ថៃ​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​ជា​លេស​ពង្វាង​វិបត្តិ​នយោបាយ

អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​បាន​ចាត់ទុក​ថា ថៃ​កំពុង​តែ​យក​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន​មក​ទម្លាក់​កំហុស​លើ​អង្គការ​យូណេស្កូ​ក្នុង​ករណី​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​និង​ព្យាយាម​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការផ្ទុះ​អាវុធ​នៅ​ឯ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជាមួយ​កម្ពុជា​នោះ។

0:00 / 0:00

នេះ​គឺ​ជា​ការថ្លែង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នៅ​កម្ពុជា​តប​ទៅ​នឹង​ប្រសាសន៍​នា​ពេល​ថ្មីៗ​នេះ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភិស៊ិត វេតឆាឈីវ៉ាក់ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា លោក​ចង់​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​សើរើ​ចំពោះ​ការដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ ដោយ​លោក​សំអាង​ថា​មុន​ពេល​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​មិន​មាន​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​ធ្ងន់ធ្ងរ​កើត​មាន​ឡើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ឡើយ។

លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​បាន​ហៅ​ការថ្លែង​ខាង​លើ​នេះ​ថា ៖ «យើង​សង្កេត​ឃើញ​ថា វិបត្តិ​នយោបាយ​នៅ​ប្រទេស​ថៃ​ហ្នឹង​មិន​ទាន់​ដោះស្រាយ​បាន​ទេ ម៉្លោះ​ហើយ​បាន​ជា​អ្នក​ដឹកនាំ​របស់​ថៃ​មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ​ច្រើន​តែ​យក​បញ្ហា​រឿង​ព្រះវិហារ​ហ្នឹង​ដើម្បី​នឹង​បង្វែរ​ទិស​នៃ​បញ្ហា​នយោបាយ​របស់​ប្រទេស​គេ​ហ្នឹង​ដើម្បី​ឲ្យ​ពលរដ្ឋ​គេ​ស្ងប់​ចិត្ត​ប៉ុណ្ណឹង​ទេ។ សម្រាប់​ប្រទេស​កម្ពុជា​យើង​យល់​ថា រាជ​រដ្ឋាភិបាល​ប្រាកដ​ជា​មាន​វិធានការ​មួយចំនួន​ហើយ។ ជា​គោលការណ៍​គ្មាន​អង្គការ​យូណេស្កូ​ណា​គេ​ធ្វើ​សេចក្ដី​សម្រេច​ហើយ ហើយ​មក​ធ្វើ​សេចក្តី​សម្រេច​ឡើង​វិញ​តាម​តែ​ការចង់​បាន​របស់​ប្រទេស​មួយ​ទេ»

អ្នក​តំណាង​រាស្ត្រ សុន ឆ័យ បាន​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​លើ​ករណី​នោះ​ដោយ​ផ្អែក​លើក​ការសម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ និង​ការសម្រេច​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​កេប៉ិច ប្រទេស​កាណាដា រួមទាំង​ការធានា​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា​តាមរយៈ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ផងដែរ។

ចំណែក​ឯ​លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ ថា​ប្រទេស​ថៃ​បាន​ព្យាយាម​រំលោភ​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា​និង​ព្យាយាម​ចង់​បាន​ផល​ប្រយោជន៍​ពី​ប្រាសាទ​ព្រះវិហារ បើ​ទោះ​បី​ជា​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​បាន​កំណត់​ថា ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​របស់​ខ្មែរ​ហើយ​នោះ។

លោក យ៉ែម ប៉ុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ជឿ​ថា ការនិយាយ​បែប​នេះ​គេ​ហាក់​ដូច​ជា​ចាត់ទុក​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​គេ ហើយ​គេ​ស្នើសុំ​ឲ្យ​សើរើ​ឡើង​វិញ។ ពេល​នេះ​គួរតែ​រាជ​រដ្ឋាភិបាល​លោក​យល់​ច្បាស់​មែនទែន​ហើយ មិន​គួរ​បណ្ដោយ​ពេល​វេលា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របៀប​អ៊ីចឹង​ទេ។ ខ្ញុំ​យល់​ឃើញ​ថា​ជា​ការរំលោភ​ទៅ​លើ​ឯករាជ​ភាព​ជាតិ​និង​អធិបតេយ្យ​ជាតិ​យើង​ពិត​ប្រាកដ​ច្បាស់លាស់​មែនទែន»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​សប្តាហ៍​នេះ​ដែរ​ថា ការប៉ុនប៉ង​របស់​ប្រទេស​ថៃ​ស្នើសុំ​ឲ្យ​គណៈកម្មាធិការ​នៃ​អង្គការ​យូណេស្កូ​ដើម្បី​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការសម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភពលោក​នៅក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣៣​នៅ​ប្រទេស​អេស្ប៉ាញ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ​មិន​បាន​សម្រេច​ជោគជ័យ​ឡើយ៕