នេះគឺជាកិច្ចព្យាយាមលើកទី២ហើយរបស់មន្ត្រីបក្សប្រឆាំងដើម្បីជំរុញដល់រដ្ឋាភិបាលខ្មែរឲ្យមានវិធានការទប់ទល់វិបត្តិសេដ្ឋកិច្ចពិភពលោក។
លោកតំណាងរាស្ត្រ សុន ឆ័យ ថ្លែងបន្ថែមលើលិខិតនោះយ៉ាងដូច្នេះថា ៖ «យើងឃើញហើយផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុពិភពលោកនេះបានជះឥទ្ធិពលមកដល់យើងហើយ ដូចជាការបាត់បង់ការងារក្នុងវិស័យកាត់ដេរ បាត់បង់ការងារលើវិស័យទេសចរណ៍ បាត់បង់ការងារផ្សេងៗទៀត ដូចជាវិស័យសំណង់ជាដើម ដែលចាំបាច់ត្រូវមាននយោបាយមួយ ការពារទប់ទល់កុំឲ្យការងារទាំងនេះត្រូវបាត់បង់ទៅទៀត ឬក៏ការពារកុំឲ្យបាត់បង់តែម្ដង។ ក្រៅពីនោះ ត្រូវមាននយោបាយប្រើប្រាស់ថវិកាដើម្បីអនុវត្តយ៉ាងណាឲ្យមានការធានាកុំឲ្យមានវិបត្តិហិរញ្ញវត្ថុ ជាពិសេសផ្នែកធនាគារ ជាប្រាក់កម្ចីជាដើម»។
កាលពីថ្ងៃទី១៦ ខែមករា លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី ក៏បានធ្វើលិខិតមួយស្នើទៅគណៈរដ្ឋមន្ត្រីខ្មែរ ជាពិសេសជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យត្រៀមថវិកាបម្រុងពិសេសចំនួន ៥០០លានដុល្លារសម្រាប់ជួយពលរដ្ឋដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ចពិភពលោកនោះដែរ។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច គាត ឈន់ មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ធ្លាប់បានថ្លែងថា រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិការួចរាល់ហើយ ក៏ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួនថវិកាត្រៀមបម្រុងនោះទេ។
ចំណែកឯ លោក ហង្ស ជួនណារ៉ុង អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងប្រាប់សារព័ត៌មាន Bloomberg របស់សហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថា កម្ពុជាមិនមានលុយសុទ្ធសម្រាប់ជួយពលរដ្ឋឡើយ និងថា អ្វីដែលកម្ពុជាអាចធ្វើបាន គឺបន្ថយពន្ធលើវិស័យជាអាទិភាព ជាពិសេសវិស័យកាត់ដេរនិងបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជាមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចទៅអនាគត។
របាយការណ៍ថ្មីមួយប្រចាំខែមករា ឆ្នាំ២០០៩ របស់ធនាគារពិភពលោកនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីកម្ពុជាបច្ចុប្បន្នមិនរងផលប៉ះពាល់ច្រើនក៏ដោយ ក៏កម្ពុជានឹងជៀសមិនផុតពីផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកនោះឡើយ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានព្យាករណ៍ថា នៅត្រឹមខែឧសភាខាងមុខនេះ គឺកម្មករយ៉ាងតិច ៧ម៉ឺននាក់ នឹងត្រូវបាត់បង់ការងារ បើសិនជារោងចក្រត្រូវផ្អាកផលិតដោយគ្មានការបញ្ជាទិញនោះ៕