ផ្ទុយទៅវិញ អ្នកប្រវត្តិសាស្ត្រ និងអ្នកនយោបាយមួយចំនួនយល់ថា ពលរដ្ឋមិនចាំបាច់ដឹងគុណថ្ងៃ៧ មករា ទាំងងងឹតងងុលនោះទេ ដោយពួកគេត្រូវសិក្សាបន្ថែមទៀតឲ្យបានច្បាស់ពីប្រវត្តិសាស្ត្រ។
ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានគណបក្សកាន់អំណាចផ្សព្វផ្សាយថា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ក្រុមមន្ត្រីរដ្ឋាភិបាលមិនបានបញ្ជាក់ពីមូលហេតុនាំឲ្យមានថ្ងៃ៧ មករា នោះទេ ដោយពួកគេគ្រាន់តែផ្សព្វផ្សាយថា ថ្ងៃនោះជាថ្ងៃដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាមួយកងទ័ពវៀតណាម ចូលរំដោះប្រទេសកម្ពុជា និងណែនាំឲ្យពលរដ្ឋទូទៅដឹងគុណថ្ងៃ៧ មករា ថែមទៀត។
ប្រជាពលរដ្ឋរស់នៅខេត្តព្រៃវែង លោក ប៊ុន ណេត មានប្រសាសន៍ថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ បានរំដោះគ្រួសារលោក និងពលរដ្ឋទូទាំងប្រទេសឲ្យឆ្លងរួចពីទុក្ខវេទនា ជាពិសេសគេចផុតពីការសម្លាប់រង្គាលរបស់ពួក ប៉ុល ពត។
លោកបន្តថា ជារៀងរាល់ឆ្នាំតែងតែដឹងតាមទូរទស្សន៍ និងវិទ្យុនានា និយាយពីគុណបំណាច់នៃថ្ងៃ៧ មករា ប៉ុន្តែលោកមិនដឹងថា តើត្រូវសងគុណដោយវិធីនោះឡើយ៖ «គិតទៅវាសំខាន់ដែរ យើងកាលនោះហាក់ដូចជាអស់សង្ឃឹម ហើយបានថ្ងៃ៧ មករា ហ្នឹងធ្វើឲ្យយើងរស់រានឡើងវិញ មើលឃើញប្លែកច្រើនតាំងពីនោះមក»។
លោក ប៊ុន ណេត បន្តថា សព្វថ្ងៃឃើញមានការអភិវឌ្ឍតែក៏ឃើញកន្លែងខ្លះមានមនុស្សរងទុក្ខសោក។
តាមរយៈបទសម្ភាសន៍មានប្រជាពលរដ្ឋភាគច្រើនដែលនិយាយថា ថ្ងៃ៧ មករា ជាថ្ងៃដែលរំដោះពួកគេឲ្យរួចពីការកាប់សម្លាប់របស់ ប៉ុល ពត ហើយពួកគាត់អះអាងស្រដៀងគ្នាថា បានសងគុណថ្ងៃ៧ មករា ដោយការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែក្រុមពលរដ្ឋហាក់មិនបានឲ្យតម្លៃចំពោះការលើកទ័ពវៀតណាម ចូលមកកាន់កម្ពុជា នោះឡើយ។
ទោះជាយ៉ាងណាក្ដី អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៉ី លោក សុន ឆ័យ មានប្រសាសន៍ថា ពលរដ្ឋកម្ពុជា មិនគួរណាដឹងគុណថ្ងៃ៧ មករា ដោយងងឹតងងុល រហូតដល់បណ្ដោយឲ្យគណបក្សកាន់អំណាចធ្វើអ្វីតាមទំនើងចិត្តទេ។
លោកបន្តថា តាមរយៈថ្ងៃ៧ មករា វៀតណាមបានដាក់ទ័ពចូលឈ្លានពានគ្រប់គ្រងកម្ពុជា និងកេងប្រវ័ញ្ចទ្រព្យសម្បត្តិពីកម្ពុជា យកទៅប្រទេសខ្លួនយ៉ាងច្រើន ដូចជាព្រៃឈើ ធនធានរ៉ែ ជាដើម។
លោក សុន ឆ័យ បញ្ជាក់ថា ព្រោះតែរដ្ឋាភិបាលកម្ពុជា នៅសម័យក្រោយឆ្នាំ១៩៧៩ នៅក្រោមឥទ្ធិពលវៀតណាម ទើបវៀតណាម បង្ខំកម្ពុជាឲ្យចុះសន្ធិសញ្ញាព្រំដែន និងបើកផ្លូវឲ្យជនជាតិវៀតណាម ចូលរស់នៅក្នុងប្រទេសកម្ពុជា ទៀតផង។
លោក សុន ឆ័យ៖ «ក្រោយពីការដួលរំលំរបប ប៉ុល ពត ទៅវៀតណាមហ្នឹងបានបន្តកេងប្រវ័ញ្ចពីប្រទេសកម្ពុជា មិនចេះចប់មិនចេះហើយ តាមរយៈទង្វើដោយផ្ទាល់ នៅពេលដែលកងទ័ពរបស់ខ្លួនជាច្រើនសែននាក់នៅលើទឹកដីកម្ពុជា ហើយបានបន្តធ្វើប្រើប្រាស់ឥទ្ធិពលនេះ ដូចនេះយើងពិបាកឲ្យតម្លៃថ្ងៃ៧ មករា ដូចគណបក្សប្រជាជនប្រកាសណាស់»។
លោក សុន ឆ័យ បន្តថា រាជរដ្ឋាភិបាលសព្វថ្ងៃរាប់អានវៀតណាម ជិតស្និទ្ធជាងពលរដ្ឋខ្មែរគ្នាឯងទៅទៀត មកពីដឹងគុណវៀតណាម តាំងពីថ្ងៃ៧ មករា នោះឯង។ តាមរយៈការដឹងគុណនេះ ដីធ្លីជាច្រើនត្រូវបានផ្ដល់សម្បទានទៅឲ្យក្រុមហ៊ុនវៀតណាម រយៈពេល ៩៩ឆ្នាំ រីឯច្បាប់អន្តោប្រវេសន៍ក៏មិនអនុវត្តឲ្យមានប្រសិទ្ធភាពនាំឲ្យជនជាតិវៀតណាម ជាច្រើនម៉ឺននាក់មករស់នៅដោយសេរីក្នុងប្រទេសកម្ពុជា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានទេ នៅថ្ងៃទី៦ មករា ឆ្នាំ២០១២។
ទោះយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីពេលកន្លងទៅធ្លាប់បដិសេធថា រាជរដ្ឋាភិបាលមិនស្ថិតក្រោមឥទ្ធិពលវៀតណាម នោះទេ។ លោកបន្តថា តាំងពីលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីសម័យរដ្ឋកម្ពុជា ក៏រដ្ឋាភិបាលសម័យនោះគិតគូរផលប្រយោជន៍ជាតិជាធំដែរ។
លោក ហ៊ុន សែន ក៏ធ្លាប់ហៅអ្នកដែលរិះគន់ថ្ងៃ៧ មករា ថា ជាមនុស្សរមិលគុណ និងជាមនុស្សគ្មានខួរក្បាលដែរ។
តាមរយៈការសិក្សាប្រវត្តិសាស្ត្របង្ហាញថា នៅចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ រដ្ឋាភិបាលខ្មែរក្រហមប្រកាន់យកគោលនយោបាយបោសសំអាតផ្ទៃក្នុង ទើបធ្វើឲ្យកងទ័ពរបស់ខ្លួនមួយចំនួនដែលដឹកនាំដោយបុគ្គលសំខាន់ៗ ក្នុងគណបក្សប្រជាជន ដូចជាលោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន រត់ចូលទៅក្នុងប្រទេសវៀតណាម ដើម្បីកែនទ័ពវាយបកប្រឆាំងខ្មែរក្រហមវិញ។
ម្យ៉ាងទៀតខ្មែរក្រហមបើកយុទ្ធនាការវាយកម្ទេចវៀតណាម ដោយសារតែវៀតណាម លើកទ័ពចូលឈ្លានពានដែនទឹកកម្ពុជា។ មូលហេតុទាំងនេះបណ្តាលឲ្យវៀតណាម និងកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា សហការគ្នាវាយកម្ទេចរបបខ្មែរក្រហមឲ្យចេញពីភ្នំពេញ នៅថ្ងៃ៧ មករា ១៩៧៩ តែម្ដង។នៅពេលនោះអតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ក៏បានទៅប្ដឹងនៅអង្គការសហប្រជាជាតិពីករណីវៀតណាម ឈ្លានពានកម្ពុជាដែរ ប៉ុន្តែមិនមានប្រទេសណាមួយហ៊ានជួយព្រះអង្គឡើយរាប់ទាំងអាមេរិក ទើបព្រះអង្គត្រូវបានចិន យាងទៅគង់នៅទីនោះ។
ចំណែកឯវៀតណាម ក៏បានចាត់ចែងមន្ត្រីជំនាញការរបស់ខ្លួនគ្រប់ក្រសួងមន្ទីរ ខេត្ត ស្រុក នៅទូទាំងប្រទេស ដើម្បីគ្រប់គ្រងកម្ពុជា ដែលជាទង្វើរំលោភច្បាប់អន្តរជាតិ និងរំលោភអធិបតេយ្យភាពរបស់កម្ពុជា។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា មតកថ្ងៃ៧ មករា បន្សល់ទុកនូវប្រវត្តិសាស្ត្រថ្មីមួយដែលនាំកម្ពុជា ឲ្យចេញផុតពីរបបខ្មែរក្រហមនាំមកនូវក្ដីសង្ឃឹមជាថ្មីសម្រាប់ពលរដ្ឋខ្មែរ។
លោកបន្តថា ពលរដ្ឋទូទៅអាចចងចាំស្មារតី ៧ មករា ប៉ុន្តែមិនមែនបានន័យថា គណបក្សកាន់អំណាចធ្វើអ្វីត្រឹមត្រូវទាំងអស់នោះឡើយ ដូចនេះប្រទេសកម្ពុជា ត្រូវតែប្រកាន់យកនីតិរដ្ឋ និងការគោរពច្បាប់ជាចម្បង។
លោក សុខ ទូច បញ្ជាក់ថា ពលរដ្ឋមិនត្រូវដឹងគុណវៀតណាម នោះទេ ព្រោះវៀតណាម លើកទ័ពមកវាយខ្មែរក្រហមក៏ដើម្បីតែផលប្រយោជន៍ដែរ៖ «យើងមិនអាចបំភ្លេចបានទេជាលក្ខណៈប្រវត្តិសាស្ត្រ ការចែករំលែក ហើយនិងតម្លៃដែលពិភពលោកមិនអើពើចំពោះការរងទុក្ខរបស់កម្ពុជា ក្រៅពីរណសិរ្សសាមគ្គីសង្គ្រោះជាតិ វៀតណាមយើងមិនត្រូវដឹងគុណទេ»។
អ្នកជំនាញបញ្ហាសង្គមលើកឡើងថា ថ្ងៃ៧ មករា នៅតែជាប្រធានបទចម្បងដែលគណបក្សកាន់អំណាចប្រើប្រាស់ដើម្បីអូសទាញសំឡេងឆ្នោតពីពលរដ្ឋ។ ប៉ុន្តែឥទ្ធិពលថ្ងៃនេះ នឹងសាបរលាបបន្តិចម្តងៗ ទៅតាមការបំពេញការងាររបស់រាជរដ្ឋាភិបាល ហើយថ្ងៃនេះនឹងលែងមានន័យបើសិនជារាជរដ្ឋាភិបាលកម្ពុជា មិនជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
