ប្រភពព័ត៌មានពីមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា លោក ជា ឆេង ចាងហ្វាងកាសែតជីវិតថ្មី បានត្រូវប៉ូលិសកោះហៅទៅសាកសួរនៅថ្ងៃទី៧ តុលា ហើយបន្ទាប់មកបានបញ្ជូនទៅតុលាការធ្វើការចោទប្រកាន់ពីបទបានរំលោភដីលោកឧកញ៉ា គង់ ទ្រីវ ចំនួន៣ហិកតារនៅសង្កាត់បិតត្រាំង ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ។
លោក អ៊ុច សុផល មេធាវីរបស់លោកចាងហ្វាងកាសែត ជា ឆេង បានឲ្យដឹងថា កូនក្តីរបស់លោកឈ្មោះ ជា ឆេង បានត្រូវចោទប្រកាន់ពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលទ្រព្យដោយស្របច្បាប់ ហើយការឃាត់ខ្លួនគឺមិនគោរពតាមនីតិវិធីច្បាប់ទេ។
លោកមេធាវី អ៊ុច សុផល មានប្រសាសន៍ដូច្នេះថា ៖ «រឿងហេតុហ្នឹង វាពាក់ព័ន្ធនឹងបញ្ហាដីជាន់គ្នា តែនៅលើការស៊ើបអង្កេតរបស់ចៅក្រមនៅឡើយទេ។ គេចោទប្រកាន់ពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយស្របច្បាប់ គ្រាន់តែបញ្ជាក់ថា ការឃាត់ហ្នឹង វាខុសនឹងនីតិវិធី។ ក្នុងក្រមនីតិវិធីថ្មីតម្រូវឲ្យការឃាត់ខ្លួនគ្រប់បែបយ៉ាងហ្នឹង ឲ្យមានចំណារជាលាយលក្ខណ៍អក្សរពីព្រះរាជអាជ្ញា ទើបធ្វើការឃាត់ខ្លួនបាន។ សម្រាប់ការឃាត់ខ្លួនលោក ជា ឆេង ហ្នឹង អត់មានអីទាំងអស់ អត់មានចំណារអីទាំងអស់ អ៊ីចឹងខុសនឹងនីតិវិធីទី១។ ទី២ ពាក់ព័ន្ធនឹងអង្គហេតុ អង្គហេតុមុននឹងគាត់ថា ដីហ្នឹងជាដីជាន់គ្នាបាន ទាល់តែគាត់ឲ្យសុរិយោដីបញ្ជាក់សិន ថាដីហ្នឹងពិតជាជាន់គ្នា ឥឡូវនេះគាត់អត់ទាន់បានបញ្ជាក់ទេ គ្រាន់តែគាត់អាងថា គាត់ថាប្លង់របស់គាត់ ហើយដីគាត់នៅហ្នឹង ហើយកូនក្ដីខ្ញុំទិញតពីគេទៀត គាត់ទិញតពីគេ។ អ៊ីចឹងត្រូវរកអ្នកលក់ឲ្យគាត់»។
លោក ណាច ទ្រី ដែលជាមេធាវីរបស់លោក គង់ ទ្រីវ បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលការផ្ទេរសិទ្ធិឲ្យទទួលការពាររឿងក្តីនេះនៅឡើយទេ តែតាមលោកដឹងសាច់រឿងខ្លះគឺឈ្មោះ ជា ឆេង នេះ បានបង្កើតនិងបន្លំឯកសារដើម្បីកាន់កាប់ទ្រព្យសម្បត្តិអ្នកដទៃ។
មកទល់ពេលនេះ គេបានឃុំខ្លួនលោក ជា ឆេង ទៅហើយដើម្បីទុកឲ្យចៅក្រមស៊ើបអង្កេតឲ្យដឹងថា តើលោក ជា ឆេង ពិតជាបានរំលោភយកទ្រព្យអ្នកដទៃមែនឬអត់។ លោកមេធាវី អ៊ុច សូផល បានឲ្យដឹងថា លោកនឹងខិតខំតវ៉ាយ៉ាងណាឲ្យកូនក្តីរបស់លោកគឺលោក ជា ឆេង បានរួចពីការឃុំឃាំង៕
