លោក សម រង្ស៊ី ក៏បានបញ្ជាក់បន្ថែមពីការសម្រេចចិត្តមិនចូលរួមធ្វើសច្ចាប្រណិធានជាមួយសភាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ៖ «ដូចខ្ញុំបាននិយាយពីមុនមកហើយ ខ្ញុំថា សភានេះមិនមែនតំណាងឲ្យឆន្ទៈប្រជារាស្រ្ដខ្មែរទេ ជាសភាចោរ ចោរលួចសន្លឹកឆ្នោត ចោរលួចឈ្មោះគេយកទៅប្រើជាសភាខ្មោច ពីព្រោះមិនមែនមនុស្សពិតប្រាកដដែលមានឈ្មោះនៅលើបញ្ជីបោះឆ្នោតទេ គឺយកឈ្មោះខ្មោចទៅប្រើ ដូច្នេះជាសភាខ្មោច ហើយជាសភាយួន ពីព្រោះមានជនជាតិយួនច្រើនណាស់ បានបន្លំធ្វើជាខ្មែរ ទៅបោះឆ្នោត។ អ៊ីចឹងសភាចោរ សភាខ្មោច សភាយួន យើងអត់ទទួលស្គាល់ទេ»។
មេដឹកនាំគណបក្សប្រឆាំងមួយទៀតដែលកំពុងស្នាក់នៅទីក្រុងប៉ារីសប្រទេសបារាំងដែរនោះ គឺលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលចូលរួមជាមួយគណបក្សសមរង្ស៊ីក្នុងការតវ៉ាភាពមិនប្រក្រតីនៃការបោះឆ្នោតសកលថ្ងៃទី២៧ កក្កដា និងធ្វើពហិការមិនចូលរួមប្រជុំសភាលើកទីមួយខាងមុខនេះ បានមានប្រសាសន៍បញ្ជាក់ពីជំហរបក្សស្តីពីពហិការនេះថា ៖ «គណបក្សសិទ្ធិមនុស្សគឺនៅតែមានគោលជំហរដដែល គឺយើងអត់ចូលរួមការប្រជុំថ្ងៃទី២៤ទេ បើសិនណាជានៅតែមិនមានការដោះស្រាយបញ្ហាជុំវិញការបោះឆ្នោតមិនប្រក្រតីនេះ ដើម្បីឲ្យប្រទេសកម្ពុជា មានអនាគតប្រជាធិបតេយ្យរស់ទៅមុខបាន»។
ចំពោះការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បើគណបក្សណាមិនចូលរួមប្រជុំសភាលើកទីមួយ លោកនឹងយកអាសនៈរបស់គណបក្សនោះទៅចែកឲ្យគណបក្សដទៃ លោក កឹម សុខា មានប្រសាសន៍ថា អាចធ្វើទៅបានឡើយ ៖ «យើងគិតថា វាមិនមាននរណាម្នាក់អាចទៅយកអាសនៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលបោះឆ្នោតឲ្យគណបក្សសិទ្ធិមនុស្សបានទេ ពីព្រោះបើសិនជាយកអ៊ីចឹងបានទៀត មានន័យថា គេប្លន់សិទ្ធិរបស់ប្រជាពលរដ្ឋថែមទៀតហើយ។ ដូច្នេះគណបក្សប្រជាជនហ្នឹងទៅជាអ្នកប្លន់វិញ ពីសហគមន៍អន្តរជាតិ មតិជាតិ អន្តរជាតិ គេនឹងនឹកឃើញ»។
ក្រៅពីបញ្ជាក់នូវសាមគ្គីភាពរឹងមាំជាមួយគណបក្សសមរង្ស៊ី ហើយលោកប្រធានគណបក្សសិទ្ធិមនុស្សក៏បានប្រាប់វិទ្យុអាស៊ីសេរីថា លោកនៅពុំទាន់បានទទួលចម្លើយទៅនឹងសំណូមពរសុំព្រះបរមរាជានុញ្ញាតពីព្រះមហាក្សត្រ ឲ្យតំណាងរាស្ត្រគណបក្សលោក ធ្វើពិធីសច្ចាប្រណិធានស្បថដោយឡែកនោះ នៅឡើយទេ។
តែបើពុំបានទទួលការឆ្លើយតបពីព្រះមហាក្សត្រ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សលោកអាចនឹងទៅស្បថនៅទីណាមួយក៏បានដែរ ៖ «យើងមិនបានទទួល ក៏តាមច្បាប់យើងអាចស្បថនៅត្រង់ណាក៏បាន គេអត់មានបញ្ជាក់ថា ត្រូវស្បថនៅឯណាផង។ យើងអាចទៅស្បថនៅមុខព្រះអង្គដងកើ ឬវត្ថុស័ក្ដិសិទ្ធិណាផ្សេងទៀតក៏បាន យើងស្បថហើយ ពីព្រោះប្រជាពលរដ្ឋបោះឆ្នោតឲ្យយើងជាតំណាងរាស្រ្ដហើយ យើងគ្រាន់តែស្បថទៅ យើងអត់មានបោះបង់អាសនៈយើងចោលទេ យើងគ្រាន់តែអត់ចូលប្រជុំសភា លើកដំបូង ដែលយើងបង្ហាញអំពីការពហិការរបស់យើង ក្នុងការដែលបោះឆ្នោតនេះ មិនរកយុត្តិធម៌ឲ្យយើង»៕
