ទស្សនៈ​ជុំវិញ​ថ្ងៃ ៧ មករា

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ក្នុង​រដ្ឋាភិបាល ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់ និង​​រំលឹក​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ភ្លេច​គុណ​ចំពោះ​ទិវា​ជ័យ​ជម្នះ ៧ មករា ដែល​បាន​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​នោះ។

0:00 / 0:00

ផ្ទុយ​ទៅ​វិញ អ្នក​ប្រវត្តិសាស្ត្រ និង​អ្នក​នយោបាយ​មួយ​ចំនួន​យល់​ថា ពលរដ្ឋ​មិន​ចាំបាច់​ដឹង​គុណ​ថ្ងៃ​៧ មករា ទាំង​ងងឹត​ងងុល​នោះ​ទេ ដោយ​ពួក​គេ​ត្រូវ​សិក្សា​បន្ថែម​ទៀត​ឲ្យ​បាន​ច្បាស់​ពី​ប្រវត្តិសាស្ត្រ។

ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ផ្សព្វផ្សាយ​ថា ជា​ថ្ងៃ​កំណើត​ទី​២ របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នាំ​ឲ្យ​មាន​ថ្ងៃ​៧ មករា នោះ​ទេ ដោយ​ពួកគេ​គ្រាន់​តែ​ផ្សព្វផ្សាយ​ថា ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​​ជាតិ​កម្ពុជា ជាមួយ​កងទ័ព​វៀតណាម ចូល​រំដោះ​ប្រទេស​កម្ពុជា និង​ណែនាំ​ឲ្យ​ពលរដ្ឋ​ទូទៅ​ដឹង​គុណ​ថ្ងៃ​៧ មករា ថែម​ទៀត។

ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រៃវែង លោក ប៊ុន ណេត មាន​ប្រសាសន៍​ថា ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ បាន​រំដោះ​គ្រួសារ​លោក និង​ពលរដ្ឋ​ទូទាំង​ប្រទេស​ឲ្យ​ឆ្លង​រួច​ពី​ទុក្ខ​វេទនា ជា​ពិសេស​គេច​ផុត​ពី​ការ​សម្លាប់​រង្គាល​របស់​ពួក ប៉ុល ពត។

លោក​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ​តែងតែ​ដឹង​តាម​ទូរទស្សន៍ និង​វិទ្យុ​នានា និយាយ​ពី​គុណ​បំណាច់​នៃ​ថ្ងៃ​៧ មករា ប៉ុន្តែ​លោក​មិន​ដឹង​ថា តើ​ត្រូវ​សង​គុណ​ដោយ​វិធី​នោះ​ឡើយ៖ «គិត​ទៅ​វា​សំខាន់​ដែរ យើង​កាល​នោះ​ហាក់​ដូច​ជា​អស់​សង្ឃឹម ហើយ​បាន​ថ្ងៃ​៧ មករា ហ្នឹង​ធ្វើ​ឲ្យ​យើង​រស់​រាន​ឡើង​វិញ មើល​ឃើញ​ប្លែក​ច្រើន​តាំង​ពី​នោះ​មក»

លោក ប៊ុន ណេត បន្ត​ថា សព្វ​ថ្ងៃ​ឃើញ​មាន​ការ​អភិវឌ្ឍ​តែ​ក៏​ឃើញ​កន្លែង​ខ្លះ​មាន​មនុស្ស​រង​ទុក្ខ​សោក។

តាម​រយៈ​បទសម្ភាសន៍​មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​និយាយ​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​ដែល​រំដោះ​ពួកគេ​ឲ្យ​រួច​ពី​ការ​កាប់​សម្លាប់​របស់ ប៉ុល ពត ហើយ​ពួក​គាត់​អះអាង​ស្រដៀង​គ្នា​ថា បាន​សង​គុណ​ថ្ងៃ​៧ មករា ដោយ​ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ហាក់​មិន​បាន​ឲ្យ​តម្លៃ​ចំពោះ​ការ​លើក​ទ័ព​វៀតណាម ចូល​មក​កាន់​កម្ពុជា នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៉ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ពលរដ្ឋ​កម្ពុជា មិន​គួរ​ណា​ដឹង​គុណ​ថ្ងៃ​៧ មករា ដោយ​ងងឹត​ងងុល រហូត​ដល់​បណ្ដោយ​ឲ្យ​គណបក្ស​កាន់​អំណាច​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត​ទេ។

លោក​បន្ត​ថា តាម​រយៈ​ថ្ងៃ​៧ មករា វៀតណាម​បាន​ដាក់​ទ័ព​ចូល​ឈ្លាន​ពាន​គ្រប់គ្រង​កម្ពុជា និង​កេងប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​ពី​កម្ពុជា យក​ទៅ​ប្រទេស​ខ្លួន​យ៉ាង​ច្រើន ដូចជា​ព្រៃ​ឈើ ធនធាន​រ៉ែ ជាដើម។

លោក សុន ឆ័យ បញ្ជាក់​ថា ព្រោះ​តែ​រដ្ឋាភិបាល​កម្ពុជា នៅ​សម័យ​ក្រោយ​ឆ្នាំ​១៩៧៩ នៅ​ក្រោម​ឥទ្ធិពល​វៀតណាម ទើប​វៀតណាម បង្ខំ​កម្ពុជា​ឲ្យ​ចុះ​សន្ធិសញ្ញា​ព្រំដែន និង​បើក​ផ្លូវ​ឲ្យ​ជនជាតិ​វៀតណាម ចូល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៀត​ផង។

លោក សុន ឆ័យ៖ «ក្រោយ​ពី​ការ​ដួល​រំលំ​របប ប៉ុល ពត ទៅ​វៀតណាម​ហ្នឹង​បាន​បន្ត​កេង​ប្រវ័ញ្ច​ពី​ប្រទេស​កម្ពុជា មិន​ចេះ​ចប់​មិន​ចេះ​ហើយ តាម​រយៈ​ទង្វើ​ដោយ​ផ្ទាល់ នៅ​ពេល​ដែល​កងទ័ព​របស់​ខ្លួន​ជា​ច្រើន​សែន​នាក់​នៅ​លើ​ទឹក​ដី​កម្ពុជា ហើយ​បាន​បន្ត​ធ្វើ​ប្រើប្រាស់​ឥទ្ធិពល​នេះ ដូច​នេះ​យើង​ពិបាក​ឲ្យ​តម្លៃ​ថ្ងៃ​៧ មករា ដូច​គណបក្ស​ប្រជាជន​ប្រកាស​ណាស់»

លោក សុន ឆ័យ បន្ត​ថា រាជរដ្ឋាភិបាល​សព្វថ្ងៃ​រាប់​អាន​វៀតណាម ជិតស្និទ្ធ​ជាង​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​ទៅ​ទៀត មក​ពី​ដឹង​គុណ​វៀតណាម តាំង​ពី​ថ្ងៃ​៧ មករា នោះ​ឯង។ តាម​រយៈ​ការ​ដឹង​គុណ​នេះ ដីធ្លី​ជា​ច្រើន​ត្រូវ​បាន​ផ្ដល់​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម រយៈពេល ៩៩​ឆ្នាំ រី​ឯ​ច្បាប់​អន្តោប្រវេសន៍​ក៏​មិន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នាំ​ឲ្យ​ជនជាតិ​វៀតណាម ជា​ច្រើន​ម៉ឺន​នាក់​មក​រស់​នៅ​ដោយ​សេរី​ក្នុង​ប្រទេស​កម្ពុជា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១២។

ទោះ​យ៉ាង​ណា​ក៏ដោយ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ពេល​កន្លង​ទៅ​ធ្លាប់​បដិសេធ​ថា រាជរដ្ឋាភិបាល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម នោះ​ទេ។ លោក​បន្ត​ថា តាំង​ពី​លោក​នៅ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​សម័យ​រដ្ឋ​កម្ពុជា ក៏​រដ្ឋាភិបាល​សម័យ​នោះ​គិតគូរ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ដែរ។

លោក ហ៊ុន សែន ក៏​ធ្លាប់​ហៅ​អ្នក​ដែល​រិះគន់​ថ្ងៃ​៧ មករា ថា ជា​មនុស្ស​រមិលគុណ និង​ជា​មនុស្ស​គ្មាន​ខួរ​ក្បាល​ដែរ។

តាម​រយៈ​ការ​សិក្សា​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ រដ្ឋាភិបាល​ខ្មែរ​ក្រហម​ប្រកាន់​យក​គោលនយោបាយ​បោស​សំអាត​ផ្ទៃ​ក្នុង ទើប​ធ្វើ​ឲ្យ​កងទ័ព​របស់​ខ្លួន​មួយ​ចំនួន​ដែល​ដឹក​នាំ​ដោយ​បុគ្គល​សំខាន់ៗ ក្នុង​គណបក្ស​ប្រជាជន ដូចជា​លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន រត់​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​កែន​ទ័ព​វាយ​បក​ប្រឆាំង​ខ្មែរ​ក្រហម​វិញ។

ម្យ៉ាង​ទៀត​ខ្មែរ​ក្រហម​បើក​យុទ្ធនាការ​វាយ​កម្ទេច​វៀតណាម ដោយសារ​តែ​វៀតណាម លើក​ទ័ព​ចូល​ឈ្លាន​ពាន​ដែន​ទឹក​កម្ពុជា។ មូលហេតុ​ទាំង​នេះ​បណ្តាល​ឲ្យ​វៀតណាម និង​កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា សហការ​គ្នា​វាយ​កម្ទេច​របប​ខ្មែរ​ក្រហម​ឲ្យ​ចេញ​ពី​ភ្នំពេញ នៅ​ថ្ងៃ​៧ មករា ១៩៧៩ តែម្ដង។នៅ​ពេល​នោះ​អតីត​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ ក៏​បាន​ទៅ​ប្ដឹង​នៅ​អង្គការ​សហប្រជាជាតិ​ពី​ករណី​វៀតណាម ឈ្លាន​ពាន​កម្ពុជា​ដែរ ប៉ុន្តែ​មិន​មាន​ប្រទេស​ណា​មួយ​ហ៊ាន​ជួយ​ព្រះអង្គ​ឡើយ​រាប់​ទាំង​អាមេរិក ទើប​ព្រះអង្គ​ត្រូវ​បាន​ចិន យាង​ទៅ​គង់​នៅ​ទី​នោះ។

ចំណែក​ឯ​វៀតណាម ក៏​បាន​ចាត់​ចែង​មន្ត្រី​ជំនាញ​ការ​របស់​ខ្លួន​គ្រប់​ក្រសួង​មន្ទីរ ខេត្ត ស្រុក នៅ​ទូទាំង​ប្រទេស ដើម្បី​គ្រប់គ្រង​កម្ពុជា ដែល​ជា​ទង្វើ​រំលោភ​ច្បាប់​អន្តរជាតិ និង​រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា មតក​ថ្ងៃ​៧ មករា បន្សល់​ទុក​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដែល​នាំ​កម្ពុជា ឲ្យ​ចេញ​ផុត​ពី​របប​ខ្មែរ​ក្រហម​នាំ​មក​នូវ​ក្ដី​សង្ឃឹម​ជា​ថ្មី​សម្រាប់​ពលរដ្ឋ​ខ្មែរ។

លោក​បន្ត​ថា ពលរដ្ឋ​ទូទៅ​អាច​ចង​ចាំ​ស្មារតី ៧ មករា ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា គណបក្ស​កាន់​អំណាច​ធ្វើ​អ្វី​ត្រឹមត្រូវ​ទាំង​អស់​នោះ​ឡើយ ដូច​នេះ​ប្រទេស​កម្ពុជា ត្រូវ​តែ​ប្រកាន់​យក​នីតិរដ្ឋ និង​ការ​គោរព​ច្បាប់​ជា​ចម្បង។

លោក សុខ ទូច បញ្ជាក់​ថា ពលរដ្ឋ​មិន​ត្រូវ​ដឹង​គុណ​វៀតណាម នោះ​ទេ ព្រោះ​វៀតណាម លើក​ទ័ព​មក​វាយ​ខ្មែរ​ក្រហម​ក៏​ដើម្បី​តែ​ផល​ប្រយោជន៍​ដែរ៖ «យើង​មិន​អាច​បំភ្លេច​បាន​ទេ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ ការ​ចែក​រំលែក ហើយ​និង​តម្លៃ​ដែល​ពិភពលោក​មិន​អើពើ​ចំពោះ​ការ​រង​ទុក្ខ​របស់​កម្ពុជា ក្រៅ​ពី​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ វៀតណាម​យើង​មិន​ត្រូវ​ដឹង​គុណ​ទេ»

អ្នក​ជំនាញ​បញ្ហា​សង្គម​លើក​ឡើង​ថា ថ្ងៃ​៧ មករា នៅ​តែ​ជា​ប្រធាន​បទ​ចម្បង​ដែល​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ដើម្បី​អូស​ទាញ​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ។ ប៉ុន្តែ​ឥទ្ធិពល​ថ្ងៃ​នេះ នឹង​សាប​រលាប​បន្តិច​ម្តងៗ ទៅ​តាម​ការ​បំពេញ​ការងារ​របស់​រាជរដ្ឋាភិបាល ហើយ​ថ្ងៃ​នេះ​នឹង​លែង​មាន​ន័យ​បើ​សិន​ជា​រាជរដ្ឋាភិបាល​កម្ពុជា មិន​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។