ថ្លែងតាមទូរស័ព្ទប្រាប់វិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បានបញ្ជាក់ថា ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ គឺជាអង្គក្សត្រតែមួយអង្គគត់ដែលនឹងធានាដល់បូរណភាពនិងអធិបតេយ្យជាតិខ្មែរ។
លោក សម រង្ស៊ី ថ្លែងដូច្នេះថា ៖ «ពីព្រោះព្រះអង្គ[អតីតព្រះមហាក្សត្រ] ជាព្រះបិតាជាតិ ជាព្រះបិតាបូរណភាពទឹកដី ព្រះបិតាឯករាជ្យជាតិ ដូច្នេះព្រះអង្គមានតួនាទីធំណាស់ ហើយមានតែព្រះអង្គទេ ដែលអាចការពារទឹកដីប្រទេសកម្ពុជាឲ្យបានគង់វង្ស»។
សេចក្តីស្នើរបស់លោក សម រង្ស៊ី នេះ បានធ្វើឡើងក្នុងគ្រាដែលកម្ពុជាកំពុងតែកើតជម្លោះព្រំដែនជាមួយប្រទេសថៃ ក្រោយពេលដែលកងទ័ពថៃបានចូលមកកាន់កាប់ទឹកដីព្រំដែនខ្មែរជាច្រើនកន្លែង ជាពិសេស តំបន់ក្បែរប្រាសាទព្រះវិហារ ដែលកម្ពុជាបានចោទប្រកាន់ថាជាការឈ្លានពាន។
នៅពេលជាមួយគ្នានេះ ការចរចាជាច្រើនលើកដើម្បីដោះស្រាយបញ្ហារវាងភាគីកម្ពុជានិងថៃ នៅមិនទាន់មានលទ្ធផលច្បាស់លាស់នៅឡើយទេ ដែលញ៉ាំងឲ្យមេដឹកនាំគណបក្សប្រឆាំងចោទប្រកាន់ថា រដ្ឋាភិបាលគ្មានសមត្ថភាព ហើយយាងព្រះមហាវីរក្សត្រជួយអន្តរាគមន៍ក្នុងរឿងនេះ ដែលជំរុញឲ្យមានការប្រើប្រាស់នូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីដោះស្រាយបញ្ហា។
លោកប្រធានបក្សប្រឆាំង មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា ៖ «ក្នុងឋានៈព្រះអង្គជាព្រះបិតាជាតិ ហើយព្រះអង្គបានឡាយព្រះហស្តលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺធានាបូរណភាពទឹកដីកម្ពុជា ហើយប្រទេសថៃក៏ជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ»។
ទោះជាយ៉ាងណាក៏ដោយ លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ប្រតិកម្មថា សេចក្តីស្នើរបស់លោក សម រង្ស៊ី គឺជាការចង់ចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ មិនមែនដើម្បីជាតិនោះទេ ហើយថែមទាំងអាចធ្វើឲ្យជាតិអាម៉ាស់ទៀតផង ៖ «យើងកុំដោយសារតែចង់បានសន្លឹកឆ្នោត ចង់បានឈ្មោះ ទៅទាញព្រះមហាវីរក្សត្រខ្មែរឲ្យចូលក្នុងភក់អ៊ីចឹង វាមិនត្រូវទេ»។
លោក ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ផងដែរនូវអ្វីដែលរដ្ឋាភិបាលបានអនុវត្តខ្លឹមសារនៃ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ អំពីបញ្ហាបូរណភាពទឹកដីនោះ ដូច្នេះថា ៖ «អធិបតេយ្យជាតិ ព្រំដែនខ្មែរ ចុះឥឡូវគេមិនមែនមិនថា ខ្មែរអត់មានព្រំដែនឯណា? ដោយសារតែគេទទួលស្គាល់ថា ខ្មែរមានព្រំដែនហ្នឹងហើយ បានជាមានគណៈកម្មការវាស់ព្រំដែន ហើយរាល់ថ្ងៃកំពុងវាស់ហើយទេតើ! អ៊ីចឹងកាលណាវាស់ចប់ហើយ ចាំយើងថា ត្រូវ ឬមិនត្រូវ។ យើងជជែកទៅ កន្លែងណាមិនត្រូវ យើងអាចលើកទៅស្ថាប័នជាតិ ឬអន្តរជាតិ។ ហ្នឹងយើងជជែកតទៅទៀត»។
មន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំងនៅទីក្រុងភ្នំពេញ បាននិយាយនៅរសៀលថ្ងៃទី៣ កញ្ញានេះថា គេមិនបានដឹងអំពីសំណើរបស់លោក សម រង្ស៊ី ហើយក៏មិនទាន់ឃើញចម្លើយរបស់ព្រះមហាវីរក្សត្រអំពីបញ្ហានោះទេ៕
