តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី​នឹង​មិន​ចូលរួម​ក្នុង​គណៈកម្មការ​ជំនាញ​សភា​ទេ

តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដោយ​បញ្ជាក់​ថា គណបក្ស​សម​រង្ស៊ី​មិន​បញ្ជូន​ឈ្មោះ​អ្នក​តំណាងរាស្ត្រ​របស់​ខ្លួន ទៅ​ធ្វើ​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩ នៃ​រដ្ឋសភា​ទេ។

នៅ​ក្នុង​លិខិត​ដែល​មាន​ចុះហត្ថលេខា​របស់​លោក យឹម សុវណ្ណ និង​លោកស្រី មូរ សុខហួរ បាន​សរសេរ​ថា «ដោយសារ​ការរៀបចំ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជំនាញ​នានា​នៃ​រដ្ឋសភា​កន្លង​មក មិន​បាន​ពិភាក្សា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សម​រង្ស៊ី យើង​ខ្ញុំ​យល់​ឃើញ​ថា គណបក្ស​មិន​ចាំបាច់​បញ្ជូន​ឈ្មោះ​អ្នក​តំណាងរាស្ត្រ​របស់​ខ្លួន ទៅ​ធ្វើ​ជា​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​នោះ​ឡើយ»។

លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ពន្យល់​បន្ថែម​អំពី​មូលហេតុ​នៃ​ការផ្តាច់​ខ្លួន​មិន​ឲ្យ​សមាជិក​គណបក្ស​ប្រឆាំង ចូល​ក្នុង​គណៈកម្មការ​សភា​យ៉ាង​នេះ​ថា ៖ «គណបក្ស​សម​រង្ស៊ី ជាមួយ​នឹង​គណបក្ស​សិទ្ធិ​មនុស្ស​ដែរ យើង​ឃើញ​ថា រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​យើង បាន​និយាយ​អំពី​ប្រទេស​មួយ​ដែល​គ្រប់គ្រង​ដោយ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​និង​ពហុបក្ស។ រហូត​ដល់​ពេល​នេះ យើង​ឃើញ​ថា ការបោះឆ្នោត​ជា​កញ្ចប់ ការ​បោះឆ្នោត​មាន​តាំង​ពី​ប្រធាន​រដ្ឋសភា អនុប្រធាន​រដ្ឋសភា ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​នៅ​ក្នុង​សភា​សុទ្ធតែ​មក​ពី​គណបក្ស​ប្រជាជន។ ហើយ​យើង​យល់​ឃើញ​ថា បើ​សិន​ជា​យើង​គណបក្ស​សម​រង្ស៊ី​ចូល​មក... មិន​ឆ្លុះ​បញ្ចាំង​នូវ​អ្វី​ដែល​ជា​លទ្ធិ​ប្រជាធិបតេយ្យ មិន​ឆ្លុះ​បញ្ចាំង ដែល​និយាយ​អំពី​តុល្យភាព​និង​ការ​ទទួល​ស្គាល់​នៃ​សំឡេង​នៃ​គណបក្ស​ដែល​បាន​សំឡេង​ដែល​ហៅ​ថា គណបក្ស​ប្រឆាំង​ទេ»

ម៉ាយ៉ារិទ្ធិ ៖ តើ​បញ្ហា​ដែល​មិន​បញ្ចូល​នេះ គណបក្ស​យល់​ថា ជា​ការខាត​ដែរ​ឬ​ទេ នៅ​ក្នុង​ការផ្ដល់​យោបល់​ណា​មួយ​ជូន​ទៅ​ដល់​រដ្ឋសភា​នោះ?

មូរ សុខហួរ ៖ «មិន​មែន​ជា​គណបក្ស​សម​រង្ស៊ី ឬ​គណបក្ស​ណា​មួយ​ដែល​មិន​បាន​ទទួល​តួនាទី​នោះ​ខាត​ទេ សភា​ទាំង​មូល​ខាត ជាតិ​ទាំង​មូល​ខាត។ យើង​ចង់​ជជែក​គ្នា​ស្ថាបនា​ប្រទេស​ជាតិ តាម​គោលការណ៍​ប្រជាធិបតេយ្យ។ គោលការណ៍​ប្រជាធិបតេយ្យ​សំខាន់​ណាស់ ជាពិសេស​នៅ​ក្នុង​រដ្ឋ​សភា ដែល​ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​នូវ​សិទ្ធ​របស់​គណបក្ស យើង​កុំ​ហៅ​ថា គណបក្ស​ប្រឆាំង [យើង​ហៅ​ថា] គណបក្ស​ដែល​មិន​នៅ​ក្នុង​រដ្ឋាភិបាល គណបក្ស​ដែល​មាន​សំឡេង​ភាគតិច ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស​ណា​ដែល​មិន​ចូលរួម​ជាមួយ​រដ្ឋាភិបាល គឺ​ត្រូវ​តែ​មាន​តួនាទី​សំខាន់ៗ នៅ​ក្នុង ជាពិសេស គណៈកម្មការ​រដ្ឋសភា​ហ្នឹង​ឯង»

ទោះ​យ៉ាង​ណា​ក្តី លោកស្រី មួរ សុខហួរ បាន​ថ្លែង​ថា ទោះ​បី​ជា​សមាជិក​គណបក្ស​សម​រង្ស៊ី​មិន​ចូលរួម​ក្នុង​គណៈកម្មការ​រដ្ឋសភា មិនមែន​មាន​ន័យ​ថា សំឡេង​តស៊ូ​មតិ​របស់​គណបក្ស​ប្រឆាំង​នឹង​អស់​សកម្មភាព​នោះ​ទេ ហើយ​លោកស្រី​បញ្ជាក់​ថា គណបក្ស​សមរង្ស៊ី នៅ​តែ​ព្យាយាម​ការតស៊ូ​បញ្ចេញ​យោបល់​នៅ​ក្នុង​កិច្ចប្រជុំ​សភា​នានា​ត​ទៅ​ទៀត៕