អាណាព្យាបាល​សិស្ស​នៅ​ព្រៃវែង​ត្រេកអរ​ចំពោះ​ការ​ឈប់​ឲ្យ​បង់​ប្រាក់​ផ្ញើ​កង់​ម៉ូតូ

ក្រុម​គ្រួសារ​និង​អាណាព្យាបាល​សិស្ស​មធ្យម​សិក្សា​មួយ​នៅ​ខេត្ត​ព្រៃវែង បាន​ធូរ​ស្បើយ​ផ្លូវ​ចិត្ត​វិញ​ហើយ បន្ទាប់ពី​ការ​តម្រូវ​ឲ្យ​សិស្ស​ដែល​ជា​កូន​ចៅ​របស់​ពួក​គាត់​បង់​ប្រាក់​ថ្លៃ​ផ្ញើ​កង់​ម៉ូតូ​ត្រូវ​បាន​បញ្ឈប់។

0:00 / 0:00

ក្រុម​គ្រួសារ​ជា​អាណាព្យាបាល​សិស្ស​មធ្យម​សិក្សា​នៅ​ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​សម្ដែង​ការ​ស្វាគមន៍​និង​ត្រេកអរ នៅ​គ្រា​ដែល​មាន​កិច្ច​អន្តរាគមន៍​ដោះស្រាយ​មួយ ក្នុង​ការ​បញ្ឈប់​ការ​ទារ​ប្រាក់​ពី​សិស្ស​ជា​រៀង​រាល់​ថៃ្ង​ក្នុង​ម្នាក់ៗ​១០០​រៀល​សម្រាប់​កង់​មួយ និង​២០០​រៀល​សម្រាប់​ម៉ូតូ​មួយ នៅ​ខណៈ​ដែល​ក្រុម​គ្រួសារ​របស់​សិស្ស​ជាង​២.០០០​នាក់ នៅ​តាម​ជន​បទ​កំពុង​តែ​មាន​ជីវភាព​ក្រីក្រ​នោះ។

ប្រជាពលរដ្ឋ​ដែល​ជា​អាណាព្យាបាល​សិស្ស​ចំនួន​៣​នាក់ រៀន​នៅ​វិទ្យាល័យ​បាភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​ថែ្លង​ថា សិស្ស​សាលា​នានា​ជាង​២.០០០​នាក់​ឈប់​បង់​ប្រាក់​ក្នុង​ការ​ផ្ញើ​កង់​និង​ម៉ូតូ​ទៀត​ហើយ គឺ​វិល​ត្រទ្បប់​ទៅ​សភាព​ដើម​វិញ​ដូច​កាល​មុន។

អាណាព្យាបាល​សិស្ស​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ដូច្នេះ ៖ «ខ្ញុំ​បាន​ចូល​រួម​ធ្វើការ​តវ៉ា​ដល់​នាយក​សាលា វ៉ា សារុន នៅ​វិទ្យាល័យ​បាភ្នំ ដែល​គាត់​បាន​ដាក់​ឲ្យ​ឈ្មួញ​រយៈ​ពេល​មួយ​ឆ្នាំ​៨​លាន​រៀល ឲ្យ​យក​ពី​កូន​សិស្ស​ម្នាក់​ពីរ​បី​រយ ឥឡូវ​លែង​យក​ហើយ រយៈ​ពេល​ពីរ​ថ្ងៃ​ហើយ ដែល​មាតា​បិតា​សិស្ស​បាន​រាយការណ៍ ហើយ​ខ្ញុំ​ក៏​តាម​ដាន​មើល។ គាត់​មាន​ការ​សប្បាយ​ចិត្ត គាត់​អរគុណ​វិទ្យុ​អាស៊ី​សេរី​ហើយ ដែល​បាន​ផ្សាយ​ឲ្យ​គេ​ដឹង​ឮ ជា​ពិសេស​អាជ្ញាធរ​ស្រុក អាជ្ញាធរ​ខេត្ត រហូត​នាយករដ្ឋមន្រ្តី គេ​ឮ​ទូទាំង​ប្រទេស​ទៅ​គាត់​លែង​ហ៊ាន​យក។ គាត់​ថា អាស៊ី​សេរី​ផ្សាយ​ឮ​ដល់​មេ​គាត់ គាត់​លែង​ហ៊ាន​យក​ហើយ»

ប្រជាពលរដ្ឋ​ជា​អាណាព្យាបាល​សិស្ស​ម្នាក់​ទៀត នៅ​ក្នុង​ភូមិ​កន្រ្ទាន ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ដែល​មាន​កូន​ស្រី​រៀន​នៅ​វិទ្យាល័យ​បាភ្នំ​នោះ បាន​ថែ្លង​ថា លោក​នឹង​កូន​ស្រី​មាន​ការ​រីករាយ​នឹង​ការ​បញ្ឈប់​យក​ប្រាក់​ពី​សិស្ស​សាលា​នេះ ៖ «មិន​យក​លុយ​ដោយសារ​សិស្ស​ធ្វើ​ពហិការ​មិន​ចូល​ផ្ញើ​ច្រើន​ដែរ ប្រហែល​ជា​៤០% គេ​ផ្ញើ​តាម​ផ្ទះ​ប្រជាពលរដ្ឋ គេ​មិន​យក​ចូល​ទាំង​អស់​គ្នា​ទេ អ្នក​ចូល​និង​អ្នក​មិន​ចូល​សឹង​ពាក់​កណ្ដាល​ម្នាក់។ ចំពោះ​អាណាព្យាបាល​រីករាយ​ណាស់ ព្រោះ​អី​ទាំង​គេ​ទាំង​អស់​វា​មិន​មែន​ថា អត់​លុយ​១០០​ផ្ញើ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ពេល​ចេញ​ពី​រៀន​មក ទម្រាំ​យក​កង់​បាន​វា​ប្រើ​រយៈ​ពេល​យូរ។ គេ​លែង​យក​លុយ​ហើយ ផ្ញើ​គេ​លែង​ដាក់​សំបុត្រ​អី​ទេ យើង​ដាក់​តាម​ដំណើរ​របស់​យើង​ដូច​ពី​មុន​មក​អ៊ីចឹង»

លោក វ៉ា សារុន ជា​នាយក​សាលា​នៃ​វិទ្យាល័យ​បាភ្នំ ខេត្ត​ព្រៃវែង បាន​មាន​ប្រសាសន៍​ទំនង​ជា​មិន​សប្បាយ​ចិត្ត​ថា មាន​ការ​បាត់​កង់​របស់​សិស្ស ក្រោយ​ពី​បាន​បញ្ឈប់​ការ​ទារ​ប្រាក់​ថ្មីៗ​នេះ ៖ «ឥឡូវ​វា​បាត់​កង់​មួយ​សូម​ជួយ​មក​សង​គេ​ផង»

ការ​បញ្ឈប់​ការ​ទារ​ប្រាក់​ពី​សិស្ស​សាលា​រយៈ​ពេល​ពីរ​ឬ​បី​ថៃ្ង​ថ្មីៗ​នេះ គឺ​ក្រោយ​ពី​មន្រ្តី​ម្នាក់​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីទ្បា បាន​សន្យា​ថា នឹង​ពិនិត្យ​មើល​រឿង​នេះ និង​បន្ទាប់​ពី​ផ្សាយ​ឲ្យ​បាន​ដឹង​ឮ​ពី​ការ​តវ៉ា​របស់​គ្រួសារ​អាណាព្យាបាល​សិស្ស​ជា​សាធារណៈ។

កាល​ពី​ថៃ្ង​ទី​១៥ ខែ​តុលា កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​គ្រួសារ​អាណាព្យាបាល​សិស្ស​មួយ​ចំនួន នៅ​ក្នុង​ចំណោម​គ្រួសារ​នៃ​សិស្ស​សាលា​ជាង​២.០០០​នាក់ នៃ​វិទ្យាល័យ​បាភ្នំ ខេត្ត​ព្រៃវែង បាន​តវ៉ា​និង​បាន​ទម្លាយ​រឿង​ការ​ទារ​ប្រាក់​ពី​សិស្ស​សាលា​ជា​រៀងរាល់​ថៃ្ង រវាង​១០០​រៀល​និង​២០០​រៀល សម្រាប់​ការ​ផ្ញើ​កង់​និង​ម៉ូតូ​នៅ​ក្នុង​សាលា​រៀន​ចាប់​ពី​ខែ​តុលា​នេះ ដែល​មិន​ធ្លាប់​មាន​កន្លង​មក។

ការ​ចំណាយ​ប្រាក់​បន្តិចបន្តួច​ជា​ប្រចាំ​ថៃ្ង​ខាង​លើ​នេះ គឺ​នៅ​មិន​ទាន់​គិត​ដល់​ការ​ចំណាយ​ប្រចាំ​ថៃ្ង​ផ្សេងៗ​ទៀត​នៅ​ទ្បើយ ក្នុង​ការ​ទិញ​មេ​រៀន​ពី​គ្រូ​បង្រៀន ក្រដាស និង​ការ​រៀន​គួរ​ក្រៅ​ម៉ោង ដើម្បី​ទទួល​បាន​ពិន្ទុ​ល្អ​នៅ​ក្នុង​ការ​ប្រឡង៕