មណ្ឌល​កុមារ​កំព្រា​នៅ​កំពង់ស្ពឺ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថវិកា

2010-02-08

មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​មាន​កុមារ​ជាង​៥០​នាក់​កំពុង​ស្នាក់នៅ​និង​រៀន​ជំនាញ បាន​ជួប​ការ​ខ្វះខាត​ថវិកា​ក្នុង​ការ​ដំណើរការ​ជា​ច្រើន​ខែ​មក​ហើយ។

RFA/Sok Serey

៧-កុម្ភៈ-១០: កុមារ​កំព្រា​ដែល​រស់​នៅ​ក្នុង​មណ្ឌល​សមាគម​នៃ​ក្ដី​សង្ឃឹម​របស់​ជន​ក្រីក្រ​នៅ​កំពង់ស្ពឺ នាំ​គ្នា​តម្រង់​ជួរ​ចូល​ថ្នាក់​រៀន។

មណ្ឌល​សមាគម​នៃ​ក្តី​សង្ឃឹម​របស់​ជន​ក្រីក្រ​នៅ​ក្នុង​តំបន់​ដាច់​ស្រាយាល​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​តែ​ចិញ្ចឹម​កុមារ​កំព្រា​ក្រីក្រ​ជាង​៥០​នាក់​ឲ្យ​ទទួល​ការ​រៀន​សូត្រ និង​រៀន​ភ្លេង​បុរាណ​ខែ្មរ​ផង​ដែរ​នោះ កំពុង​តែ​ខ្វះខាត​ថវិកា​យ៉ាង​ធ្ងន់ធ្ងរ​ជា​ច្រើន​ខែ​មក​ហើយ​ដើម្បី​បន្ត​ដំណើរការ​មណ្ឌល​នេះ​ទៅ​មុខ​ទៀត។ ជាមួយ​គ្នា​នេះ តំណាង​នៃ​មណ្ឌល​និង​កុមារ​កំពា្រ​ដោយសារ​តែ​ឪពុក​ម្តាយ​បាន​ស្លាប់​ចោល​ដោយសារ​ជំងឺ​អេដស៍​បាន​ទទូច​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ថវិកា​ពី​សប្បុរស​ជន​នានា។

លោក នៅ សារ៉ាត់ ជា​ប្រធាន​គ្រប់គ្រង​នៃ​មណ្ឌល​សមាគម​នៃ​ក្តី​សង្ឃឹម​របស់​ជន​ក្រីក្រ​នៅ​ក្នុង​ភូមិ​ព្រៃជុំ ឃុំ​យុទ្ធសាមគ្គី ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ក្នុង​មណ្ឌល​នោះ​ថា  លោក​ត្រូវការ​ថវិកា​ចំនួន​ជាង​៨០០​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ខែ​ដើម្បី​ដំណើរការ​មណ្ឌល​នេះ​ទៀត។

លោក នៅ សារ៉ាត់ បាន​ឲ្យ​ដឹង​ថា ៖ «រាល់​ថ្ងៃ​មាន​ការ​ខ្វះខាត ដូចជា​សម្ភារៈ អង្ករ និង​ឧបករណ៍​ផ្សេងៗ​សម្រាប់​ប្រើប្រាស់​ហ្នឹង ហើយ​សំខាន់​បំផុត​គឺ​ខ្ញុំ​ដែល​រៀបចំ​គោលដៅ​ឲ្យ​ពួកគេ គឺ​ដើម្បី​ឲ្យ​សិក្សា​រៀន​សូត្រ ដូចជា​រៀន​ភាសា​ខ្មែរ ភាសា​អង់គ្លេស​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដូចជា​ការ​គូរ​គំនូរ​អី​ផ្សេងៗ។ កុមារ​នៅ​ទី​នេះ​មាន​ចំនួន​សរុប​៥៥​នាក់។ កន្លង​មក​ខ្ញុំ​សុំ​សប្បុរស​ជន តែ​កន្លង​មក​គាត់​មិន​អាច​ឲ្យ​យើង​តាម​តម្រូវការ​បាន​ទេ មាន​ការ​ខ្វះខាត​ច្រើន»

កុមារ​កំព្រា​៣០៥
៧-កុម្ភៈ-១០: កុមារ​កំព្រា​នៅ​ក្នុង​មណ្ឌល​សមាគម​នៃ​ក្ដី​សង្ឃឹម​របស់​ជន​ក្រីក្រ​នៅ​កំពង់ស្ពឺ ហាត់​រៀន​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ។ RFA/Sok Serey

មណ្ឌល​នេះ​មាន​បន្ទប់​តូចៗ​ចំនួន​២ សម្រាប់​ឲ្យ​កុមារ​តូចៗ​មាន​ស្រី​មាន​ប្រុស​ចំនួន​ជាង​៥០​នាក់​រស់​នៅ​ជាមួយ​គ្នា។ កុមារ​មួយ​ចំនួន​បាន​កំព្រា​ដោយសារ​ឪពុក​ម្តាយ​បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ និង​មួយ​ចំនួន​ទៀត​ឪពុក​ម្តាយ​បំបរបង់​ចោល​ដោយសារ​លែងលះ​គ្នា​និង​គ្មាន​លទ្ធភាព​ចិញ្ចឹម។ មាន​បុគ្គលិក​ស្ម័គ្រ​ចិត្ត​ចំនួន​ជាង​១០​នាក់ គ្រូ​បង្រៀន​ចំនួន​៣​នាក់​ក្នុង​ការ​បង្រៀន​ភាសា​ខែ្មរ​កម្រិត​បឋម​សិក្សា​និង​អនុ​វិទ្យាល័យ រៀន​ភាសា​អង់គ្លេស​និង​រៀន​ភ្លេង​ខែ្មរ​ផង​ដែរ។ មណ្ឌល​នេះ​មាន​ទី​តាំង​នៅ​ក្បែរ​វត្ត​មួយ​ឈ្មោះ​វត្ត​ព្រៃជុំ នៅ​ក្នុង​ភូមិ​ព្រៃជុំ ឃុំ​យុទ្ធសាមគ្គី ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។

កុមារ​ឈ្មោះ ឆែម គុយសេង អាយុ​១៥​ឆ្នាំ កំពា្រ​ឪពុក​ម្តាយ​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ នៅ​ក្នុង​មណ្ឌល​នេះ​ចំនួន​៣​ឆ្នាំ​មក​ហើយ បាន​ថែ្លង​ថា ៖ «ខ្វះខាត​ដែរ​អាហារ​ហូប​ចុក»

សុខ សេរី ៖ ចង់​បាន​អនាគត​ភ្លឺស្វាង​ទេ​នៅ​ពេល​ខាង​មុខ? ឆែម គុយសេង ៖ ចង់​បាន។ សុខ សេរី ៖ តើ​មាន​សំណូមពរ​យ៉ាង​ម៉េច​ដែរ​ទៅ​សប្បុរស​ជន​អី​ហ្នឹង? ឆែម គុយសេង ៖ ខ្ញុំ​សូម​ឲ្យ​សប្បុរស​ជន​ទាំង​អស់​ជួយ​ដល់​កុមារ​កំព្រា​នៅ​កន្លែង​ខ្ញុំ​បាទ​ផង។

កុមារ​ម្នាក់​ទៀត​ឈ្មោះ គង្គា អាយុ​១១​ឆ្នាំ កំព្រា​ដោយសារ​តែ​ឪពុក​ម្តាយ​បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ផង​ដែរ បាន​ថែ្លង​ថា ៖ «សំណូម​ពរ​ឲ្យ​សប្បុរស​ជន​ជួយ​ខ្ញុំ​ទាំង​អស់​គ្នា សម្ភារៈ​សិក្សា ជួយ​ម្ហូប​អាហារ»

មណ្ឌល​នេះ​បាន​ចាប់​ដំណើរការ​តាំង​ពី​ឆ្នាំ​២០០៤​កន្លង​មក បង្កើត​ទ្បើង​ដោយ​លោក នៅ សារ៉ាត់ ជា​អតីត​ព្រះសង្ឃ​នៅ​វត្ត​ព្រៃជុំ​នោះ ដែល​បាន​ដំណើរការ​មណ្ឌល​នេះ​បាន​ដោយសារ​តែ​ថវិកា​របស់​សប្បុរស​ជន​តែប៉ុណ្ណោះ ពី​ក្រៅ​ប្រទេស​និង​ក្នុង​ប្រទេស។ គេ​នៅ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ក្នុង​ការ​សង្គ្រោះ​មណ្ឌល​នេះ​ពី​សំណាក់​រដ្ឋាភិបាល​នៅ​ឡើយ​ទេ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

សិស្ស​បោះបង់​ការ​សិក្សា​នៅ​កោះកុង​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩

អ្នក​ភូមិ​នៅ​ស្ទឹងត្រែង​អំពាវនាវ​សុំ​ជំនួយ​បន្ទាប់​ពី​ភ្លើង​ឆេះ​ផ្ទះ

បញ្ហា​សិក្សា​របស់​យុវជន​​នៃ​​គ្រួសារ​អ្នក​នេសាទ​នៅ​ខេត្ត​កោះកុង

បុរស​ម្នាក់​ធ្វើ​អត្តឃាត​ដោយសារ​ជីវិត​ក្រីក្រ

វៀតណាម​បញ្ជូន​អ្នក​សុំ​ទាន​ខ្មែរ​៨៩៨​នាក់​មក​កម្ពុជា​វិញ

វៀតណាម​បញ្ជូន​អ្នក​សុំ​ទាន​ខ្មែរ​១០៣​នាក់​មក​កម្ពុជា​វិញ

អាជ្ញាធរ​ខែត្រ​សៀមរាប​ចែក​អង្ករ​ជូន​អ្នក​ភូមិ​ជាង​៧០០​គ្រួសារ

អ្នក​ភូមិ​ដងរ៉ែក​ក្នុង​ខែត្រ​បន្ទាយមានជ័យ​ជួប​ប្រទះ​នឹង​កង្វះ​ស្បៀង

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ប្រឈម​បញ្ហា​ដាច់​ស្បៀង​បន្ទាប់​ពី​ទឹក​ជន់​លិច​ភូមិ