លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកតាមដានសភាពការណ៍វិវឌ្ឍន៍នៃនយោបាយនៅកម្ពុជា បានមានយោបល់លើការអនុញ្ញាតឲ្យមានការយាងរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ មកប្រទេសវិញ យ៉ាងដូច្នេះថា ៖ «ខ្ញុំថា ទីមួយ យើងច្រើនតែបំពានទៅលើនីតិវិធីនៃច្បាប់ជាធរមានរបស់យើង។ ការលើកលែងទោសនេះ ខ្ញុំសូមទោស ខ្ញុំសូមទិតៀនបន្តិច។ សម្ដេចក្រុមព្រះបានត្រូវតុលាការកំពូលផ្ដន្ទាទោស ហើយដោយសារជារឿងនយោបាយ ក៏មានការដោះដូរជាថ្នូរនយោបាយ ដោយសារសម្ដេចក្រុមព្រះទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោត ក៏មានសេចក្ដីសម្រេចថា លើកលែងទោស។ ត្រង់ហ្នឹង គឺថា នយោបាយវាធំជាងច្បាប់»។
ចំណែកលោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា បានមានប្រសាសន៍ថា ៖ «ព្រះអង្គ [សម្ដេចក្រុមព្រះ] ដែលយាងមកនេះ មានន័យថា ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើថ្នាក់ដឹកនាំជាតិ។ បញ្ហាសំខាន់គឺប្រព័ន្ធតុលាការ ហើយយើងប្រៀបធៀបជាមួយនឹង ប៊ន សំណាង និង សុខ សំអឿន ក្នុងពេលដែលអ្នកទាំងពីរកំពុងស្ថិតនៅក្នុងពន្ធនាគារ ដូច្នេះការយាងរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា»។
លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការសង្កេតការណ៍មួយ ឈ្មោះ ខុមហ្រ្វែល បានមានប្រសាសន៍ថា ការយាងរបស់ព្រះអង្គ នៅក្រោយការបោះឆ្នោតហាក់ដូចជាយឺតបន្តិច ៖ «ដូចជាមិនមានការប្រែប្រួលធំដុំអ្វីខាងនយោបាយទេ គ្រាន់តែថា ព្រះអង្គយាងមករាងយឺតបន្តិ...»។
សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ខែនិងសងប្រាក់ចំនួន ១៥ម៉ឺនដុល្លារដល់គណបក្សហ៊្វុនស៊ិនប៉ិច ដោយចោទពីបទក្បត់ការទុកចិត្ត។
នៅក្រោយពេលមានការកាត់ទោសនោះ ព្រះអង្គបានយាងគង់និរទេសនៅប្រទេសម៉ាឡេស៊ី មិនចូលមកប្រទេសវិញទេ ហើយការគង់នៅក្រៅប្រទេសរបស់ព្រះអង្គបានបណ្តាលឲ្យគណបក្សព្រះអង្គបានឈ្នះអាសនៈក្នុងសភាចំនួន២តែប៉ុណ្ណោះ ក្នុងការបោះឆ្នោតកាលពីខែកក្កដា កន្លងទៅ។
កាលពីថ្ងៃទី២៦ កញ្ញា កន្លងមកនេះ ព្រះមហាក្សត្របានព្រះរាជទានការលើកលែងទោសដល់ព្រះអង្គ ក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាសាធារណៈថា លោកយល់ព្រមចំពោះការយាងចូលប្រទេសរបស់សម្តេចក្រុមព្រះ៕
