវបានបដិសេធ។
ដោយគ្មានឱកាសឡើងថ្លែងការពារខ្លួន ក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំងជាង ២០រូប បាននាំគ្នាដើរចេញពីរដ្ឋសភាជាតិ ដោយមានពាក់ម៉ាស់បិទមាត់ខ្លួនឯងគ្រប់ៗគ្នា ក្នុងន័យបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាន មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីអង្គទូតដែលឈររង់ចាំនៅខាងក្រៅរបងរដ្ឋសភានោះ ថាពួកគេបាត់បង់សិទ្ធិសេរីភាពនៃការបញ្ចេញមតិដើម្បីការពារខ្លួននោះហើយ។
លោកតំណាងរាស្ត្រ យឹម សុវណ្ណ បានហៅនីតិវិធីរបស់រដ្ឋសភាយ៉ាងដូច្នេះថា ៖ «យើងឃើញព្រឹកមិញនេះ តាមរយៈការដកអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្រ្ដគណបក្សសមរង្ស៊ី ២រូប ក្នុងពេលតែមួយ គឺប្រទេសកម្ពុជា កំពុងរអិលធ្លាក់ចូលទៅក្នុងរបបផ្ដាច់ការ ពីព្រោះស្ថាប័នរដ្ឋសភា ស្ថាប័នរដ្ឋាភិបាល ស្ថាប័នតុលាការហ្នឹង កំពុងតែប្រជែងគ្នាដើម្បីបញ្ចប់ទាំងស្រុងនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ហើយការលើកអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តទាំងពីររូបខាងលើនេះ គឺជាចេតនាគំរាមកំហែង បំផិតបំភ័យមកលើអ្នកតំណាងរាស្រ្ដនៃគណបក្សជំទាស់ ហើយជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរផងដែរមកលើអភ័យឯកសិទ្ធិជារបស់អ្នកតំណាងរាស្រ្ដ ដែលជាតំណាងប្រជាជាតិខ្មែរទាំងមូលនិងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានេះ លោក សារិទ្ធ ជាពលរដ្ឋមួយរូបទៀតនៅទីក្រុងភ្នំពេញ យល់ឃើញថា ៖ «ស្រុកខ្មែរយើងនេះ គឺលោក ហ៊ុន សែន គឺគាត់ជាមេខ្លោងធំបំផុតនៅស្រុកខ្មែរហ្នឹងហើយ អ្វីគាត់ចង់ដកមួយណាក៏បានដែរ អំណាចគឺស្ថិតនៅដៃលោក ហ៊ុន សែន ទាំងអស់។ ស្រុកខ្មែរចប់ ប្រជាពលរដ្ឋរហេមរហាម។ ឥឡូវសាំងឡើងដល់ ៣៧០០រៀលទៀតហើយ។ ឥឡូវនេះធ្វើបាបតែខ្មែរគ្នាឯង ខ្ញុំមិនយល់អ្នកដឹកនាំសព្វថ្ងៃ»។
ចំណែកឯក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួន ២២ នៅក្នុងប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយដែរថា សកម្មភាពរបស់រដ្ឋសភាជាតិដែលដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ គឺជាសញ្ញាដែលបង្ហាញថា ទាំងលទ្ធិប្រជាធិបតេយ្យនិងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា កំពុងតែត្រូវឈាន់ឈ្លី។
អង្គការសង្គមស៊ីវិលទាំងនោះក៏អំពាវនាវឲ្យរដ្ឋាភិបាលនិងតុលាការបញ្ចប់ករណីប្តឹងផ្តល់អ្នកតំណាងរាស្ត្រទាំងពីរ និងមេធាវីរបស់គេម្នាក់ទៀត គឺលោក គង់ សំអុន នោះផង។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងបក្សពីរទៀត ដែលគាំទ្រឲ្យដកអភ័យឯកសិទ្ធិនោះ មិនអាចទាក់ទងដើម្បីអធិប្បាយអំពីមូលហេតុដែលគេលើកដៃគាំទ្រការដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រនោះទេ។
សូមជម្រាបបន្ថែមថា លោកស្រី មូរ សុខហួរ ក៏បានប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ផងដែរ បន្ទាប់ពីលោកស្រីយល់ឃើញថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯស្រុកឈូក ខេត្តកំពត នាខែមេសា នោះ គឺមានបង្កប់ភាពអសុរោះ និងជាការថ្លែងដែលមានខ្លឹមសារសំដៅមកលើរូបលោកស្រី។
ក៏ប៉ុន្តែបណ្តឹងរបស់លោកស្រីត្រូវតុលាការចាត់ទុកថាមិនបានការ ដោយសារតែគ្មានភស្តុតាង។ ផ្ទុយទៅវិញតុលាការបន្តចាត់ការលើបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះលោកស្រី និងឈានដល់ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្ដរបស់លោកស្រីថែមទៀតផង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍មួយសប្តាហ៍មុនរដ្ឋសភាជាតិសម្រេចដកអភ័យឯកសិទ្ធិថា វាជាការងាយស្រួលក្នុងការរកសំឡេងពីរភាគបីដើម្បីដកអភ័យឯកសិទ្ធិនោះ ហើយអ្វីដែលបារម្ភនោះ គឺការរកសំឡេងពីរភាគបីដើម្បីផ្តល់អភ័យឯកសិទ្ធិដល់អ្នកទាំងនោះឡើងវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៀតថា លោកមិនមានសិទ្ធិអំណាចបញ្ជាតុលាការនិងរដ្ឋសភានោះឡើយ។ លោកបន្តថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវតែដើរទន្ទឹមនឹងច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ តុលាការនៅមិនទាន់ប្រកាសកំណត់កាលបរិច្ឆេទដើម្បីបើកការជំនុំជម្រះ ថាតើសេចក្ដីថ្លែងរបស់អ្នកតំណាងរាស្រ្ដទាំងពីររូបនោះ ត្រូវ ឬ ខុសនោះនៅឡើយទេ៕
