បក្ស​ប្រឆាំង​ជំទាស់​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ព្រំដែន

គណបក្ស​ប្រឆាំង​ចំនួន​ពីរ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ មិថុនា បាន​ប្រកាស​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​អនុសញ្ញា​រវាង​កម្ពុជា ឡាវ និង​វៀតណាម ស្ដីពី​ការ​កំណត់​ចំណុច​ប្រសព្វ​នៃ​ខ្សែ​ព្រំដែន​ប្រទេស​ទាំង​បី។

0:00 / 0:00

ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង នៅ​ថ្ងៃ​អង្គារ ទី​១៤ មិថុនា បាន​ស្នើ​សុំ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ចូល​រួម​ធ្វើ​ការ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​កំណត់​ចំណុច​ប្រសព្វ​នៃ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម និង​ឡាវ។

ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ពីរ​ថ្ងៃ​មុន​រដ្ឋ​សភា​ជាតិ​នឹង​កោះ​ប្រជុំ​ដើម្បី​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​កំណត់​ចំណុច​ប្រសព្វ​ខ្សែ​ព្រំដែន​នៅ​ថ្ងៃ​ទី​១៦ មិថុនា។

គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រកាស​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​រដ្ឋ​សភា​នេះ ចំណែក​គណបក្ស សម រង្ស៊ី ក៏​បាន​ប្រកាស​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់ ប៉ុន្តែ​នឹង​ចូល​រួម​កិច្ច​ប្រជុំ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការ​កំណត់​ចំណុច​ប្រសព្វ​ព្រំដែន​កម្ពុជា វៀតណាម និង​ឡាវ ជា​បញ្ហា​សំខាន់ ហើយ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​ឡើយ ៖ «ល្អ បើ​គាត់​ចង់​ចូលរួម​ប្រយោជន៍​ការពារ​ប្រយោជន៍​ជាតិ គាត់​គួរ​ចូល​រួម។ បើ​គាត់​ទិតៀន គាត់​ថា​ឲ្យ ឬ​ផ្ដាំ​ផ្ញើ​ណែនាំ​អី ល្អ​ជា​ជាង​ធ្វើ​ពហិការ​មិន​ចូល​រួម នេះ​ល្អ​ជាង ព្រោះ​ធ្វើ​អ៊ីចឹង​អត់​បាន​ការ ព្រោះ​ចង់​មិន​ចង់​រដ្ឋាភិបាល​លោក​ឲ្យ​សុំ​ឲ្យ​សច្ចាប័ន​ពី​រដ្ឋ​សភា​ហើយ»

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា តំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន ៣​រូប នឹង​ធ្វើ​ពហិការ​កិច្ចប្រជុំ​រដ្ឋ​សភា​ដោយសារ​ កន្លង​មាន​បណ្ដឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន ដោយ​អះអាង​ថា មាន​ការ​បាត់​ដី​ស្រែ​ដោយ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​បី។

លោក កឹម សុខ បន្ត​ថា ដោយសារ​តែ​បច្ចុប្បន្ន​នេះ​ប្រទេស​ទាំង​បី​កំពុង​មាន​បញ្ហា​ព្រំដែន​នោះ រដ្ឋាភិបាល​ត្រូវ​តែ​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ​ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ហើយ​សេចក្ដី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​ព្រំដែន ត្រូវ​តែ​មាន​ការ​ឯកភាព​ជាតិ​ជា​មុន​សិន​មុន​នឹង​ធ្វើ​ការ​ជជែក​ពិភាក្សា​ក្នុង​រដ្ឋ​សភា​ជាតិ។

លោក កឹម សុខា ៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​យើង​មិន​គួរ​ណា​ប្រញាប់ប្រញាល់​ធ្វើ​អ្វី​ដែល​គ្មាន​ឯកភាព​ជាតិ​ទេ ព្រោះ​បញ្ហា​ព្រំដែន​ជា​បញ្ហា​ឯកភាព​ជាតិ»

មន្ត្រី​តាម​ដាន​សភាពការណ៍​ព្រំដែន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​បញ្ហា​ព្រំដែន​ត្រូវ​បាន​គណបក្ស​នយោបាយ​ប្រើប្រាស់​ដើម្បី​ប្រជាប្រិយភាព​នយោបាយ និង​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត។ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​មាន​ប្រជាប្រិយភាព​ដោយសារ​តែ​បញ្ហា​ព្រំដែន​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ចំណែក​ឯ​គណបក្ស​ប្រឆាំង​បាន​ស្វែង​រក​ប្រជាប្រិយភាព​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​អង្គារ មាន​ប្រសាសន៍​ថា តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី នឹង​ចូល​រួម​កិច្ច​ប្រជុំ ប៉ុន្តែ​នឹង​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទេ ពីព្រោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​យោង​ទៅ​តាម​សន្ធិសញ្ញា​បន្ថែម​ឆ្នាំ​១៩៨៥ ដែល​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ដី។

លោក យឹម សុវណ្ណ បន្ថែម ៖ «មុន​នឹង​ធ្វើ​អ្វី​មួយ​យើង​ត្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឯករាជ្យ​ឲ្យ​មាន​ការ​ចូល​រួម​ពី​តំណាងរាស្ត្រ ពីព្រោះ​យើង​មិន​អាច​អង្គុយ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ ចេះ​តែ​អនុម័ត​ដោយ​មិន​ឃើញ​ពី​ទិដ្ឋភាព​ជាក់ស្ដែង​នោះ​ទេ»

រដ្ឋាភិបាល​កម្ពុជា ហាក់​បី​ដូច​ជា​គ្មាន​ការ​លើកលែង​ចំពោះ​ការ​រិះគន់​ពី​ការ​បាត់បង់​ទឹក​ដី​ឲ្យ​ប្រទេស​វៀតណាម​នោះ​ទេ។

ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​គុក ១២​ឆ្នាំ ដោយសារ​ការ​រិះគន់​រដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​វៀតណាម។ លោក វ៉ា គឹមហុង បាន​ឲ្យ​ដឹង​ថា លោក​នឹង​ចូល​រួម​ការពារ​សេចក្ដី​ព្រាង​ច្បាប់​នៅ​ក្នុង​រដ្ឋ​សភា​ជាតិ​នៅ​ថ្ងៃ​ទី​១៦ មិថុនា ខាង​មុខ​នេះ៕