តំណាងរាស្រ្តបក្ស​ប្រឆាំង​សម្រេច​ចិត្ត​មិន​ចូលរួម​កិច្ច​ប្រជុំ​សហភាព​អន្តរ​សភា

អ្នក​តំណាងរាស្រ្ត​ស្រ្តី​ពី​គណបក្ស​សម​រង្ស៊ី លោកស្រី មូរ សុខហួរ បាន​សម្រេច​ចិត្ត​មិន​ចូលរួម​ប្រជុំ​សហភាព​អន្តរ​សភា​ប្រចាំ​តំបន់​ដែល​រៀបចំ​ដោយ​សភា​ទាំង​ពីរ​របស់​កម្ពុជា និង​អង្គការ IPU ដែល​មាន​ទីចាត់ការ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ិស​ទេ ដោយ​អ្នក​តំណាងរាស្ត្រ​រូប​នេះ បាន​ចាត់​ទុក​ក្រុម​អ្នក​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ​នេះ​ថា បាន​រំលោភ​លើ​សិទ្ធិ​អ្នក​តំណាងរាស្រ្ត​តាម​បញ្ជា​របស់​ខ្លួន​ទៅ​ភ្នាក់ងារ​សន្តិសុខ។

នៅ​មុន​ចេញ​ដំណើរ​បេសកកម្ម​ទៅ​បស្ចឹម​ប្រទេស​នៅ​ថ្ងៃ​ពុធ​នេះ លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា លោកស្រី​ពុំ​អាច​ចូលរួម​កិច្ច​ប្រជុំ​នេះ​បាន​ទេ។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​សិន​ជា​គេ​រំលោភ​សិទ្ធិ​យើង​ប៉ុណ្ណឹង​ទៅ​ហើយ តើ​គួរ​យើង​បន្ត​ចូលរួម​ទេ? ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា ឲ្យ​សន្តិសុខ​ម្នាក់​ដែល​ឆ្លើយ​មក​ខ្ញុំ ហើយ​បិទ​ទ្វារ​ក្ឌាំងៗ ហើយ​ឆ្លើយ​មក​វិញ​ថា មិន​ស្គាល់​លោក​ជំទាវ លោក​ជំទាវ​អត់​ចូល​បាន​ទេ»

សូម​រំឭក​ថា អ្នក​តំណាងរាស្ត្រ ឈាង វុន ដែល​ជា​សហប្រធាន​នៃ​ក្រុម​រៀបចំ​សន្និសីទ IPU ប្រចាំ​តំបន់ តំណាង​ប្រទេស​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ម្សិលមិញ​អំពី​បទ​បញ្ជា​របស់​លោក​ក្នុង​ការ​រក្សា​សន្តិសុខ​នៃ​កិច្ច​ប្រជុំ​នោះ។

លោក ឈាង វុន មាន​ប្រសាសន៍​ថា ៖ «យើង​បាន​បញ្ជា​ថា ដើម្បី​សន្តិសុខ​របស់​អង្គសិក្ខា​សាលា អ្នក​ដែល​អាច​ចូលរួម​បាន ទាល់តែ​មាន​ច្បាប់ មាន​ការ​ចុះ​ឈ្មោះ មាន​ការ​បញ្ជាក់​ថា ចូលរួម​យើង​មិន​បាន​បញ្ជា​ថា មិន​ឲ្យ​លោក​ជំទាវ មូរ សុខហួរ ចូលរួម​ប្រជុំ​នោះ​ទេ។ ហើយ​នៅ​ក្នុង​អង្គសិក្ខា​សាលា ក្រោយ​ពី​បាន​ដឹង​ហេតុការណ៍​នេះ​កើត​ឡើង យើង​បាន​ប្រកាស​នៅ​ក្នុង​អង្គសិក្ខា​សាលា​ថា លោក​ជំទាវ មូរ សុខហួរ អាច​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​គ្រប់​ពេល​វេលា ដែល​លោក​ជំទាវ​អាច​មក​បាន»

អ្នក​តំណាងរាស្រ្ត​ស្រ្តី​ខេត្ត​កំពត លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ប្រសាសន៍​លោក​សហប្រធាន​សន្និសីទ ឈាង វុន បាន​បង្ហាញ​អំពី​ការ​រំលោភ​កាន់តែ​ច្បាស់​ឡើង​នៃ​ក្រុម​អ្នក​រៀបចំ​សន្និសីទ​ទៅ​លើ​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ដែល​មិន​មែន​ជា​គណបក្ស​ប្រជាជន​កម្ពុជា។

លោកស្រី​មាន​ប្រសាសន៍​ថា លិខិត​អញ្ជើញ​ចូលរួម​បាន​ត្រូវ​បញ្ជូន​ចេញ​នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នៅ​ថ្ងៃ​ទី​៦ មីនា សម្រាប់​កិច្ច​ប្រជុំ​ថ្ងៃ​ច័ន្ទ ទី​៩ មីនា។

លោកស្រី​បាន​សួរ​សំណួរ​ផ្សេងៗ​ដែល​អ្នក​រៀបចំ​គួរ​ពិនិត្យ​និង​ឆ្លើយ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ការ​បញ្ជា​ផ្តាច់ការ​នោះ​បាន​រំលោភ​សិទ្ធិ​អ្នក​តំណាងរាស្រ្ត។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «តំណាងរាស្រ្ដ​ប៉ុន្មាន​រូប​ដែល​បាន​ឆ្លើយ​ទៅ​វិញ​ថា ចូលរួម ឬ​មិន​ចូលរួម​នោះ? ទី​២ សូម​មើល​បញ្ជី​ឈ្មោះ​សា​ឡើង​វិញ ខ្ញុំ​បាន​ចុះ​ឈ្មោះ​ខ្ញុំ​ច្បាស់​ណាស់ ខ្ញុំ​ចុះ​ដោយ​ដៃ​ខ្លួន​ឯង។ ខ្ញុំ​ទៅ​ក្រោយ​គេ ដោយសារ​ខ្ញុំ​ឈឺ​ភ្នែក ខ្ញុំ​សូម​បញ្ជាក់ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​ថា លោក ឈាង វុន មេត្តា​សួរ​ខ្ញុំ​សិន មុន​នឹង​ឡើង​សំឡេង​ដាក់​ទៅ​វិទ្យុ​ឲ្យ​ឮ​រាប់​លាន​នាក់ មេត្តា​សួរ​អ្នក​រង​គ្រោះ​ផង ហើយ​ដែល​ខ្ញុំ​អត់​មាន​សញ្ញា​ពាក់​នេះ មិន​មែន​ខុស​ពី​ខ្ញុំ​ឯណា? សមាជិក​ដទៃ​គេ​មាន ហើយ​ខ្ញុំ​គួរ​សួរ​ទៅ​វិញ​ថា ហេតុអី​នៅ​ពេល​ខ្ញុំ​ចុះ​ឈ្មោះ​ហើយ អ្នក​រៀបចំ​បាន​ប្រាប់​មក​ខ្ញុំ​ថា អស់​ហើយ​សញ្ញា​ពាក់​នឹង​ខ្លួន​នោះ អស់​មាន​ហើយ? ឆន្ទៈ​របស់​ខ្ញុំ​គឺ​មក​ចូលរួម​សិក្ខា​សាលា​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​តំណាងរាស្រ្ដ ដោយសារ​ការ​បញ្ជា​ផ្ដាច់ការ​ហ្នឹង​ហើយ ដែល​រំលោភ​សិទ្ធិ​ខ្ញុំ​អ្នក​តំណាងរាស្រ្ដ មិន​ឲ្យ​ខ្ញុំ​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ តើ​លោក ឈាង វុន មាន​បាន​គិត​ទេ​រឿង​អស់​ហ្នឹង?»

គួរ​រំឭក​ផង​ដែរ​ថា មក​ដល់​ថ្ងៃ​ពុធ ទី​១១ មីនា​នេះ ដែល​ជា​ថ្ងៃ​ទី​៣ និង​ជា​ថ្ងៃ​ប្រជុំ​បង្ហើយ​ក្តី គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​ណា​មួយ​ពី​ជំហរ​របស់​សហភាព​អន្តរសភា លើ​បញ្ហា​ទំនាស់​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​រំលោភ​សិទ្ធិ​របស់​អ្នក​តំណាងរាស្រ្ត​ខេត្ត​កំពត​នេះ​ឡើយ៕