សំណើនេះធ្វើឡើងនៅក្នុងជំនួបមួយនារសៀលថ្ងៃច័ន្ទនេះ ជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ចន ណេហ្រ្កូផុនថេ (John Negroponte) ក្នុងដំណើរទស្សនកិច្ចរបស់លោករយៈពេល ៣ថ្ងៃ នៅប្រទេសកម្ពុជានិងបន្ទាប់ពីដំណើរវិលត្រឡប់វិញភ្លាមៗនៃមេដឹកនាំគណបក្សទាំងពីរពីប្រទេសបារាំង។
លោក សម រង្ស៊ី បានអះអាងថា ប្រទេសអឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងមិនព្រងើយចំពោះការជាប់គាំងនយោបាយ នៅពេលដែលគណបក្សទាំងពីរមិនចូលរួមប្រជុំនាពេលខាងមុខនេះឡើយ ៖ «ខ្ញុំជឿថា សហរដ្ឋអាមេរិកនឹងរំឭកថ្នាក់ដឹកនាំប្រទេសកម្ពុជា គណបក្សកាន់អំណាចសព្វថ្ងៃ ឲ្យយល់អំពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលគេជួបប្រធានគណបក្សប្រឆាំង ដូចខ្ញុំលើកឡើងអម្បាញ់មិញ គឺគេឲ្យតម្លៃគណបក្សប្រឆាំង។ គ្មានគណបក្សប្រឆាំង គឺថា ថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃនឹងក្លាយទៅជាជនផ្ដាច់ការជិះសេះលែងដៃ ធ្វើអ្វីបានតាមតែអំពើចិត្ត ពេលនោះ គឺខូចខាតផលប្រយោជន៍ប្រទេសជាតិច្រើនណាស់»។
សំណើឲ្យមានការកែទម្រង់ច្បាប់បោះឆ្នោតនិងការទាមទារឲ្យមានការផ្តល់តួនាទីទៅដល់បក្សប្រឆាំង បានធ្វើឡើង នៅក្រោយពីបណ្តឹងទាំងអស់របស់ក្រុមអ្នកប្រឆាំងទាក់ទងនឹងលទ្ធផលបោះឆ្នោត កាលពីពេលថ្មីនេះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញទាត់ចោលដោយបិទផ្លូវចំពោះការតវ៉ា។
មេដឹកនាំគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថា គណបក្សទាំងពីរនៅតែបន្តមិនចូលរួមប្រជុំទេ បើសិនជាសំណើដែលទាមទារក្នុងការកែទម្រង់ច្បាប់មួយចំនួនសម្រាប់ការបោះឆ្នោតលើកក្រោយៗ ត្រូវបដិសេធទៀតនោះ ៖ «គោលដៅរបស់យើងមិនមែនដើម្បីអំណាចទេ គឺដើម្បីឲ្យប្រជាធិបតេយ្យរស់ទៅមុខទៀតបាន យ៉ាងហោចណាស់ក៏ត្រូវដោះស្រាយបញ្ហា៣ដែរ។ បើសិនជាយើងអត់ឲ្យមានការបោះឆ្នោត កែលម្អទៅមុខទៀត បោះឆ្នោតនៅតែអាក្រក់អ៊ីចឹងទៀត ប្រជាធិបតេយ្យនៅស្រុកខ្មែរអស់ហើយ»។
គួរជម្រាបជូនថា ចាប់តាំងពីថ្ងៃប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នរហូតមកដល់ពេលនេះ គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស នៅតែមិនទទួលស្គាល់លទ្ធផលបោះឆ្នោតកន្លងមកឡើយ។
នៅក្នុងដំណើរទៅកាន់ប្រទេសអឺរ៉ុបកាលពីពេលកន្លងមកនេះ ជួបជាមួយសភាអឺរ៉ុប មេដឹកនាំគណបក្សទាំងពីរបានដាក់ពាក្យបណ្តឹងដោយចោទប្រកាន់ថា រដ្ឋាភិបាលខ្មែរមិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នៅក្នុងបណ្ដឹងនោះ គណបក្សទាំងពីរបានផ្ដល់ភស្តុតាងអំពីការបន្លំសន្លឹកឆ្នោតនិងភាពមិនប្រក្រតីជាច្រើនទៀត នៅអំឡុងពេលបោះឆ្នោតកន្លងមក៕
