យោងតាមពាក្យបណ្តឹងដាច់ដោយឡែកពីគ្នា ចំនួន ៥គ្រួសារដាក់ជូនតុលាការខេត្តបាត់ដំបង ដែលវិទ្យុអាស៊ីសេរីទទួលបាននៅថ្ងៃទី១៩ មិថុនានេះ បានចោទ លោក អ៊ិច សារូ ពីបទបំផ្លាញទ្រព្យសម្បត្តិ ហើយទាមទារឲ្យតុលាការរកយុត្តិធម៌ជាសំណងទឹកប្រាក់សរុបជាង ១០លានរៀល ។
លោកស្រី តេង រឿន បានថ្លែងថា បច្ចុប្បន្ន ពួកគាត់កំពុងរស់នៅគ្មានទីជម្រក ហើយការប្តឹងនេះគឺលោកស្រីសុំឲ្យមានការសងជាក់ស្តែងចំពោះទ្រព្យសម្បត្តិខូចខាតដោយសារការរុះរើបំផ្លាញពីសំណាក់អាជ្ញាធរក្រុងប៉ៃលិន ៖ «គឺថា វាពិបាកណាស់ ហាលភ្លៀង ហាលផ្គរ មានស្អីៗត្រូវរលាយសាបសូន្យ ពីពេលហ្នឹងឯង» ។
អាជ្ញាធរក្រុងប៉ៃលិន កាលពីថ្ងៃទី៥ ខែមិថុនា បានរុះរើលំនៅថ្មី ៨០កន្លែង និងផ្ទះអ្នកភូមិចាស់ចំនួន ៧ខ្នង ខុសពីដីកាតុលាការខេត្តបាត់ដំបង ដែលតម្រូវឲ្យរុះរើផ្ទះអ្នកភូមិតែ ៤ខ្នង ដើម្បីយកដីនៅភូមិទំនប់ សង្កាត់ស្ទឹងត្រង់ ខណ្ឌសាលាក្រៅ ក្រុងប៉ៃលិន ធ្វើការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស ។ហើយបើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋ ផ្ទះ៤ខ្នង ដែលមាននៅក្នុងដីកាបង្គាប់របស់តុលាការនោះ គឺមិនទាន់រុះរើនៅឡើយទេ រហូតមកដល់សព្វថ្ងៃនេះ ។
លោក អ៊ិច សារូ អភិបាលរងក្រុងប៉ៃលិន បានថ្លែងបដិសេធថា លោកមិនមែនជាអ្នកដឹកនាំកម្លាំងអាជ្ញាធរចុះរុះរើនោះទេ ៖ «ខ្ញុំមិនទៅបញ្ជាទេ ខ្ញុំអត់ដឹងរឿងផងហ្នឹង» ។
លោក សរ យស់ថាវរៈ ព្រះរាជអាជ្ញាអមតុលាការខេត្តបាត់ដំបង បានថ្លែងថា ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាំង៥ ត្រូវបានតុលាការទទួលយកហើយ ចំណែកឯប្រជាពលរដ្ឋទាំង៥គ្រួសារ ក៏ត្រូវបានលោកពន្យល់ពីនីតិវិធីច្បាប់ខ្លះហើយដែរ ៖ «សំខាន់ មេធាវីគាត់ទទួលយកបានហើយ» ។
លោក ហេង សាយហុង មន្ត្រីស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានថ្លែងថា ការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋគឺជាការត្រឹមត្រូវ ហើយគប្បីតុលាការចាត់វិធានការទៅតាមផ្លូវច្បាប់ ដើម្បីឲ្យអ្នកដែលបានប្រព្រឹត្តចេញសំណង និងផ្តល់ដីដល់ប្រជាពលរដ្ឋ ៖ «ប្រជារាស្រ្តលោកបានប្តឹងច្បាស់ណាស់នៅក្នុងកម្មវត្ថុនៃបណ្តឹង គឺប្តឹងលោក អ៊ិច សារូ អភិបាលរងក្រុងប៉ៃលិន ដែលលោកបានដឹកនាំកម្លាំងទៅរុះរើរាលដាលខុសពីអ្វីដែលមានក្នុងដីកាបង្គាប់របស់តុលាការ» ។
យោងតាមច្បាប់និងនីតិវិធីព្រហ្មទណ្ឌអន្តរកាលមាត្រា៥២ កំណត់ថា ជនណាដែលធ្វើឲ្យខូចខាត ឬប៉ុនប៉ងធ្វើឲ្យខូចខាតដោយចេតនាត្រូវផ្តន្ទាទោស ដាក់គុកពី ១ឆ្នាំទៅ ៣ឆ្នាំ ។
ការិយាល័យនៃឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានទាមទារឲ្យអាជ្ញាធរក្រុងប៉ៃលិន បំភ្លឺពីការបណ្តេញនិងគ្រោងការណ៍សងលំនៅដីធ្លីដល់ពលរដ្ឋ ៨៧គ្រួសារដែលកំពុងគ្មានទីជម្រក ៕
