បក្ស​ប្រឆាំង​នឹង​មិន​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​ពន្យារ​ពេល​កិច្ចប្រជុំ​ស្បថ​ទទួល​តំណែង​សភា​ថ្មី

មន្រ្តី​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា គេ​នឹង​មិន​ធ្វើ​សំណើ​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​ឲ្យ​ព្រះអង្គ​ប្រោសប្រទាន​ពន្យារ​កិច្ចប្រជុំ​ស្បថ​ទទួល​តំណែង​សភា​ថ្មី​នោះ​ទេ ដោយ​យល់​ថា​សំណើ​នោះ​នឹង​មិន​បាន​ជោគជ័យ​ឡើយ ។

0:00 / 0:00

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ដៃគូ​ជាមួយ​នឹង​គណបក្ស​សមរង្ស៊ី​ដែល​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត បាន​មាន​ប្រសាសន៍​ថា​ក្នុង​ស្ថានភាព​ជាក់ស្តែង​ការសុំ​ជំនួយ​ពី​ព្រះ​មហាក្សត្រ​គឺ​មិន​សូវ​បាន​ឃើញ​លទ្ធផល​ទេ ។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មិន​ធ្វើ​ទេ ពីព្រោះ​អា​ហ្នឹង​កុំ​ឲ្យ​ថា​លោក​ទើសទ័ល ។ ហើយ​ក៏​យើង​ដឹង​ហើយ​ថា កន្លង​មក​ទោះ​ជា​យើង​សុំ​អី​លោក​ច្រើន​ដង ច្រើន​រឿង​ណាស់​ហើយ ក៏​លោក​អត់​មាន​លទ្ធភាព​ជួយ​អី​យើង​ច្រើន​ទេ ពីព្រោះ​នៅតែ​លើ​រដ្ឋាភិបាល​សម្រេច​ដដែល»

ឥឡូវ​នេះ​មាន​តែ​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សមរង្ស៊ី​ប៉ុណ្ណោះ​ដែល​នៅ​រក្សា​ជំហរ​ប្រកាស​ពហិការ​របស់​ខ្លួន​ក្នុង​កិច្ចប្រជុំ​ស្បថ​ទទួល​តំណែង​សភា​នា​ពេល​ខាង​មុខ បើសិន​ជា​មិន​មាន​ការដោះស្រាយ​បណ្តឹង​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ។

នា​ពេល​នេះ​បណ្តឹង​ការបោះ​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ទាំង​នោះ​បាន​ស្ថិត​នៅ​ក្នុង​ដៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​អ្នក​សម្រេច ។

មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ថា នៅ​ពេល​នេះ​គណបក្ស​សម្ព័ន្ធភាព​តាំងពី​មិន​ទាន់​ពិចារណា​អំពី​ការចូលរួម​ឬ​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្បថ​ទទួល​តំណែង​សភា​នោះ​ទេ គឺ​ពួក​គេ​កំពុងតែ​ស្វះស្វែង​ដើម្បី​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​បណ្តឹង​បោះ​ឆ្នោត ។

លោក សម រង្ស៊ី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​គណបក្ស​ប្រឆាំង​កំពុងតែ​រង់ចាំ​ការប្រទាន​របស់​ព្រះ​មហាក្សត្រ​ដើម្បី​ចូល​គាល់​រាយការណ៍​ថ្វាយ​លោក​អំពី​បញ្ហា​ក្នុង​ការបោះ​ឆ្នោត​កន្លង​មក​ដែរ ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «សរសេរ​លិខិត​មួយ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​សុំ​គាល់​ព្រះអង្គ មិន​ទាន់​បាន​ទទួល​ចម្លើយ​ពី​ព្រះ​បរមរាជវាំង​ទេ ប៉ុន្តែ​យើង​នឹង​ទួល​ថ្វាយ​ព្រះអង្គ​ផ្ទាល់​ពេល​ណា​ដែល​យើង​មាន​ឱកាស​និង​មាន​កិត្តិយស​ទៅ​គាល់​ព្រះអង្គ»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្រ្តី​ខុទ្ទកាល័យ​ព្រះ​បរមរាជវាំង​បាន​មាន​បន្ទូល​ថា សំណើ​របស់​គណបក្ស​ប្រឆាំង​នោះ​អាច​នឹង​ទទួល​បាន​ក្នុង​ពេល​ណា​មួយ​ដ៏​សមស្រប ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​ថា ៖ «តាំងពី​ស្ដេច​យាង​មក​ពី​ប៉េកាំង​មក​វិញ គឺ​ថា​លោក​មាន​កម្មវិធី​ញឹកញាប់ ដូច្នេះ​គ្រាន់តែ​យូរ​ហើយ​និង​ឆាប់​ទេ លោក​គង់តែ​ប្រទាន​ឲ្យ​គាល់​ទេ»

គួរ​បញ្ជាក់​ថា​តាម​លទ្ធផល​ដែល​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​ប្រកាស​ជា​ផ្លូវការ​បណ្តោះអាសន្ន​រួច​ទៅ​ហើយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​៩០​អាសនៈ​ក្នុងចំណោម​១២៣ គណបក្ស​សមរង្ស៊ី​បាន​ទទួល​២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស​បាន​ទទួល​៣​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ បាន​ទទួល​២​អាសនៈ​ក្នុង​គណបក្ស​នីមួយៗ ។

កាលពី​ដើម​ខែ​សីហា​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី ថា​មិន​អាច​រារាំង​កិច្ចប្រជុំ​ដើម្បី​បង្កើត​សភា​ថ្មី​ដោយ​ធ្វើ​ពហិការ​នោះ​ទេ ហើយ​ថា​បើ​មាន​ពហិការ​មែន​នោះ​នឹង​ធ្វើ​ឲ្យ​អស់​សុពលភាព​តំណាង​រាស្ត្រ​របស់​ខ្លួន ៕