អ្នកស្រី ជួន សុផុន រស់នៅតំបន់ទួលសំបូរ បានថ្លែងឲ្យដឹងថា ទាំងកូនក្មេង និងមនុស្សចាស់ចាប់មានអាការៈក្អួតចង្អោរ ហើយខ្លះទៀតរាកជាបន្តបន្ទាប់ ចាប់ពីម៉ោងប្រហែល ៨ ដល់ម៉ោង ១០ព្រឹក៖ «ចៅខ្ញុំទាំង ៣នាក់ ក្អួតហើយរាកទៀត... ស្រាប់រួចពីក្អួតហើយឡើងដេកលើគ្រែ ចេះតែក្អួតមកទៀត ខ្ញុំថា បែបចៅខ្ញុំហ្នឹងពុលបបរ ពួកខ្ញុំក៏នាំគ្នាដឹកយកទៅពេទ្យ ស្រាប់មកដល់ខ្ញុំទៀត ធ្វើទុក្ខខ្ញុំទៀត។ ខ្ញុំអត់ហូបបបរផង... »។
ក្រុមអ្នកភូមិបានថ្លែងថា ក្រុមអ្នកភូមិបានបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដោយមធ្យោបាយផ្ទាល់ខ្លួន និងតាមរថយន្តសង្គ្រោះបន្ទាន់ផង។ ពួកគាត់បានថ្លែងថា ជំងឺរាក និងក្អួតចង្អោរកើតឡើយភ្លាមៗនេះ ទំនងដោយសារតែប្រភពទឹកប្រើប្រាស់របស់ពលរដ្ឋនៅតំបន់នោះមិនមានគុណភាពល្អ ហើយពលរដ្ឋដែលរស់នៅតំបន់នៅហាក់មានបរិស្ថានអួអាប់ និងអាកាសធាតុក្ដៅខ្លាំង។
ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពចម្ការដូង ជាយទីក្រុងភ្នំពេញ ដែលទទួលសង្គ្រោះព្យាបាលអ្នកជំងឺនៅមិនទាន់ហ៊ានសន្និដ្ឋានពីមូលហេតុនៃការកើតឡើងជំងឺនោះទេ តែពួកគាត់បានយកទឹកអណ្ដូងខួង ដែលអតីតប្រជាពលរដ្ឋបុរីកីឡានៅទួលសំបូរប្រើប្រាស់ ផ្ញើទៅមន្ទីរពិសោធន៍ ហើយមន្ត្រីនគរបាលក៏បានយកសំណល់អាហារដែលក្រុមប្រជាពលរដ្ឋបានបរិភោគទៅពិនិត្យដែរ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
