អ្នក​ស្រុក​ជីក្រែង​លើក​គ្នា​មក​តុលាការ​នៅ​ថ្ងៃ​កាត់​ក្ដី​តំណាង​អ្នក​ភូមិ​៩​នាក់

ប្រជាពលរដ្ឋ​ជាង ៨០​នាក់​ដែល​រស់​នៅ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប បាន​លើក​គ្នា​ទៅ​មុខ​សាលា​ដំបូង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា​នេះ នៅ​ពេល​ដែល​អាជ្ញាធរ​បាន​នាំ​ខ្លួន​តំណាង​របស់​អ្នក​ភូមិ ៩​នាក់ ដែល​ជាប់​ឃុំឃាំង​ជា​ច្រើន​ខែ​មក​ហើយ ចូល​ទៅ​តុលាការ​ដើម្បី​បើក​សវនាការ​ជំនុំ​ជម្រះ​ទោស។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ឃុំ​ជីក្រែង ដែល​កំពុង​នាំ​គ្នា​អង្គុយ​ខាង​ក្រៅ​របង​ផ្លូវ​ចូល​សាលា​ដំបូង​របស់​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែ​កក្កដា​នេះ​ថា ពួកគាត់​បាន​លើក​គ្នា​មក​នេះ​មិន​មែន​ធ្វើ​បាតុកម្ម​ប្រឆាំង​ណា​មួយ​ទេ គឺ​មាន​បំណង​ស្នើ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​ពួក​គាត់​ទាំង​អស់​បាន​ចូល​ស្ដាប់​សវនាការ ដើម្បី​ឲ្យ​ដឹង​ថា តើ​សវនាការ​ជំនុំ​ជម្រះ​លើ​សាច់​ញាតិ​របស់​គេ ដែល​កំពុង​ជាប់​ចោទ​នោះ​មាន​ភាព​យុត្តិធម៌​ដែរ ឬ​ទេ?

ស្ត្រី​អ្នក​ឃុំ​ជីក្រែង​ម្នាក់​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​អត់​មាន​មក​បាតុកម្ម​អី​ទេ មក​នេះ​អង្គុយ​ស្ដាប់​លោក​បើក​សវនាការ​ចង់​ដឹង​ថា គេ​កាត់​ឲ្យ​ត្រឹមត្រូវ​ ឬ​យ៉ាង​ម៉េច? សូម​ឲ្យ​រក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ ហើយ​សូម​ដោះលែង​ក្មួយ​ខ្ញុំ​ទាំង​អស់​គ្នា​ដែល​ជាប់​ពន្ធនាគារ ព្រោះ​ក្មួយ​ខ្ញុំ​អត់​មាន​កំហុស​ទេ»

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ កម្លាំង​កង​រាជ​អាវុធហត្ថ​ប្រមាណ ៤០​នាក់ បាន​បញ្ជូន​ទៅ​​ការពារ​នៅ​ក្នុង​សាលា​ដំបូង​របស់​ខេត្ត​សៀមរាប ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​កាសែត និង​ប្រជាពលរដ្ឋ​ចូល​រួម​ស្ដាប់​សវនាការ​ជំនុំ​ជម្រះ​ទៅ​លើ​តំណាង ៩​នាក់​របស់​អ្នក​ឃុំ​ជីក្រែង ដែល​សមត្ថកិច្ច​បាន​ចាប់​ឃុំ​ខ្លួន​ដោយសារ​ទំនាស់​ដី​ស្រែ​ប្រាំង​ជាង ៩០​ហិកតា ជាមួយ​អ្នក​ឃុំ​អន្លង់​សំណរ​នោះ​ទេ។

អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដែល​បាន​ចូល​ស្ដាប់​សវនាការ​នោះ បាន​ឲ្យ​ដឹង​ថា ព្រះ​រាជ​អាជ្ញា​នៃ​អង្គ​សវនាការ​បាន​ចោទ​ប្រកាន់​តំណាង​ប្រជាពលរដ្ឋ​ឃុំ​ជីក្រែង​ទាំង ៩​នាក់​នោះ ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត ពី​បទ​ប្លន់ និង​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់។

ទោះ​យ៉ាងណា​​សវនាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចៅក្រម​ជំនុំ​ជម្រះ​ទើប​តែ​បាន​សាកសួរ​ជន​ជាប់​ចោទ​ទាំង ៩​នាក់​ប៉ុណ្ណោះ ដោយ​មិន​ទាន់​បាន​សួរ​សាក្សី​ជា​ច្រើន​នៅ​ឡើយ​ទេ ហើយ​តុលាការ​ក៏​បាន​ផ្អាក​សវនាការ​នោះ ដោយ​ថា នឹង​បន្ត​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ខាង​មុខ៕