មណ្ឌលសមាគមនៃក្តីសង្ឃឹមរបស់ជនក្រីក្រនៅក្នុងតំបន់ដាច់ស្រាយាលមួយនៅក្នុងខេត្តកំពង់ស្ពឺ ដែលកំពុងតែចិញ្ចឹមកុមារកំព្រាក្រីក្រជាង៥០នាក់ឲ្យទទួលការរៀនសូត្រ និងរៀនភ្លេងបុរាណខែ្មរផងដែរនោះ កំពុងតែខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរជាច្រើនខែមកហើយដើម្បីបន្តដំណើរការមណ្ឌលនេះទៅមុខទៀត។ ជាមួយគ្នានេះ តំណាងនៃមណ្ឌលនិងកុមារកំពា្រដោយសារតែឪពុកម្តាយបានស្លាប់ចោលដោយសារជំងឺអេដស៍បានទទូចសុំឲ្យមានការគាំទ្រថវិកាពីសប្បុរសជននានា។
លោក នៅ សារ៉ាត់ ជាប្រធានគ្រប់គ្រងនៃមណ្ឌលសមាគមនៃក្តីសង្ឃឹមរបស់ជនក្រីក្រនៅក្នុងភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅក្នុងមណ្ឌលនោះថា លោកត្រូវការថវិកាចំនួនជាង៨០០ដុល្លារអាមេរិកជារៀងរាល់ខែដើម្បីដំណើរការមណ្ឌលនេះទៀត។
លោក នៅ សារ៉ាត់ បានឲ្យដឹងថា ៖ «រាល់ថ្ងៃមានការខ្វះខាត ដូចជាសម្ភារៈ អង្ករ និងឧបករណ៍ផ្សេងៗសម្រាប់ប្រើប្រាស់ហ្នឹង ហើយសំខាន់បំផុតគឺខ្ញុំដែលរៀបចំគោលដៅឲ្យពួកគេ គឺដើម្បីឲ្យសិក្សារៀនសូត្រ ដូចជារៀនភាសាខ្មែរ ភាសាអង់គ្លេសនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចជាការគូរគំនូរអីផ្សេងៗ។ កុមារនៅទីនេះមានចំនួនសរុប៥៥នាក់។ កន្លងមកខ្ញុំសុំសប្បុរសជន តែកន្លងមកគាត់មិនអាចឲ្យយើងតាមតម្រូវការបានទេ មានការខ្វះខាតច្រើន»។

មណ្ឌលនេះមានបន្ទប់តូចៗចំនួន២ សម្រាប់ឲ្យកុមារតូចៗមានស្រីមានប្រុសចំនួនជាង៥០នាក់រស់នៅជាមួយគ្នា។ កុមារមួយចំនួនបានកំព្រាដោយសារឪពុកម្តាយបានស្លាប់ដោយសារជំងឺអេដស៍ និងមួយចំនួនទៀតឪពុកម្តាយបំបរបង់ចោលដោយសារលែងលះគ្នានិងគ្មានលទ្ធភាពចិញ្ចឹម។ មានបុគ្គលិកស្ម័គ្រចិត្តចំនួនជាង១០នាក់ គ្រូបង្រៀនចំនួន៣នាក់ក្នុងការបង្រៀនភាសាខែ្មរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ រៀនភាសាអង់គ្លេសនិងរៀនភ្លេងខែ្មរផងដែរ។ មណ្ឌលនេះមានទីតាំងនៅក្បែរវត្តមួយឈ្មោះវត្តព្រៃជុំ នៅក្នុងភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
កុមារឈ្មោះ ឆែម គុយសេង អាយុ១៥ឆ្នាំ កំពា្រឪពុកម្តាយស្លាប់ដោយសារជំងឺអេដស៍ នៅក្នុងមណ្ឌលនេះចំនួន៣ឆ្នាំមកហើយ បានថែ្លងថា ៖ «ខ្វះខាតដែរអាហារហូបចុក»។
សុខ សេរី ៖ ចង់បានអនាគតភ្លឺស្វាងទេនៅពេលខាងមុខ? ឆែម គុយសេង ៖ ចង់បាន។ សុខ សេរី ៖ តើមានសំណូមពរយ៉ាងម៉េចដែរទៅសប្បុរសជនអីហ្នឹង? ឆែម គុយសេង ៖ ខ្ញុំសូមឲ្យសប្បុរសជនទាំងអស់ជួយដល់កុមារកំព្រានៅកន្លែងខ្ញុំបាទផង។
កុមារម្នាក់ទៀតឈ្មោះ គង្គា អាយុ១១ឆ្នាំ កំព្រាដោយសារតែឪពុកម្តាយបានស្លាប់ដោយសារជំងឺអេដស៍ផងដែរ បានថែ្លងថា ៖ «សំណូមពរឲ្យសប្បុរសជនជួយខ្ញុំទាំងអស់គ្នា សម្ភារៈសិក្សា ជួយម្ហូបអាហារ»។
មណ្ឌលនេះបានចាប់ដំណើរការតាំងពីឆ្នាំ២០០៤កន្លងមក បង្កើតទ្បើងដោយលោក នៅ សារ៉ាត់ ជាអតីតព្រះសង្ឃនៅវត្តព្រៃជុំនោះ ដែលបានដំណើរការមណ្ឌលនេះបានដោយសារតែថវិការបស់សប្បុរសជនតែប៉ុណ្ណោះ ពីក្រៅប្រទេសនិងក្នុងប្រទេស។ គេនៅមិនទាន់មានសញ្ញាណាមួយក្នុងការសង្គ្រោះមណ្ឌលនេះពីសំណាក់រដ្ឋាភិបាលនៅឡើយទេ៕
