គណបក្សនយោយបាយជាច្រើននៅព្រឹកមិញនេះបាននិយាយថា មានការបំភិតបំភ័យ ការគំរាមកំហែង និងការរារាំងការឃោសនារកសំឡេងឆ្នោត បន្ទាប់ពីដំណើរការឃោសនាបានប្រព្រឹត្តទៅអស់រយៈពេលជាងមួយសប្តាហ៍មកនេះ ។
ក្បួនឃោសនារកសំឡេងឆ្នោតរបស់គណបក្សសិទ្ធិមនុស្សនៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០០៨ ។
ការត្អូញត្អែរបានសម្ដែងឡើងនៅក្នុងកិច្ចប្រជុំមួយរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាមួយនឹងបណ្តាគណបក្សនយោបាយនៅការិយាល័យគ.ជ.ប.ក្រុងភ្នំពេញ ។
អ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ លោក មុត ចន្ថា បានចោទដោយចំហនៅក្នុងឱកាសនោះថា គណបក្សប្រជាជនកម្ពុជាបានដាក់កំហិតឲ្យមានការទទួលខុសត្រូវនៃការចាញ់ឆ្នោតមកលើសកម្មជនរបស់ខ្លួនដែលជាមូលហេតុនៃការបង្កើតឲ្យមានការគំរាមកំហែងនិងបំភិតបំភ័យ ។
លោក មុត ចន្ថា បានឲ្យដឹងថា ៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសអំពាវនាវឈប់ឲ្យប្រើអំពើហិង្សា ឈប់ឲ្យប្រើការគំរាមកំហែង គ.ជ.ប.ក៏បានធ្វើសេចក្ដីណែនាំ ។ ប៉ុន្តែចំណុចដែលមិនអាចទប់ស្កាត់ការគំរាមកំហែង ការបំភិតបំភ័យផ្នែកនយោបាយនេះបាន ពីព្រោះថាវាមានគោលការណ៍ពីគណបក្សប្រជាជនកម្ពុជាដាក់ទៅអាជ្ញាធរមូលដ្ឋាន បើអ្នកឯងចាញ់ឆ្នោតនៅកន្លែងណាអ្នកឯងត្រូវបាត់បង់តំណែងនៅកន្លែងហ្នឹង» ។
លោកអះអាងថាមានការគំរាមសម្លាប់នៅខេត្តកំពត បើសិនជាមន្រ្តីបក្សរបស់លោកមិនចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា មានការគំរាមបាញ់ឡាន និងជេរប្រមាថ ហែកខិត្តប័ណ្ណឃោសនារបស់គណបក្សលោកចោលនៅខេត្តបាត់ដំបង ។
គណបក្សសមរង្ស៊ីក៍បានលើកឡើងអំពីការយករថយន្តរបស់រដ្ឋមកប្រើក្នុងពេលឃោសនា ការដើរហែកខិត្តប័ណ្ណឃោសនា ការបង្អើលអំពីរឿងមិនបានបោះឆ្នោតបើគ្មានប័ណ្ណព័ត៌មានជាដើម ។
ការចោទប្រកាន់ភាគច្រើនបានសំដៅមកលើបក្សប្រជាជន ប៉ុន្តែមន្រ្តីគណបក្សប្រជាជនវិញ លោក ហុង គឹមហាន បានបដិសេធដោយត្អូញត្អែរថានោះជាការបំផ្លើស គណបក្សផ្សេងក៍បានបំពានមកលើបក្សប្រជាជនដែរ ។ ការដើរហែកខិត្តប័ណ្ណមានដូចគ្នា ហើយមិនត្រឹមតែប៉ុណ្ណោះទេនៅមានគណបក្សខ្លះដើរចែកប៊ីចេង និងយករូបព្រះមហាក្សត្រមកប្រើជាដើម ។
លោកបន្តទៀតថា ៖ «ខ្ញុំព្រួយបារម្ភដូចជានៅខេត្តក្រចេះអ៊ីចឹង លោក សម រង្ស៊ី គាត់ចោទថាអ្នកដឹកនាំសព្វថ្ងៃនេះសុទ្ធតែចោរលួចជាតិ ។ សម្ដីប្រមាថយ៉ាងហ្នឹងៗដែលធ្វើឲ្យសភាពការណ៍ហ្នឹងវារឹតតែខ្លាំងឡើងៗ ។ ហើយគាត់និយាយទៀតថារូបមនុស្សប្រុស៣នាក់ដែលបិទផ្សាយតាមដងផ្លូវហ្នឹងគឺជាចោរលួចជាតិ ហើយរូបកណ្ដាលហ្នឹង គឺថាអាហ្នឹងខូចជាងគេ ។ សុទ្ធតែប្រើពាក្យអ៊ីចឹងៗ ជាពាក្យញុះញង់ ពាក្យមិនល្អទេ» ។
មន្រ្តីអង្គការសហព័ន្ធសិទ្ធិមនុស្សកម្ពុជា លោក ខៀវ វាសនា អត្ថាធិប្បាយថាគេមានការបារម្ភចំពោះអំពើហិង្សានៅតាមស្រុកស្រែនៅពេលដែលឃើញក្រុមអ្នកឃោសនានៃគណបក្សនីមួយៗជួបគ្នាម្តងៗ ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បន្ថែមថាយ៉ាងណាក៏ដោយការឃោសនានៅក្នុងអាណត្តិនេះប្រសើរជាងពេលមុនៗ ។ រយៈពេលជាងមួយសប្តាហ៍មកហើយគ.ជ.ប.បានទទួលបណ្តឹងនៃភាពមិនប្រក្រតីចំនួន៥២បណ្តឹង ផ្ទុយពីឆ្នាំ២០០៣ ដែលមានបណ្តឹងសរុបដល់ទៅ៦០០បណ្តឹង ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
បក្សប្រឆាំង៖ ការបញ្ចប់ថ្ងៃតវ៉ាពីការបោះឆ្នោតជាការបង្ហាញនូវភាពអយុត្តិធម៌
គណៈកម្មការជំនាញទាំង៩របស់រដ្ឋសភាថ្មីនឹងត្រូវកាន់កាប់ដោយបក្សប្រជាជន
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សបញ្ជាក់ជំហរមិនចូលស្បថស្បែបង្កើតសភាថ្មី
បក្សសមរង្ស៊ីស្នើសុំឲ្យគ.ជ.ប.បង្ហាញភស្តុតាងពីការលុបឈ្មោះអ្នកបោះឆ្នោត
បក្សសមរង្ស៊ី៖ អ្នកសង្កេតការណ៍ជប៉ុនមិនបានតាមដានការបោះឆ្នោតដិតដល់
បក្សប្រឆាំងនឹងមិនស្នើសុំព្រះមហាក្សត្រឲ្យពន្យារពេលកិច្ចប្រជុំស្បថទទួលតំណែងសភាថ្មី
គណបក្សសមរង្ស៊ីយកភស្តុតាងទាក់ទងនឹងការបោះឆ្នោតទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញ
មន្ត្រីបក្សនរោត្តម រណឫទ្ធិ បដិសេធពាក្យចចាមអារ៉ាម
គណបក្សសមរង្ស៊ីប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញពីបញ្ហាបោះឆ្នោត