ផៃ ស៊ីផាន៖ ការ​មិន​បញ្ជូន​ថាក់ស៊ីន​ព្រោះ​កម្ពុជា​ជា​រដ្ឋ​ឯករាជ

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ វិច្ឆិកា ថា អ្វី​ដែល​កម្ពុជា​សម្រេច​ធ្វើ​ក្នុង​ករណី​លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) គឺ​ធ្វើ​ក្នុង​ឋានៈ​កម្ពុជា​ជា​ប្រទេស​មាន​ឯករាជ្យ​និង​អធិបតេយ្យ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «និយាយ​ដោយ​ខ្លីៗ​គឺ​ករណី​ពីរ​ហ្នឹង​យើង​ចែក​គ្នា​ឲ្យ​ដាច់។ ករណី​ទី​១ គឺ​ករណី​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ករណី​ឯករាជ្យ​របស់​កម្ពុជា និង​ករណី​ស្វ័យ​សម្រេច​របស់​កម្ពុជា ដែល​យើង​បាន​ថ្លែង​និង​បាន​ពន្យល់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ពីរ​ដង។ ជា​ពិសេស​ចុង​ក្រោយ​នេះ គឺ​ឆ្លើយ​តប​នូវ​អគ្គ​ព្រះរាជអាជ្ញា​របស់​ថៃ​ដែល​ចង់​ឲ្យ​យើង​ពន្យល់​ប្រាប់​ថា ហេតុ​ផល​អ្វី​បាន​កម្ពុជា​មាន​គោល​ជំហរ​មិន​បញ្ជូន ថាក់ស៊ីន ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​ធ្លាក់​ពី​តំណែង​ដោយសារ​រដ្ឋ​ប្រហារ យើង​បាន​និយាយ​ប្រាប់​ហើយ​ថា នៅ​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ​មួយ យើង​បាន​ប្រាប់​យ៉ាង​ច្បាស់លាស់ គឺ​យើង​មាន​សិទ្ធិ​មិន​បញ្ជូន ដោយសារ​ការ​អនុវត្ត​ទៅ​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ឬ​ក៏​សន្ធិសញ្ញា​បត្យាប័ន​រវាង​កម្ពុជា​-​ថៃ»

តាម​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​អង្គារ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ លោក ប៉ានិតាន់ វឌ្ឍនាយ៉ាគន ថ្លែង​ថា គណៈ​រដ្ឋមន្រ្តី​ថៃ​បាន​សម្រេច​លុប​ចោល​កិច្ច​ព្រមព្រៀង​រាវ​រក​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ដែល​ចុះ​ហត្ថលេខា​ក្នុង​ពេល​លោក ថាក់ស៊ីន ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​នោះ​ហើយ។

កាសែត The Nation ផ្សាយ​ថា អាជ្ញាធរ​រាជធានី​បាងកក​បាន​សម្រេច​ព្យួរ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ភ្លោះ​ជាមួយ​រាជធានី​ភ្នំពេញ​រហូត​ដែរ។ សកល​វិទ្យាល័យ រ៉ាមកាំហែង កំពុង​ពិចារណា​ថា​តើ​គួរ​ដក​ហូត​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​លោក ហ៊ុន សែន វិញ​ឬ​យ៉ាង​ណា?

អ្នក​ជំនាញ​ផ្នែក​កិច្ចការ​នយោបាយ​ថៃ លោក ផូល ឆេមបឺរស៍ (Paul Chambers) នៃ​សកល​វិទ្យាល័យ Heidelberg ប្រទេស​អាល្លឺម៉ង់ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន អាអេហ្វប៉េ (AFP) នៅ​ថ្ងៃ​១០ វិច្ឆិកា ថា ស្ថានការណ៍​ថ្មី​នេះ​បាន​ជំរុញ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ខិត​ជិត​ដល់​វិបត្តិ​ធំ​ហើយ ពោល​គឺ​សង្រ្គាម។

អ្នក​ការទូត​នៅ​ភ្នំពេញ​ម្នាក់​ពោល​ថា បើ​មាន​នរណា​មួយ​បញ្ឆេះ​កំហឹង​ថៃ គឺ​មាន​លោក ថាក់ស៊ីន ឬ​មួយ​មាន​លោក ហ៊ុន សែន។ បញ្ញវន្ត​វិភាគ​នយោបាយ​ម្នាក់​ទៀត​ពី​សកល​វិទ្យាល័យ ចុល្លាឡុងកន ធីទីណាន់ ពង្សសុទ្ធារៈ និយាយ​ថា ទំនាក់​ទំនង​រវាង​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន គឺ​មាន​ប្រយោជន៍​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​រៀបចំ​យ៉ាង​ណា​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាងកក​គ្មាន​ស្ថិរភាព។

ក្នុង​ពេល​ប្រជាប្រិយភាព​នាយក​រដ្ឋមន្រ្តី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ឡើង​ជិត​៧០% នៅ​ទូទាំង​ប្រទេស​ថៃ ហើយ​ប្រជាប្រិយភាព​លោក ថាក់ស៊ីន មាន​ត្រឹម​តែ​២១%​នោះ អ្នក​វិភាគ ម៉ៃឃើល ម៉ុងតេសាណូ (Michael Montesano) នៃ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍ នា​ក្រុង​សិង្ហបុរី ថ្លែង​ថា រឿង​ច្បាំង​ឬ​មិន​ច្បាំង​អាស្រ័យ​លើ​សេចក្តី​អំណត់​របស់​នាយក​រដ្ឋមន្រ្តី​ថៃ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ថៃ​បាន​ស្នើ​ដល់​ប្រទេស​ក្នុង​អាស៊ាន រួម​នឹង​ប៉ូលិស​អន្តរជាតិ (Interpol) ឲ្យ​ជួយ​ចាប់​លោក ថាក់ស៊ីន តាមរយៈ​សំណើ​ដូច​ដែល​ថៃ​បាន​ធ្វើ​ទៅ​កាន់​ប្រទេស អារ៉ាប់រួម អ៊ីមីរ៉ាត, នីការ៉ាហ្គា និង​ហ្វ៊ីជី ជា​ដើម៕