លោក ដាំ សិទ្ធិ ចាងហ្វាងកាសែតមនសិការខ្មែរមានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីឲ្យដឹងនៅថ្ងៃទី២៣ ខែមករានេះថា កាសែតរបស់លោកគ្រោងនឹងបោះពុម្ពផ្សាយឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានផ្អាកការចេញផ្សាយមួយរយៈកន្លងមក។
លោក ដាំ សិទ្ធិ បន្តថា ៖ «បាទ! ខ្ញុំត្រូវចេញផ្សាយឆាប់ៗហ្នឹងបាទ! អត់ទាន់កំណត់ពេលនៅឡើយទេ ខ្ញុំកំពុងរៀបចំសម្ភារៈការិយាល័យ និងកំពុងប្រមែប្រមូលបុគ្គលិក។ រក្សាជំហរដដែល។ ចេញ៦លេខមួយសប្តាហ៍។ ជំហរមុនម៉េចឥឡូវអ៊ីចឹង»។
កាសែតមនសិការខ្មែរត្រូវបានអ្នកអានជាច្រើននាក់ចាត់ទុកថា ជាកាសែតប្រឆាំងមាននិន្នាការគាំទ្រគណបក្សសមរង្ស៊ី។ កាសែតសខ្មៅមាន ៤ទំព័រនេះបានបិទផ្អាកការផ្សាយចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩ បន្ទាប់ពីមានពាក្យបណ្តឹងចំនួន១៨ករណី ដែលប្តឹងដោយមេធាវីរដ្ឋាភិបាលពីបទផ្សាយព័ត៌មានមិនពិតនិងបទបរិហារកេរ្តិ៍។
ចាងហ្វាងកាសែតសហស្សវត្សរ៍ថ្មី លោក ម៉ាន់ ប៊ុនធឿន បានសាទរចំពោះការចេញផ្សាយឡើងវិញរបស់កាសែតមនសិការខ្មែរពេលនេះ ព្រោះលោកយល់ថា កាសែតភាគច្រើនចេញផ្សាយបច្ចុប្បន្ននេះគឺជាព័ត៌មានបែបពិធីការប៉ុណ្ណោះ។
លោក ម៉ាន់ ប៊ុនធឿន មានប្រសាសន៍ថា ៖ «ចង់បានកាសែតដែលមានខ្លឹមសារច្បាស់លាស់ ទោះបីជាកាសែតមានលក្ខណៈយ៉ាងណាក៏ដោយ តែខ្ញុំទទួលស្គាល់ថា កាសែតមនសិការខ្មែរគោររពវិជ្ជាជិវៈ ហើយបើបានឲ្យកាសែតចាប់ដំណើរការឡើងវិញ ខ្ញុំគិតថា គឺជាការល្អដើម្បីឲ្យអ្នកអានទាំងអស់ហ្នឹងថ្លឹងថ្លែងព័ត៌មានទីផ្សារ និងព័ត៌មានដែលអាចជាការពិត»។
លោក មឿន ឈានណារិទ្ធិ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានចាត់ទុកការចេញផ្សាយរបស់កាសែតមនសិការខ្មែរ គឺមានសារសំខាន់បំផុតសម្រាប់សាធារណជន ប៉ុន្តែលោកព្រួយបារម្ភថា ការចេញផ្សាយជាថ្មីនេះមិនអាចរក្សាបានខ្លឹមសារដូចពេលមុន ព្រោះកាសែតនេះធ្លាប់បានទទួលរងសម្ពាធនយោបាយ និងសម្ពាធផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលកន្លងមកនេះ។
លោក មឿន ឈានណារិទ្ធិ បញ្ជាក់ថា ៖ «នៅពេលដែលកាសែតមនសិការខ្មែរហ្នឹងត្រូវបានបញ្ឃប់បោះពុម្ពផ្សាយហ្នឹង គឺយើងបានបាត់សំឡេងទស្សនៈប្រឆាំងមួយដែលមានសារសំខាន់បំផុតក្នុងសង្គមប្រជាធិបតេយ្យរបស់យើង ជាពិសេសខណៈដែលសំឡេងគាំទ្ររដ្ឋាភិបាលមានច្រើនលើសលប់ទៅហើយ អ៊ីចឹងយើងចង់ឲ្យមានរលកធាតុអាកាសហ្នឹងមានតុល្យភាពផងដែរ រវាងសំឡេងទស្សនៈប្រឆាំងក៏ដូចទស្សនៈគាំទ្ររដ្ឋាភិបាល»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី២១ ខែមករា កន្លងទៅនេះ បានចេញសេចក្តីប្រកាសមួយ ដោយអនុញ្ញាតឲ្យកាសែតមនសិការខ្មែរបន្តអាជ្ញាប័ណ្ណ និងធ្វើការបោះពុម្ពផ្សាយឡើងវិញបន្ទាប់ពីបានផ្អាកការផ្សាយកន្លងមក។
អាជ្ញាប័ណ្ណបោះពុម្ពផ្សាយឡើងវិញរបស់កាសែតមនសិការខ្មែរមានប្រសិទ្ធភាពរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខាថ្ងៃទី២១ ខែមករា ឆ្នាំ២០១០ តទៅ។
លោក ដាំ សិទ្ធិ ចាងហ្វាងកាសែតមនសិការខ្មែរ ធ្លាប់ត្រូវបានជាប់ពន្ធនាគាររយៈពេលខ្លីកាលពីឆ្នាំ២០០៨ ពីបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិតប្តឹងដោយមេធាវីរដ្ឋាភិបាល។ ក៏ប៉ុន្តែដោយសារតែមានការសម្របសម្រួល រដ្ឋាភិបាលបានដកពាក្យបណ្តឹងហើយកាសែតមនសិការខ្មែរក៏ត្រូវបិទលែងចេញផ្សាយចាប់តាំងពីពេលនោះមក៕
