ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ

តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នៅ​ល្ងាច​ថៃ្ង​សុក្រ​នេះ​បាន​ឲ្យ​ដឹង​ថា លោក ហង្ស ចក្រា ជា​ចាងហ្វាង​នៃ​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្នុង​ខេត្ត​បាត់ដំបង​ចាប់​ខ្លួន​ហើយ។

លោក អំ សំអាត ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ទើបតែ​ទទួល​ព័ត៌មាន​ដែរ​ថា មុន​នេះ​ប្រហែល​ជា​កន្លះ​ម៉ោង​គឺ​ក្រសួង​ព័ត៌មាន​ថា សមត្ថកិច្ច​ចាប់​លោក​នៅ​ខេត្ត​បាត់ដំបង។ ឥឡូវ​ហ្នឹង​យើង​មិន​ទាន់​ច្បាស់​ថា ការចាប់​ខ្លួន​របស់​គាត់​ហ្នឹង​គេ​អាច​បញ្ចូល​ទៅ​ស្នងការ​ខេត្ត​បាត់ដំបង​សិន ឬ​ក៏ Direct មក​ភ្នំពេញ​តែម្ដង​ទេ។ យើង​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ពេញ​នៅ​ឡើយ។ ឥឡូវ​យើង​កំពុង​តែ​តាម​ឃ្លាំមើល​ទៅ​លើ​ករណី​នេះ»

ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផៃ្ទ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​រសៀល​នេះ​ថា​លោក​មិន​ទាន់​ដឹង​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕