កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ បានបញ្ចប់ទៅដោយភាគីចរចា បង្ហាញពីបំណងល្អក្នុងការបង្កើនទំហំពាណិជ្ជកម្មតាមរយៈការបង្កើតស្ថានបេសកកម្មកូរ៉េ ប្រចាំនៅអាស៊ាន និងការព្យាយាមសម្របសម្រួលឲ្យមានការជួបពិភាក្សាលើបញ្ហានុយក្លេអ៊ែរ ក្នុងឧបទ្វីបកូរ៉េ។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក កៅ គឹមហួន ក្នុងពេលធ្វើសន្និសីទកាសែតបង្ហាញថា អាស៊ាន និងកូរ៉េ បានមូលមតិគ្នាដោយគ្រោងបង្កើតស្ថានបេសកកម្មកូរ៉េមួយនៅប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងក្នុងការដោះដូរពាណិជ្ជកម្ម។ លោកបន្តថា បញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ក៏ត្រូវលើកយកមកពិភាក្សា និងស្នើមានការសម្របសម្រួលឲ្យភាគីទាំងអស់ វិលទៅកាន់តុចរចាជាថ្មីវិញ។
លោក កៅ គឹមហួន៖ «២០១១ នេះ ពាណិជ្ជកម្មរបស់ភាគីអាស៊ាន និងកូរ៉េ ជាង ១២៤ពាន់លានដុល្លារ ហើយសង្ឃឹមថា នៅឆ្នាំ២០១៥ នឹងអាចកើនឡើងដល់ជាង ១.៥០០លានដុល្លារ។ ប្រមុខរដ្ឋាភិបាលអាស៊ាន-កូរ៉េ ជំរុញធ្វើយ៉ាងណាឲ្យអាស៊ាន និងកូរ៉េ ភ្ជាប់ទំនាក់ទំនងឲ្យបានឆាប់។ អ្វីដែលសំខាន់នេះ យើងចង់ឲ្យធ្វើយ៉ាងណា ឲ្យឧបទ្វីបកូរ៉េ គ្មាននុយក្លេអ៊ែរ និងជំរុញភាគីទាំងអស់ឲ្យចូលមកកាន់តុចរចា ៦ភាគីវិញ»។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច យល់ឃើញថា ការបង្កើនទំហំពាណិជ្ជកូរ៉េ និងអាស៊ាន នឹងទទួលបានផលប្រយោជន៍ច្រើនទាំងសងខាង។ កូរ៉េនឹងមានឥទ្ធិពលនៅតំបន់អាស៊ាន តាមរយៈទំហំពាណិជ្ជកម្មទ្វេភាគី ម្យ៉ាងទៀតក៏អាចកាត់បន្ថយឥទ្ធិពលផ្តាច់មុខរបស់មហាអំណាចចិន បានមួយចំនួនធំទៀតផង។ ចំណែកឯប្រទេសក្នុងតំបន់អាស៊ានវិញ នឹងចំណេញផ្នែកសេដ្ឋកិច្ចច្រើនលើសលប់ ហើយក៏អាចរារាំងមិនឲ្យកុម្មុយនិស្តចិន អាចប្រើប្រាស់ឥទ្ធិពលមកក្នុងតំបន់ស្រេចតែចិត្ត នោះទេ។
អ្នកវិភាគយល់ថា បំណងអាស៊ានក្នុងការសម្របសម្រួលសំណុំរឿងនុយក្លេអ៊ែរឧបទ្វីបកូរ៉េ នឹងមិនអាចទៅរួចឡើយ នៅពេលដ៏ខ្លីខាងមុខ ដោយសារប្រទេសកូរ៉េខាងជើង នឹងនៅតែប្រកាន់ជំហរមិនវិលមកកាន់តុចរចា។ អ្នកវិភាគបន្តថា ប្រទេសកុម្មុយនិស្តមួយនេះយកគោលនយោបាយការពារជាតិចម្បង ដោយចាត់ទុកវិស័យយោធាជាអាទិភាព ហើយពួកគេអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ក្នុងគោលបំណងទប់ទល់នឹងសត្រូវរបស់ខ្លួន គឺកូរ៉េខាងត្បូង និងអាមេរិក។
កន្លងទៅ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ធ្លាប់បានសម្របសម្រួលឲ្យភាគីកូរ៉េខាងជើង ចូលកាន់តុចរចាដែរ ប៉ុន្តែមិនទាន់មានលទ្ធផលជាផ្លែផ្កានោះទេ។ ទំនាក់ទំនងអាស៊ាន និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងតាំងពីឆ្នាំ១៩៩១ ដោយផ្ដោតការយកចិត្តទុកដាក់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
