ក្រុមហ៊ុន​ជាង​៤០​ចង​សម្ព័ន្ធ​មេត្រីភាព​ជា​ផ្លូវ​ការ​ជាមួយ​យោធា

ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​ក្រុមហ៊ុន​ឯកជន​ និង​យោធា កាល​ពី​ខែ​មីនា​មក មាន​ក្រុមហ៊ុន​ជាង ៤០ បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជា​ផ្លូវ​ការ និង​មិន​ផ្លូវ​ការ​ជាង ៣០០​ក្រុមហ៊ុន។

0:00 / 0:00

ប្រភព​ពី​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​ឯកជន​ធំៗ​ជា​ផ្លូវការ​ចំនួន​ជាង ៤០​ហើយ បាន​មក​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពល​មួយ​ចំនួន​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ក្រោយ​ពី​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​មាន​ធ្វើ​ដូច្នេះ កាល​ពី​ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ ដើម្បី​គាំទ្រ​ផ្នែក​សម្ភារៈ និង​ស្បៀង​អាហារ​នានា ដល់​កម្លាំង​យោធា​នានា ដែល​កំពុង​តែ​ឈរ​ជើង​ការពារ​ព្រំដែន​នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា-​ថៃ។

ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ឯកជន​ចំនួន ៤២ បូក​ជាមួយ​នឹង​ក្រសួង និង​មន្ទីរ​នានា​របស់​រដ្ឋាភិបាល បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា ដោយ​មិន​ទាន់​បាន​គិត​ជាមួយ​នឹង​អង្គភាព និង​ស្ថាប័ន​រដ្ឋ​ចំនួន ២៤​ទៀត​នៅ​ឡើយ​ទេ។ ក្រុមហ៊ុន​មិន​ផ្លូវការ ចំនួន​ជាង ៣០០ បាន​មក​សុំ​ចង​សម្ព័ន្ធ​មេត្រីភាព​ដូចគ្នា​នេះ។

ក្រុមហ៊ុន​ធំៗ​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ដូច​ជា​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ជប់ (Chup Rubber Plantation ) ក្រុមហ៊ុន​ទូរស័ព្ទ ម៉ូប៊ីថែល (Mobitel) សណ្ឋាគារ​ខេមបូឌីយ៉ាណា (Cambodiana) ធនាគារ​កាណាឌីយ៉ា (Canadia) ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ (Heng Development) ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​អណ្តូង (Andung Rubber Plantation) ក្រុមហ៊ុន​ម៉ែន សារ៉ុន (Men Sarun) និង​ក្រុមហ៊ុន​អង្គរ ស៊ូហ្គើរ ទន្លេ (Angkor Surger Tunle) ក្រុមហ៊ុន​ស៊ូហ្គើរ ខេមបូឌា ខេម អែន វែលី (Surger Cambodia Cam and Vally) និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដែល​បាន​ជួយ​ឧបត្ថម្ភ​ជា​ប្រាក់​ច្រើន​ពាន់ ច្រើន​ម៉ឺន​ដុល្លារ​អាមេរិក និង​ជួយ​ឧបត្ថម្ភ​ជា​ស៊ីម៉ងត៍ គ្រែ និង​សាង​សង់​អគារ​មួយ​ចំនួន​ទៀត។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក ឈុំ សុជាតិ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «ខ្ញុំ​គិត​ថា ជា​ចំណង​សាមគ្គីភាព​រឹង​មាំ​រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ។ រួម​គា្ន​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​រួម​ចំណែក​ការពារ ភារកិច្ច​ការពារ​ជាតិ​មាតុភូមិ»

កង​ពល​យោធា​ដែល​បាន​ទទួល​ការ​ចង​សម្ព័ន្ធ​មេត្រីភាព​នេះ មាន​ដូច​ជា យោធភូមិ​ភាគ​ទី ១ កង​ពល​អន្តរាគមន៍​លេខ​៩ កង​ការពារ​ព្រំដែន​លេខ ៤០៤ កង​ពល​តូច​ថ្មើរ​ជើង​លេខ ៥៣ កង​ពល​តូច​ថ្មើរ​ជើង​លេខ ៥២ វរសេនា​តូច ៥០៨ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ពោធិ៍សាត់ កង​ពល​អន្តរាគមន៍​លេខ ១១ កង​ការពារ​ព្រំដែន​លេខ ៥០១ យោធភូមិ​ភាគ​ទី ៤ និង​កង​ពល ព្រម​ទាំង​វរសេនា​តូច​មួយ​ចំនួន​ទៀត។

សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក​ឈ្មោះ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ថ្មីៗ​នេះ បាន​រិះគន់ និង​ចោទ​ប្រកាន់​ថា មាន​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​ប្រើប្រាស់​យោធា​ទាំង​នោះ មក​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន។

នាយក​នៃ​យុទ្ធនាការ​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក លោក ហ្គាវិន ហេមែន (Gavin Hayman) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា វា​មិន​អាច​ទទួល​យក​បាន​ទេ សម្រាប់​ក្រុមហ៊ុន​ឯកជន​នានា ជួយ​ឧបត្ថម្ភ​លុយ​កាក់​ដល់​យោធា​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ជុំវិញ​អំពើ​ពុករលួយ និង​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់​នានា និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

លោក​ឧត្ដមសេនីយ៍​ឯក ឈុំ សុជាតិ បាន​ប្រតិកម្ម​ថា ក្រសួង​ការពារ​ជាតិ មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​ចោទ​ប្រកាន់​បែប​នេះ ៖ «ព្រោះ​ថា ចង​សម្ព័ន្ធ​មេត្រីភាព​នេះ គ្រាន់​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ការ​ឧបត្ថម្ភ​គ្នា​រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ​តែប៉ុណ្ណោះ»

លោក​បាន​បញ្ជាក់​ថា ការ​ចង​សម្ព័ន្ធ​មេត្រីភាព​នេះ គឺ​សម្រាប់​រយៈពេល​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត៕