លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអះអាងថា ឆ្នាំ២០១០ កន្លងទៅនេះ ក្រសួងក៏ដូចជារដ្ឋាភិបាលបានជំរុញឲ្យវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា មានការវិវត្តន៍រីកចម្រើនដោយបានបង្កើត និងអនុញ្ញាតឲ្យមានបណ្ដាញផ្សាយព័ត៌មានគ្របដណ្ដប់ពាសពេញផ្ទៃប្រទេស និងសាយទៅក្រៅប្រទេសថែមទៀត។
លោកថ្លែងបែបនេះ នៅក្នុងសន្និបាតបូកសរុបការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០១០ និងទិសដៅការងារឆ្នាំ២០១១ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។
លោក ខៀវ កាញារីទ្ធ ដែលជាមន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា ផងនោះ បានបន្ថែមថា ក្រសួងពី ១ឆ្នាំ ទៅ ១ឆ្នាំ បានបំពេញតួនាទីសំខាន់ ដោយបានផ្ដល់ព័ត៌មាន ផ្ដល់ការអប់រំ និងផ្ដល់ការកម្សាន្តជូនពលរដ្ឋគ្រប់ទិសទី ស្របតាមទិសស្លោកដែលបានដាក់ចេញ ៖ «ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន!»។
លោកសង្កត់ធ្ងន់ថា អ្វីដែលរដ្ឋាភិបាលមានមោទនភាពសព្វថ្ងៃនេះ គឺបានបំពេញនូវសំណូមពរ «សិទ្ធិនៃការទទួលបានព័ត៌មាន» របស់ពលរដ្ឋ ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ដោយឆ្នាំកន្លងទៅមានពលរដ្ឋពី ១លាន ទៅជិត ២លាននាក់មានសិទ្ធិទទួលបានព័ត៌មានតាមរយៈវិទ្យុ ទូរទស្សន៍។ ក្នុងនោះក៏មានពលរដ្ឋមួយចំនួនទទួលបានព័ត៌មានតាមកាសែត ទស្សនាវដ្តី ឬអ៊ីនធឺណិត និងតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ឲ្យដឹងដូច្នេះ ៖ «ក្នុងចំណោមប្រជាពលរដ្ឋ ១៣,៤លាននាក់ ក្នុងនោះ១.៦៤៥.៨៩១គ្រួសារមានទូរទស្សន៍ប្រើប្រាស់ ១.១៤៩.៨0៧គ្រួសារមានវិទ្យុ ម៉ាញ៉េប្រើប្រាស់។ យើងឃើញថា ប្រជាពលរដ្ឋយើងរហូតដល់ ៩៩,២២% មានមធ្យោបាយសម្រាប់ទទួលបានព័ត៌មាន»។
យ៉ាងនេះក្ដី មន្ត្រីបក្សប្រឆាំងមួយចំនួននៅកម្ពុជា បានអះអាងប្រហាក់ប្រហែលគ្នាថា ប្រព័ន្ធផ្សព្វផ្សាយភាគច្រើននៅកម្ពុជា មិនបានផ្សាយព័ត៌មានពិតឆ្លើយតបតាមការចង់បានរបស់ពលរដ្ឋខ្មែរនៅឡើយទេ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី បានទទួលស្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយមានដូចជាទូរទស្សន៍ វិទ្យុ និងកាសែតជាដើម គឺបានកើនចំនួនពិតមែន ប៉ុន្តែបានគ្រប់គ្រងដោយរដ្ឋាភិបាល និងមិនបានផ្ដល់ព័ត៌មានពិតជូនពលរដ្ឋនោះទេ។ លោកបន្តថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា សព្វថ្ងៃនេះ គឺបានផ្ដល់ឱកាសសម្រាប់តែគណបក្ស ឬឥស្សរជននយោបាយបក្សកាន់អំណាច ប៉ុន្តែសម្រាប់គណបក្សប្រឆាំង ឬសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាល មិនទាន់មានសេរីភាពនោះទេ។
លោក យឹម សុវណ្ណ បន្ថែមដូច្នេះ ៖ «ប្រព័ន្ធផ្សព្វផ្សាយ របស់គេនិយាយការពិត គេមានតុល្យភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ទាំងគណបក្សកាន់អំណាច ទាំងគណបក្សប្រឆាំង ទាំងសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋដែលដើរតួនាទី និងកាតព្វកិច្ចក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែប្រទេសកម្ពុជា យើងមានច្រើនដូចដែលលោករដ្ឋមន្ត្រីបានលើកឡើង ប៉ុន្តែភាគច្រើនលើសលប់គ្រប់គ្រងដោយរដ្ឋាភិបាល ផ្សព្វផ្សាយតែព័ត៌មានណាដែលបម្រើផលប្រយោជន៍ឲ្យគណបក្សកាន់អំណាចតែប៉ុណ្ណោះ»។
ដូចគ្នាការអះអាងនេះ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ក៏បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ភាគច្រើនបានលម្អៀងទៅលើរដ្ឋាភិបាល និងបក្សកំពុងកាន់អំណាច។ លោកថា សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋក៏នៅមានការលម្អៀង ដោយគណបក្សប្រឆាំងគ្មានឱកាសបើកស្ថានីយវិទ្យុ ឬទូរទស្សន៍ ដូចជាគណបក្សកំពុងកាន់អំណាចបានទេ។
លោក កឹម សុខា បានទិតៀនថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា សព្វថ្ងៃនេះ មានតែចំនួនតួលេខ ប៉ុន្តែខ្លឹមសារព័ត៌មានផ្សាយចេញពីស្ថានីយគ្រប់គ្រងដោយរដ្ឋាភិបាល គឺមិនទាន់បានផ្ដល់ព័ត៌មានពិតជូនប្រជាពលរដ្ឋនៅឡើយទេ។
លោក កឹម សុខា បន្ថែមទៀតថា ៖ «ខ្មែរសព្វថ្ងៃទទួលបានព័ត៌មានតែមួយជ្រុង អ្វីដែលប្រព័ន្ធទូរទស្សន៍ផ្សព្វផ្សាយ ១០០% គឺរដ្ឋាភិបាលប្រើប្រាស់តែអ្វីដែលគាំទ្ររដ្ឋាភិបាលទេ អ្វីដែលជាការពិតដែលជាកំហុសរបស់រដ្ឋាភិបាលអត់បានផ្សាយឲ្យប្រជារាស្ត្រដឹងទេ។ ដូចជាបញ្ហាដែលគណបក្សក្រៅរដ្ឋាភិបាលអត់មានលទ្ធភាពប្រើប្រាស់ទូរទស្សន៍ទេ សូម្បីទូរទស្សន៍ ទទក ជាទូរទស្សន៍ជាតិហ្នឹង ក៏ខាងពួកខ្ញុំ ដូចជាគណបក្សសិទ្ធិមនុស្សមិនមានឱកាសប្រើប្រាស់បានទេ»។
ទាក់ទងបញ្ហានេះ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា បានថ្លែងថា សេរីភាព ឬក៏សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋតាមរយៈវិទ្យុ ទូរទស្សន៍ និងកាសែតបោះពុម្ព គឺមានការរីកចម្រើនជាងបណ្ដាឆ្នាំកន្លងមក ប៉ុន្តែទន្ទឹមនឹងភាពរីកចម្រើនចំនួនស្ថានីយផ្សាយទាំងនេះ រដ្ឋាភិបាលក៏បានប្ដឹងអ្នកកាសែត និងពលរដ្ឋជាច្រើនករណីទៅកាន់តុលាការផងដែរ។
លោក សុខ សុវណ្ណ បញ្ជាក់ឲ្យដឹងបន្ថែម ៖ «កាលណារីកចម្រើនវាច្រើនមានកំហុសសម្រាប់អ្នកកាសែតយើងដែលពុំទាន់មានភាពរឹងប៉ឹងផ្នែកវិជ្ជាជីវៈឲ្យបានច្រើន»។
ទោះជាបែបនេះក្តី លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ទិសដៅរបស់ក្រសួង ក៏ដូចជារដ្ឋាភិបាលទៅថ្ងៃអនាគត នឹងកែលម្អចំណុចខ្វះខាតដែលកម្ពុជា មិនទាន់អនុវត្តស្របតាមទិសស្លោកដែលថា «ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន» ធ្វើយ៉ាងណាឆ្លើយតបឲ្យមានប្រសិទ្ធភាព។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ដោយទទួលស្គាល់ថា សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋនៅកម្ពុជា តាមរយៈទូរទស្សន៍ វិទ្យុ និងកាសែត គឺមានការរីកចម្រើនពិតមែន ប៉ុន្តែសិទ្ធិប្រើប្រាស់ ឬបង្កើតប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់គណបក្សប្រឆាំង គឺមិនទាន់បានទូលំទូលាយនោះទេ។
លោក អ៊ូ វីរៈ បញ្ជាក់បន្ថែម ៖ «ទូរទស្សន៍យើងមិនឯករាជ្យ។ យើងមានវិទ្យុៗ យើងមានច្រើន។ វិទ្យុហាក់ដូចជាមានភាពទូលំទូលាយជាងឆ្នាំ២០០៩ ប៉ុន្តែនៅមានការរិតត្បិតមួយចំនួន ហើយប្រធានវិទ្យុហ្នឹងនៅតែមានការព្រួយបារម្ភ នៅមានការគ្រប់គ្រងខ្លួនឯង។ ដូច្នេះមិនហ៊ានផ្សព្វផ្សាយអ្វីឲ្យបានទូលំទូលាយដោយឯករាជ្យបានទេ»។
របាយការណ៍ក្រសួងព័ត៌មានបានឲ្យដឹងថា កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ ភាសាខ្មែរនៅឆ្នាំ២០១០ សរុបមានចំនួន ៦២៣អង្គភាព។ កាសែត ទស្សនាវដ្ដី និងព្រឹត្តិបត្រ ភាសាបរទេស និងកាសែតនាំចូលមានចំនួន ៧៤ស្ថាប័ន។ ទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំកម្ពុជា មាន១១។ សមាគមអ្នកសារព័ត៌មានចំនួន២៧ សមាគមវិទ្យុចំនួន ១ និងទូរទស្សន៍១។ ស្ថានីយវិទ្យុផ្សាយផ្ទាល់នៅភ្នំពេញ មានចំនួន ៤០ស្ថានីយ និងនៅតាមខេត្តមានចំនួន៥១ ស្ថានីយទូរទស្សន៍ផ្សាយផ្ទាល់នៅភ្នំពេញ មានចំនួន១០ នៅតាមខេត្តមានចំនួន ៧ស្ថានីយ។ ទូរទស្សន៍ខ្សែកាបនៅភ្នំពេញមាន២ នៅតាមខេត្តមានចំនួន ១០២។ ទូរទស្សន៍ និងវិទ្យុផ្សាយបន្តពីបរទេសមាន ៥ស្ថានីយ។ គ្រឹះស្ថានបោះពុម្ពមាន ៥ និងរោងពុម្ពមាន ៨៤។ ក្រុមហ៊ុន និងភ្នាក់ងារផ្សាយពាណិជ្ជកម្មតាមប៉ាណូ ប័ណ្ណប្រកាស និងមធ្យោបាយផ្សេងៗចំនួន ៤៩ក្រុមហ៊ុន៕