លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯប្រទេសបារាំង និងទើបតែទទួលរងនូវការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង ១០ឆ្នាំពីសំណាក់តុលាការឧទ្ធរណ៍កាលពីពេលថ្មីៗកន្លងមកនេះ ត្រូវបានរដ្ឋសភាប្រគល់មេដាយថ្នាក់មហាសេនានៅក្នុងអាណត្តិទី៤នេះ។
តំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា គ្មានមន្ត្រីបក្សប្រឆាំងណាម្នាក់បានចូលខ្លួនទៅទទួលគ្រឿងឥស្សរិយយសនោះឡើយ ថ្វីបើមានការប្រគល់មេដាយដំឡើងកិត្តិយសដល់មេបក្សរបស់លោក ជាសញ្ញាបញ្ជាក់ពីការទទួលស្គាល់នៃការខិតខំបំពេញការងាររបស់លោក សម រង្ស៊ី ក្នុងអាណត្តិទី៤នេះក៏ដោយ។
លោក សុន ឆ័យ មានប្រសាសន៍បន្ថែមថា ៖ «ដូចជាគេឃើញថា អ្វីដែលលោកប្រធាន សម រង្ស៊ី បានធ្វើបានផលធំដែរ ប្រហែលជាអ៊ីចឹង ដូច្នេះអ្វីដែលបានចោទ ប្រហែលអាចថា មិនត្រឹមត្រូវទេ ដូច្នេះខ្ញុំថា គួរធ្វើយ៉ាងម៉េចសម្រួលឲ្យលោកបានត្រឡប់មកស្រុកទេសវិញ»។
ពិធីបំពាក់គ្រឿងឥស្សរិយយសលើកទី១ សម្រាប់អាណត្តិទី៤ ដល់តំណាងរាស្ត្រចំនួន ១១៦រូប ក្នុងចំណោមតំណាងរាស្ត្រចំនួន ១២៣រូប ត្រូវបានគេធ្វើឡើងនៅក្នុងថ្ងៃសុក្រ ទី២៤ ខែធ្នូ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន នៅវិមានរដ្ឋសភា។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បញ្ជាក់ថា គ្រឿងឥស្សរិយយសត្រូវបានផ្ដល់ឲ្យគ្រប់តំណាងរាស្ត្រទាំងអស់ក្នុងមួយអាណត្តិចំនួន ២ដង ដើម្បីផ្ដល់ជូនតំណាងរាស្ត្រក្នុងការបម្រើប្រជាជនក្នុងនាមជាតំណាង។
លោកបញ្ជាក់ថា ការផ្ដល់មេដាយដល់លោក សម រង្ស៊ី និងបញ្ហារបស់លោក សម រង្ស៊ី ជារឿងពីរផ្សេងគ្នា ពីព្រោះលោក សម រង្ស៊ី មិនទាន់ត្រូវបានគេចាត់ទុកជាទណ្ឌិតនៅឡើយទេ ៖ «នៅពេលដែលមិនទាន់ស្ថាពរ គាត់នៅតែមិនមែនជាទណ្ឌិតទេ កុំឲ្យពួកហ្នឹងច្រឡំ ហើយគាត់គេចខ្លួនចេញពីស្រុកខ្មែរអីហ្នឹងជារឿងរបស់គាត់មិនមែនធំដុំផង»។
តំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី ចំនួន ២៤រូប រួមទាំងលោកស្រី មូរ សុខហួរ ដែលធ្លាប់ត្រូវប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ប្ដឹងផ្ដល់អំពីបទបរិហារកេរ្តិ៍ និងតំណាងរាស្ត្រនៃគណបក្សសិទ្ធិមនុស្សទាំងអស់ ក៏ត្រូវបានទទួលការបំពាក់គ្រឿងឥស្សរិយយស ប៉ុន្តែមន្ត្រីបក្សប្រឆាំងទាំង២ មិនបានចូលទៅទទួលយកការបំពាក់គ្រឿងឥស្សរិយយសនោះទេ។
មន្ត្រីបក្សប្រឆាំងបានបញ្ជាក់ថា គេមិនចាប់អារម្មណ៍ចំពោះគ្រឿងឥស្សរិយយសនោះទេ ដោយសារតែគេធ្លាប់ឃើញមានមន្ត្រីមុខមាត់ធំដុំ និងមានលុយកាក់បានទទួលមេដាយ ប៉ុន្តែអ្នកដែលចេញមុខតវ៉ា ដើម្បីយុត្តិធម៌នៅក្នុងសង្គម និងអ្នកតស៊ូច្រើនទៀត ដើម្បីប្រទេសជាតិដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋមិនទាន់មានការលើកកិត្តិយស។
លោក សុន ឆ័យ បានស្នើដូច្នេះបន្តទៀត ៖ «ការងារដែលសមាជិកយើងបានធ្វើវាគួរតែបានទទួលមេដាយខ្លះដែរ សមាជិកយើងខ្លះដែលលោកសកម្ម ប៉ុន្តែយើងចង់ឲ្យមានគោលការណ៍ធ្វើយ៉ាងណាថា ការទទួលមេដាយនោះដើម្បីអ្វី»។
លោកតំណាងរាស្ត្រ ចាន់ ចេង នៃខេត្តកណ្ដាលនៃគណបក្សប្រឆាំង សម រង្ស៊ី ៖ «បាទ! ជាការពិតការបម្រើរាស្ត្រមិនបានគ្រប់ ១០០% ហើយទទួលទៅវាមិនសាកសម បើប្រជាពលរដ្ឋកំពុងតែស្រែកហៅឲ្យតំណាងរាស្ត្រទាំងអស់ជួយ ដូចរឿងដីធ្លីនៅបឹងកក់អ៊ីចឹងវាពិបាកក្នុងការទទួលយក»។
មានប្រសាសន៍ស្រដៀងគ្នា និងតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែរ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សក៏មិនចាប់អារម្មណ៍ចំពោះការផ្ដល់មេដាយនោះដែរ។
លោកឲ្យដឹងដូច្នេះ ៖ «យើងនៅតែក្រីក្រ ហើយយើងគិតតែពាក់មេដាយច្រើនពេក ខ្ញុំយល់ថា យើងត្រូវខិតខំច្រើនទៅទៀត។ ខ្ញុំទទួលហើយ ប៉ុន្តែយើងត្រូវខំថែមទៀតសាកសមនឹងអ្វីដែលព្រះមហាក្សត្រប្រទានយើង។ មេដាយទាំងអស់នេះគួរផ្ដល់ជូនផងដែរទៅប្រជាពលរដ្ឋខ្មែរ ដែលគេហ៊ានលះបង់រឿងជាតិ ជួនកាលអង្គការហើយនិងសហជីពគេហ៊ានលះបង់ និងធ្វើការដើម្បីជាតិច្រើនជាងតំណាងរាស្ត្រផង»។
លោកតំណាងរាស្ត្រ ឈាង វុន នៃគណបក្សប្រជាជនដដែលថ្លែងថា មិនមែនតែមន្ត្រីបក្សជំទាស់ទេដែលពុំមានវត្តមានក្នុងកម្មវិធីទទួលមេដាយ ប៉ុន្តែក៏មានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ដែលអវត្តមានមិនបានទទួលយកការបំពាក់នោះដែរ ដោយសារតែពួកគេជាប់រវល់បំពេញការងារ។
កាលពីឆ្នាំ២០០០ កន្លងទៅ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ទាំងអស់ ធ្លាប់បានបង្វិលមេដាយកិត្តិយសទាំងអស់ រដ្ឋសភាវិញ ក្រោមការអះអាងថា ពួកគេមិនទាន់សាកសមក្នុងការទទួលមេដាយនោះនៅឡើយទេ៕
