សារប្រយោជន៍​នៃ​វត្ត​អារាម

វត្ត​អារាម​មិន​មែន​ជា​កន្លែង​សម្រាប់​តែ​ប្រារព្ធ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា និង​ជា​ទី​កន្លែង​សម្រាប់​ព្រះសង្ឃ​គង់​នៅ​នោះ​ទេ ជាង​នេះ​ទៅ​ទៀត វត្ត​អារាម​ជា​កន្លែង​សម្រាប់​បង្ហាញ​នូវ​អត្តសញ្ញាណ និង​វប្បធម៌​ខ្មែរ។
ដោយ វិជ័យ អានន្ទ
2012.07.01
ខ្មែរ​ក្រោម​៣០៥ សាលា​រៀន​នៅ​ក្នុង​វត្ត​ខ្មែរ​កម្ពុជាក្រោម ឈ្មោះ សាមគ្គី​រង្សី ស្ថិត​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ
RFA/Danh Hong

វត្ត​ក៏​ជា​ជម្រក​សម្រាប់​សិស្ស និស្សិត​ជា​ច្រើន​មក​ពី​ជនបទ​ចុងកាត់មាត់ញក ដែល​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​រក​លុយ​ដើម្បី​ជួល​ផ្ទះ បាន​ចូល​ទៅ​សុំ​ស្នាក់​អាស្រ័យ ដើម្បី​បន្ត​ការ​សិក្សា​របស់​ពួកគេ។

តាំង​ពី​ដើម​រហូត​មក វត្ត​អារាម​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បណ្ដុះបណ្ដាល​យុវជន​ខ្មែរ​ឲ្យ​ក្លាយ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​សម្រាប់​សង្គម។ អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ កវី​និពន្ធ​នៅ​សម័យ​មុនៗ ភាគ​ច្រើន​សុទ្ធតែ​ធ្លាប់​បាន​បួស​រៀន និង​ស្នាក់​នៅ​នឹង​វត្ត​អារាម។

ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ពេល​បច្ចុប្បន្ន​វត្ត​អារាម​នៅ​តែ​មាន​តួនាទី​យ៉ាង​សំខាន់​សំរាប់​យុវជន​ក្រីក្រ​រាប់​រយ​នាក់ ដែល​មក​ពី​តំបន់​ដាច់​ស្រយាល​ស្នាក់​នៅ​រៀន​សូត្រ​បន្ត នា​ទីក្រុង​ភ្នំពេញ។ សិស្ស និង​និស្សិត​ជា​ច្រើន​ដែល​ទទួល​អាហារូបករណ៍​រដ្ឋ ហើយ​ពួក​គេ​មក​បន្ត​ការ​សិក្សា​នា​ទីក្រុង​ភ្នំពេញ ភាគ​ច្រើន​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​រក​លុយ​បង់​ថ្លៃ​ផ្ទះ​នោះ​ឡើយ ដោយសារ​ឪពុក​ម្ដាយ​ក្រីក្រ។ ដូច្នេះ​ពួកគេ​ទាំង​នោះ​ភាគ​ច្រើន​មាន​តែ​មក​សុំ​ស្នាក់​អាស្រ័យ​នឹង​វត្ត​អារាម​ជាមួយ​ព្រះសង្ឃ។
ទាក់​ទង​នឹង​សារសំខាន់​វត្ត​អារាម​នេះ​ដែរ និស្សិត​អាហារូបករណ៍​ឆ្នាំ​ទី​៤ នៃ​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ទីក្រុង​ភ្នំពេញ ម្នាក់ យុវជន យ៉ន សុភារិទ្ធ មក​ពី​ខេត្ត​ស្វាយរៀង រៀបរាប់​ពី​គុណ​ប្រយោជន៍​វត្ត​អារាម។

យុវជន យ៉ន សុភារិទ្ធ ឲ្យ​ដឹង​ថា វត្ត​អារាម​ផ្ដល់​ទី​ជ្រក​កោន និង​ឱកាស​ដល់​គេ ដើម្បី​បាន​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា។ យុវជន​រូប​នេះ​លើក​ឡើង​បន្ត​ថា ថ្វីត្បិត​គេ​ជា​សិស្ស​ពូកែ​មួយ​រូប​ដែល​បាន​ប្រលង​ជាប់​អាហារូបករណ៍​ក៏​ដោយ តែ​បើ​គ្មាន​វត្ត​អារាម​សម្រាប់​ជា​ទី​ស្នាក់នៅ​នោះ​ទេ គេ​មិន​អាច​បន្ត​ការ​សិក្សា​បាន​ចប់​ចុង​ចប់​ដើម​នោះ​ឡើយ ដោយ​ហេតុ​ថា ម្ដាយ​ឪពុក​គ្មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​គេ​ជួល​ផ្ទះ​ស្នាក់​នៅ។

យុវជន​រូប​នេះ​ថ្លែង​បន្ត​ថា ការ​ស្នាក់​នៅ​វត្ត​អារាម​បាន​ផ្ដល់​ឲ្យ​គេ​ទទួល​នូវ​ចំណេះ​ដឹង​ផ្សេងៗ​ទៀត ទាក់​ទង​នឹង​ក្រម​សីល និង​ការ​អប់រំ​ចិត្ត​តាម​បែប​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ជាដើម។

ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ យុវជន អ៊ឹម សាម៉េន មក​ពី​ខេត្ត​ព្រៃវែង រៀប​រាប់​ដែរ​ថា វត្ត​អារាម​ជា​មជ្ឈមណ្ឌល​សម្រាប់​សង្គ្រោះ​កូន​អ្នក​ស្រែ​ចម្ការ​ក្រីក្រ​ឲ្យ​បាន​ទទួល​ឱកាស​បន្ត​ការ​សិក្សា និង​ផ្ដល់​ការ​អប់រំ​ល្អៗ។ ក្រៅ​ពី​នោះ ការ​ស្នាក់​នៅ​វត្ត​អារាម បាន​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​ពី​សំណាក់​ព្រះ​សង្ឃ​ដែល​ខ្លួន​អាស្រ័យ​ជាមួយ ដូច​ជា​ការ​ជួយ​ផ្ដល់​អាហារ​ហូប​ចុក​ជាដើម។

យុវជន អ៊ឹម សាម៉េន ឲ្យ​ដឹង​បន្ថែម​ថា បើ​ទោះ​បី​បច្ចុប្បន្ន​យើង​មាន​សាលា​រៀន​ផ្នែក​ខាង​អាណាចក្រ​ដោយ​ផ្ទាល់ យើង​មិន​បាន​យក​វត្ត​ធ្វើ​ជា​សាលា​រៀន​ដូច​ពី​មុន​ក៏​ពិត​មែន តែ​វត្ត​អារាម​នៅ​តែ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​កន្លែង​សម្រាប់​ស្នាក់នៅ ដើម្បី​បន្ត​ការ​សិក្សា​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​ឈ្នួល​នោះ​ឡើយ។

លោក​រៀបរាប់​បន្ត​ថា បើ​សិន​គ្មាន​វត្ត​អារាម​ទេ គេ​ប្រហែល​មិន​អាច​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ដល់​ថ្នាក់​ឧត្តម​សិក្សា​នោះ​ឡើយ។ លោក​អះអាង​បន្ត​ថា កុំ​ថា​ឡើយ​លុយ​ចំណាយ​លើ​ថ្លៃ​ឈ្នួល​ផ្ទះ សូម្បី​តែ​លុយ​សម្រាប់​ចំណាយ​លើ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ ស្ទើរ​គ្មាន​ផង។

ចំណែក​សមណ​និស្សិត​អាហារូបករណ៍​នៃ​សាកល​វិទ្យាល័យ​កម្ពុជា ព្រះតេជគុណ រស់ សម្បត្តិ និមន្ត​មក​ពី​ខេត្ត​ស្វាយរៀង ព្រះអង្គ​ក៏​បាន​រៀបរាប់​ដែរ​ថា វត្ត​អារាម​នេះ​ហើយ​ជា​កន្លែង​ផ្ដល់​ឱកាស​ដល់​ព្រះអង្គ​ឲ្យ​បាន​បន្ត​ការ​សិក្សា​ដល់​ថ្នាក់​ឧត្ដម​សិក្សា។ ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា បើ​តាម​លទ្ធភាព គ្រួសារ​របស់​ព្រះអង្គ ព្រះអង្គ​មិន​អាច​មាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា​នោះ​ឡើយ ដោយ​ហេតុ​ថា ជីវភាព​គ្រួសារ​មាន​ការ​លំបាក​ខ្វះ​មុខ​ខ្វះ​ក្រោយ។

ព្រះ​តេជគុណ រស់ សម្បត្តិ មាន​ថេរដីកា​បន្ថែម​ថា សមណ​សិស្ស សមណ​និស្សិត និង​សិស្ស​និស្សិត​ដែល​មក​ស្នាក់​នៅ​វត្ត ភាគ​ច្រើន​ជា​កូន​អ្នក​ស្រែ​អ្នក​ចំការ​មក​ពី​បណ្ដា​ខេត្ត​នានា។ ព្រះអង្គ​មាន​ថេរដីកា​ថា ពួក​គេ​ទាំង​នោះ បើ​គ្មាន​វត្ត​សម្រាប់​ជា​ទី​ស្នាក់​អាស្រ័យ មិន​ដឹង​ជា​បាន​កន្លែង​ណា​សម្រាប់​ស្នាក់​នៅ​នោះ​ឡើយ។

ព្រះ​តេជគុណ​មាន​ថេរដីកា​បញ្ជាក់​បន្ថែម​ថា ក្រៅ​ពី​កន្លែង​ស្នាក់​នៅ​រៀន​បន្ត និស្សិត​ទាំង​នោះ​នៅ​បាន​រៀន​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​អប់រំ​ផ្លូវ​ចិត្ត​ពួក​គេ ឲ្យ​ជៀស​វាង​អំពើ​អបាយ​មុខ​ផ្សេងៗ ដូច​ជា​ការ​សេព​គ្រឿង​ញៀន និង​សេពគប់​មិត្ត​ភក្ដិ​មិន​ល្អ ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​រឿង​រ៉ាវ​អាក្រក់​ផ្សេងៗ​ជាដើម។

ម្យ៉ាង​ទៀត ព្រះ​តេជគុណ​មាន​ថេរដីកា​បន្ត​ថា វត្ត​អារាម​បាន​ជួយ​កាត់​បន្ថយ​នូវ​ក្មេង​ទំនើង​មួយ​ផ្នែក​ដែរ។ ព្រះ​តេជគុណ​ពន្យល់​ថា អ្នក​បួស​ភាគ​ច្រើន​ជា​យុវជន​ដែល​ប្រឈម​បញ្ហា​ខ្វះ​ការ​អប់រំ ដោយសារ​ឪពុក​ម្ដាយ​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​បញ្ជូន​កូន​ទៅ​សាលា តែ​ដោយសារ​មាន​វត្ត​អារាម យុវជន​ទាំង​នោះ​បាន​ចូល​ទៅ​បួស និង​ទទួល​អប់រំ​តាម​ពុទ្ធិកសិក្សា។ ដូច្នេះ​អ្នក​បួស​ទាំង​នោះ ខ្លះ​បាន​រៀន​រហូត​ចប់​ថ្នាក់​បណ្ឌិត អនុបណ្ឌិត ឬ​បរិញ្ញាបត្រ​ទៀត​ផង ហើយ​អ្នក​បួស​ខ្លះ​ទៀត ឈាន​ដល់​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​ឯ​បរទេស​ថែម​ទៀត។ លើស​ពី​នេះ ព្រះ​តេជគុណ​ក៏​លើក​ឡើង​ដែរ​ពី​សារសំខាន់​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នោះ គឺ​តួនាទី​ក្នុង​ការ​អភិរក្ស​អក្សរ​សាស្ត្រ។

ព្រះ​តេជគុណ​អះអាង​ថា សម័យ​បារាំង​ត្រួតត្រា​ខ្មែរ បារាំង​មាន​គំនិត​ចង់​បំបាត់​អក្សរ​សាស្ត្រ​ខ្មែរ តែ​បារាំង​មិន​អាច​បំបាត់​បាន ព្រោះ​អក្សរ​ខ្មែរ​ស្ថិត​នៅ​ក្នុង​វត្ត​អារាម ដែល​មាន​ព្រះសង្ឃ​ជា​អ្នក​ទ្រទ្រង់។ ម្យ៉ាង​ទៀត នៅ​ឯ​ទឹក​ដី​កម្ពុជា​ក្រោម បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម បើ​មិន​មាន​វត្ត​អារាម​ទេ កូន​ខ្មែរ​កម្ពុជា​ក្រោម​មិន​អាច​ចេះ​អក្សរ​ខ្មែរ​ឡើយ។ វត្ត​អារាម​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​បដិសេធ​ថា ទឹក​ដី​កម្ពុជា​ក្រោម​មិន​មែន​ជា​ដី​របស់​ខ្មែរ​ណាស់ ដោយសារ​វត្ត​ខ្មែរ អក្សរ​ខ្មែរ ព្រះសង្ឃ​ខ្មែរ ស្ថិត​នៅ​រហូត​ដល់​បច្ចុប្បន្ន។

ទាក់ទង​នឹង​រឿងរ៉ាវ​សារប្រយោជន៍​វត្ត​អារាម​នេះ​ដែរ អតីត​សមណ​និស្សិត​នៃ​សាកល​វិទ្យាល័យ​ព្រះសីហនុរាជ និង​ជា​ចៅ​អធិការ​វត្ត នួនមណីរាម ហៅ​វត្ត ថាន់ នា​ទីក្រុង​ភ្នំពេញ ព្រះតេជគុណ យូរ ភួង មាន​ថេរដីកា​ថា បើ​ទោះ​បី​វត្ត​មិន​មែន​ជា​សាលា​រៀន​ដូច​ពេល​មុន ប៉ុន្តែ​ឥឡូវ​នេះ​វត្ត​បាន​ផ្ដល់​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត​ក្នុង​មួយ​វត្តៗ រាប់​រយ​នាក់។ ក្រៅ​ពី​នោះ វត្ត​នៅ​បាន​ផ្ដល់​អាហារ​ហូប​ចុក​ដល់​និស្សិត​មួយ​ចំនួន​ថែម​ទៀត។

ទោះ​យ៉ាង​ណា​ក៏ដោយ ព្រះ​តេជគុណ រស់ សម្បត្តិ មាន​ថេរដីកា​ថា នៅ​ពេល​បច្ចុប្បន្ន វត្ត​អារាម​ត្រូវ​គេ​ចាត់​ទុក​ថា ជា​កន្លែង​សម្រាប់​តែ​ធ្វើ​ពិធី​ផ្សេងៗ​តាម​បែប​ទំនៀមទំលាប់​ព្រះពុទ្ធ​សាសនា គេ​មិន​សូវ​បាន​ឃើញ​ពី​អត្ថប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​នោះ​ឡើយ។ ព្រះ​តេជគុណ​មាន​ថេរដីកា​បន្ថែម​ថា ចំណែក​យុវជន​ជា​កូន​អ្នក​ស្រុក​ស្រែ ស្រុក​ចំការ ដែល​ប្រឈម​បញ្ហា​ខ្វះ​ការ​អប់រំ ពួកគេ​មិន​សូវ​ចូល​មក​បួស​ដើម្បី​រៀន​សូត្រ​បន្ត​ដូច​ពី​មុន​ឡើយ។ ពួក​គេ​ភាគ​ច្រើន​ទៅ​ធ្វើ​សំណង់ ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍​នឹង​ការ​រៀន​សូត្រ​តាម​វត្ត​អារាម​នោះ​ទេ។

ព្រះ​តេជគុណ​មាន​ថេរដីកា​បន្ថែម​ថា បើ​សិន​រដ្ឋាភិបាល​ប្រាថ្នា​អភិវឌ្ឍ​ធនធាន​មនុស្ស និង​វប្បធម៌​ឲ្យ​បាន​រីក​ចំរើន​ឆាប់​រហ័ស រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​លើក​ទឹក​ចិត្ត ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​អប់រំ​តាម​ពុទ្ធិកសិក្សា​តាម​វត្ត​អារាម ចាប់​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ពុទ្ធិក​ឧត្ដម​សិក្សា ឲ្យ​មាន​វិន័យ​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ ព្រោះ​វត្ត​អារាម​នេះ​ហើយ​ដែល​បាន​ស្រូប​ទាញ​យក​យុវជន​ដែល​ប្រឈម​នឹង​បញ្ហា​ខ្វះ​ការ​អប់រំ ឲ្យ​ពួក​គេ​ទទួល​បាន​ការ​អប់រំ​មួយ​ល្អ។ ដូច្នេះ​វត្ត​អារាម​ជា​ផ្នែក​រួម​ចំណែក​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​វប្បធម៌​យ៉ាង​សំខាន់ និង​មិន​អាច​ខ្វះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។