លីកាដូ​រក​ឃើញ​ការ​ឃុំ​ពិរុទ្ធ​ជន​លើស​នីតិ​វិធី​ជា​ច្រើន​ករណី

នៅ​ដើម​ឆ្នាំ​២០១០​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ បាន​រក​ឃើញ​ករណី​ជា​ច្រើន​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​ពិរុទ្ធជន​បណ្ដោះ​អាសន្ន​នៅ​សាលា​ដំបូង​លើស​កាល​កំណត់​នៃ​ច្បាប់។

0:00 / 0:00

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៤​ខែ គឺ​ចាប់​ពី​ខែ​មករា​ដល់​ខែ​មេសា ឆ្នាំ​២០១០ តុលាការ​នៅ​តាម​បណ្ដា​ខែត្រ​មួយ​ចំនួន​បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី​ចំនួន ៩២​ករណី ក្នុង​នោះ​មាន​បុរស ៨៨​នាក់ និង​ស្ត្រី ៤​នាក់។

លោក អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី​នេះ​ជា​ការ​ខុស​ច្បាប់ និង​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស។

លោក អំ សំអាត បាន​បញ្ជាក់​ទៀត​ថា មាន​ពិរុទ្ធជន​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​រហូត​ដល់​ជាង ២​ឆ្នាំ​ក៏​មាន ដែល​គេ​មិន​បាន​យក​សំណុំរឿង​មក​កាត់​ទោស ៖ «ខ្ញុំ​មើល​ឃើញ​ពី​ឆ្នាំ​ទៅ ច្រើន​តែ​រក​កំហុស​គាត់​មិន​ឃើញ។ គាត់​គ្មាន​បាន​ប្រព្រឹត្ត អ៊ីចឹង​ទៅ​គាត់​ជាប់​ពន្ធនាគារ​រយៈពេល​វែង​ដោយ​គ្មាន​កំហុស​អី​សោះ! គាត់​ត្រូវ​បាត់​បង់​ការ​រកស៊ី​ចិញ្ចឹម​គ្រួសារ។ អ៊ីចឹង​យើង​ឃើញ​ថា គាត់​ត្រូវ​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​សិទ្ធិ​សេរីភាព​សម្រាប់​ជន​ជាប់​ចោទ​ហ្នឹង»

លោក អំ សំអាត បាន​អះអាង​ទៀត​ថា ការ​ឃុំ​ខ្លួន​លើស​នីតិ​វិធី​នេះ ខាង​មន្ត្រី​តុលាការ​បាន​បញ្ជាក់​ថា មក​ពី​ការ​ផ្លាស់​ប្ដូរ​ប្រធាន​តុលាការ ព្រះរាជអាជ្ញា និង​ចៅក្រម ដែល​គេ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពី​ខែត្រ​មួយ​ទៅ​ខែត្រ​មួយ​ក្នុង​រយៈពេល ៥​ឆ្នាំ​ម្ដង និង​បញ្ហា​ខ្វះ​មេធាវី​ការពារ​ជន​ជាប់​ចោទ។

របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​បង្ហាញ​ថា ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ចោទ​លើស​នីតិវិធី​នេះ មាន​អាយុ​ពី ១៨​ឆ្នាំ​ឡើង​ទៅ ដូច​ជា​ខែត្រ​ព្រះសីហនុ មាន ៤​ករណី ខែត្រ​កំពង់ស្ពឺ ២២​ករណី កំពង់ឆ្នាំង ១៩​ករណី កំពង់ធំ ៤​ករណី ពោធិ៍សាត់ ៤១​ករណី និង​ខែត្រ​ស្វាយរៀង ២​ករណី។

ព្រះរាជអាជ្ញា​ខែត្រ​កំពង់ធំ លោក ប៉ែន សារ៉ាត់ បាន​បដិសេធ​ថា នៅ​ក្នុង​ខែត្រ​កំពង់ធំ​ពុំ​មាន​ករណី​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​លើស​នីតិ​វិធី​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា បើ​សិន​ជា​មាន​ករណី​តុលាការ​ឃុំ​ខ្លួន​លើស​នីតិ​វិធី​មែន​នោះ ជន​ជាប់​ចោទ​អាច​ដាក់​ពាក្យ​បណ្ដឹង​បាន​អំពី​ករណី​នេះ ៖ «កាល​ណា​ឃុំ​ខ្លួន​លើស យើង​អាច​ប្ដឹង​បាន ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​បាន​តើ!»

មេធាវី​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ការពារ​ជន​រងគ្រោះ​នៃ​សាលាក្ដី​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម លោក ហុង គឹមសួន បាន​ពន្យល់​ថា ចំពោះ​បទ​ឧក្រិដ្ឋ ចៅក្រម​ស៊ើបសួរ​ធ្វើ​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន ៦​ខែ ប៉ុន្តែ​បើ​សិន​ជា​ការ​ស៊ើប​អង្កេត​មិន​ទាន់​បញ្ចប់ ចៅក្រម​មាន​សិទ្ធិ​បន្ត​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ចំនួន ២​ដង​ទៀត សរុប​ចំនួន ១៨​ខែ ហើយ​ការ​ឃុំ​ខ្លួន​នោះ​ត្រូវ​មាន​ដីកា​បន្ត​ឃុំ​ខ្លួន និង​មូលហេតុ​ច្បាស់លាស់ រីឯ​បទ​មជ្ឈិម​អាច​ឃុំ​ខ្លួន​បាន​តែ​ពី ៤​ខែ​ទៅ ៦​ខែ​ទេ។

លោក ហុង គឹមសួន បាន​បញ្ជាក់​ថា ៖ «បើ​សិន​ជា​មើល​ទៅ​ឃើញ​ថា​ជា​កំហុស​ចៅក្រម​ស៊ើប​អង្កេត​គាត់​ភ្លេច​ខ្លួន គាត់​អត់​អើពើ​ទេ អា​ហ្នឹង​ជា​កំហុស​ចៅក្រម ទី​១។ ទី​២​ទៀត សិទ្ធិ​ព្រះរាជអាជ្ញា​ដែល​ទទួល​បន្ទុក​គ្រប់​គ្រង​ជន​ជាប់​ចោទ​ហ្នឹង គឺ​គាត់​ដាច់ខាត​ត្រូវតែ​មើល​បញ្ជី​ឈ្មោះ​នៃ​ការ​ឃុំ​ខ្លួន​ជា​រៀងរាល់​ខែ កុំ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​លើស»

លោក អំ សំអាត បាន​លើក​ឡើង​ថា ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​លើស​នីតិ​វិធី​នេះ​ធ្វើ​ឲ្យ​ពន្ធនាគារ​ចង្អៀត និង​ចំណាយ​ថវិកា​រដ្ឋ​កាន់​តែ​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ។

មន្ត្រី​គ្រប់គ្រង​ពន្ធនាគារ​ព្រៃស​បាន​លើក​ឡើង​នៅ​ក្នុង​ទិវា​កុមារ​អន្តរជាតិ​លើក​ទី​៦១ កាល​ពី​ថ្ងៃ​ទី​១ មិថុនា ដោយ​អំពាវនាវ​ស្វែង​រក​ជំនួយ​នានា រាប់​ទាំង​ថ្នាំ​ពេទ្យ​សម្រាប់​ព្យាបាល​អ្នក​ទោស និង​បាន​ត្អូញត្អែរ​ថា មាន​អ្នក​ទោស​កាន់តែ​ច្រើន​លើស​ចំណុះ នៅ​គ្រា​ដែល​បន្ទប់​ឃុំ​ឃាំង​កំពុង​តែ​​ចង្អៀត​ណែន​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ៕