បក្ស​សម​រង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​បន្ដ​បេ្ដជ្ញា​ចិត្ត​មិន​ចូល​រួម​សម័យ​ប្រជុំ​សភា​លើក​ដំបូង

គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ធ្វើ​ពហិការ​ពិធី​ធ្វើ​សច្ចា​ប្រណិធាន​មុន​ចូល​កាន់​តំណែង​ជា​តំណាងរាស្រ្ត រួម​ជាមួយ​សមាជិក​សភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ដទៃ​ទៀត។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី​និង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ខណៈ​នេះ​ឋិត​នៅ​ឯ​ប្រទេស​បារាំង បាន​ថ្លែង​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន បដិសេធ​លទ្ធផល​ការបោះឆ្នោត​សាកល​ថ្ងៃ​២៧​កក្កដា​កន្លង​មក​នេះ នា​កិច្ច​ប្រជុំ​មួយ​ដែល​មាន​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​និង​ជុំវិញ​ក្រុង​ប៉ារីស​ចំនួន​ជាង ១០០​នាក់​ចូលរួម កាល​ពី​ថ្ងៃ​អាទិត្យ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ដូច្នេះ ៖ «គណបក្ស​សិទ្ធិ​មនុស្ស ហើយ​គណបក្ស​សម​រង្ស៊ី ដែល​មាន​តំណាងរាស្រ្ដ​ជាប់​ឆ្នោត​ថ្មីៗ​នេះ ២៩​រូប គឺ​យើង​បាន​សម្រេច​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា ហើយ​មិន​ចូលរួម​ក្នុង​ពិធិ​សច្ចា​ប្រណិធាន​ជាមួយ​នឹង​គណបក្ស​ប្រជាជន។ តំណាងរាស្រ្ដ​គណបក្ស​ប្រជាជន ដែល​ជាប់​ឆ្នោត​នោះ យើង​យល់​ឃើញ​ថា មួយ​ចំនួន​ធំ គឺ​បាន​មក​ពី​ការលួច​បន្លំ​សន្លឹក​ឆ្នោត ដូច្នេះ​យើង​អត់​ទៅ​ចូលរួម​ស្បថ​ជាមួយ​អ្នក​ទាំង​អស់​នោះ​ទេ យើង​នឹង​ចូលរួម​ក្នុង​ពិធី​ធ្វើ​សច្ចា​ប្រណិធាន​ដោយ​ឡែក»

ក្រៅពី​ជួប​អធិប្បាយ​ពី​ស្ថានការណ៍​ស្រុក​ខ្មែរ​ជូន​ជន​រួម​ជាតិ​នៅ​ក្រុង​ប៉ារីស​ហើយ មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​២ ក៏​មាន​គម្រោង​ផ្សព្វផ្សាយ​ពី​ពហិការ​របស់​បក្ស​និង​ពី​ភាព​មិន​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​កន្លង​មក​នេះ នៅ​ទី​ផ្សេងៗ​មួយ​ចំនួន​ទៀត ៖ «យើង​មាន​គម្រោង គឺ​យើង​ជួប​ថ្នាក់​ដឹកនាំ​ប្រទេស​បារាំង ទាំង​តំណាង​ខាង​រដ្ឋាភិបាល ទាំង​តំណាង​ខាង​សភា​ប្រទេស​បារាំង បន្ទាប់​មក​នឹង​ទៅ​ទីក្រុង​ប្រ៊ូសែល គឺ​ជា​ទីស្នាក់ការ​ធំ​នៃ​សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស ២៧​ប្រទេស ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​នេះ។ យើង​ទៅ​សភា​អឺរ៉ុប​ផង យើង​ទៅ​ជួប​គណៈកម្មការ​អឺរ៉ុប ដែល​ជា​ស្ថាប័ន​ដឹកនាំ​សហភាព​អឺរ៉ុប​នេះ ហើយ​បើ​យើង​អាច​ធ្វើ​ទៅ​បាន អាស្រ័យ​ទៅ​លើ​កម្មវិធី​ថ្នាក់​ដឹកនាំ​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​អាល្លឺម៉ង់ អាច​ទៅ​ទីក្រុង​ប៊ែរឡាំង​ទៀត។ ក៏​ប៉ុន្តែ​លើក​នេះ ប្រហែល​ជា​ពេល​វេលា​ខ្លី​ពេក យើង​ទៅ​ប្រទេស​កម្ពុជា​វិញ ឲ្យ​ទាន់​ថ្ងៃ​១៥ ពីព្រោះ​ពេល​នោះ មាន​តំណាង​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គឺ​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ... លោក​នឹង​ទៅ​ដល់​ប្រទេស​កម្ពុជា​ថ្ងៃ​ទី​១៥ ហើយ​យើង​ត្រូវ​ទៅ​ជួប​គាត់ ថ្ងៃ​ទី​១៥ នៅ​ទីក្រុង​ភ្នំពេញ។ ហើយ​បន្ទាប់​ហ្នឹង យើង​អាច​នឹង​ទៅ​ទីក្រុង​វ៉ាស៊ីនតុន និង​ទៅ​ទីក្រុង​ញូវយ៉ក ទៅ​ជួប​តំណាង​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក»

ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​មិន​ខ្លាច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យក​អាសនៈ​ទាំង ២៩ របស់​គណបក្ស​ទាំង​២ ទៅ​ចែកចាយ​ដល់​បក្ស​ដទៃ​ទេ​ឬ​នោះ លោក សម រង្ស៊ី ពន្យល់​យ៉ាង​ដូច្នេះ​ថា ៖ «មិន​អាច​ទៅ​រួច​ទេ មិន​អាច​លួច​ប្លន់​សន្លឹក​ឆ្នោត​ផង ហើយ​លួច​ប្លន់​អាសនៈ​នៅ​រដ្ឋសភា​ថែម​ទៀត មិន​អាច​ទៅ​រួច​ទេ បើ​ថា​គណបក្ស​ប្រជាជន​ហ៊ាន​ធ្វើ​ដល់​កម្រិត​ហ្នឹង គឺ​ពេល​នោះ នឹង​មាន​ការ​ថ្កោលទោស​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ទាំង​មូល ហើយ​អត់​មាន​នរណា​ទទួល​ស្គាល់​ទេ សភា​ហ្នឹង​មិន​មែន​ជា​សភា​ជាតិ​ទេ គឺ​ជា​សភា​បក្ស សភា​គណបក្ស​ប្រជាជន ដែល​ខ្ញុំ សម រង្ស៊ី ហៅ​ថា សភា​ចោរ ព្រោះ​សភា​ហ្នឹង គឺ​តំណាង​រាស្រ្ដ​ភាគ​ច្រើន​លួច​សន្លឹក​ឆ្នោត លួច​ឈ្មោះ​អ្នក​ដឹកនាំ ជា​សភា​ចោរ ជា​សភា​ខ្មោច ពីព្រោះ​ឲ្យ​អ្នក​ដែល​អត់​មាន​សិទ្ធិ​បោះឆ្នោត យក​ឈ្មោះ​ខ្មោច​យក​ទៅ​បោះ​ច្រើន​ណាស់ ហើយ​ជា​សភា​យួន។ មាន​ជនជាតិ​យួន​បាន​បន្លំ​ធ្វើ​ជា​ខ្មែរ ទៅ​បោះឆ្នោត​ជាមួយ​ខ្មែរ បោះឆ្នោត​ដោយ​ខុស​ច្បាប់ ដូច្នេះ មិន​មែន​ជា​សភា​ជាតិ​ទេ ជា​សភា​ចោរ ជា​សភា​ខ្មោច និង​ជា​សភា​យួន សភា​បែប​នេះ អត់​មាន​នរណា​ទទួល​ស្គាល់​ទេ»