បក្ស​នយោបាយ​សន្យា​បំបាត់​អំពើ​ពុក​រលួយ​ថ្នាក់​ឃុំ-សង្កាត់​នៅ​មណ្ឌលគិរី

ពលរដ្ឋ​ភាគ​ច្រើន​នៅ​ខេត្ត​មណ្ឌលគិរី ហាក់​ដូច​ជា​មិន​ទាន់​បាន​យល់​ថា អ្វី​ទៅ​ដែល​ហៅ​ថា អំពើ​ពុក​រលួយ​ថ្នាក់​មូលដ្ឋាន ព្រោះ​ពួក​គាត់​យល់​ថា ពេល​ទៅ​ធ្វើ​លិខិត​ស្នាម​ម្តងៗ​នៅ​ឃុំ-សង្កាត់ ត្រូវ​តែ​បង់​សេវា​ថ្លៃ​ទឹក​ប៊ិច​ជូន​មេ​ឃុំ និង​ស្មៀន។

0:00 / 0:00

ប្រធាន​បណ្ដាញ​សង្គម​ស៊ីវិល​ខេត្ត​មណ្ឌលគិរី បាន​កត់​សម្គាល់​ថា អាជ្ញាធរ​ឃុំ-សង្កាត់​ភាគ​ច្រើន តែង​តែ​ទារ​លុយ​ជា​ចំហ​ពេល​ផ្តល់​លិខិត​រដ្ឋបាល​សាធារណៈ​ជូន​ពលរដ្ឋ ដូច​ជា​លិខិត​អាពាហ៍ពិពាហ៍ សំបុត្រ​កំណើត បញ្ជាក់​ភាព​នៅ​លីវ បញ្ជាក់​ទី​លំនៅ​ជា​ដើម។ តែ​តំណាង​គណបក្ស​នយោបាយ​ក្នុង​ខេត្ត​នេះ ប្ដេជ្ញា​ចិត្ត​ថា នឹង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ដាច់​ខាត។

ពលរដ្ឋ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង អ្នក​ស្រី ចាន់ ស៊ីណា នៅ​ថ្ងៃ​ទី​២៧ ឧសភា ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ផ្លាស់​ទី​លំនៅ​ពី​ខេត្ត​ស្វាយរៀង មក​រស់​នៅ​ឃុំ​ដាក់ដាំ អស់​រយៈ​ពេល ៧​ឆ្នាំ​មក​ហើយ។ និយាយ​បណ្ដើរ​ដុស​ឆ្នាំង​បណ្ដើរ អ្នក​ស្រី ស៊ីណា ប្រាប់​ថា អ្នក​ស្រី​មិន​បាន​ដឹង​ថា សន្លឹក​ឆ្នោត​របស់​អ្នក​ស្រី​មាន​ន័យ​យ៉ាង​ណា​ទេ ប៉ុន្តែ​អ្នក​ស្រី​នឹង​ទៅ​បោះ​ឆ្នោត​ឲ្យ​អ្នក​ដែល​អ្នក​ស្រី​ចង់​ឲ្យ​ដឹក​នាំ​ឃុំ​បន្ត​ទៀត។

អ្នក​ស្រី​បន្ត​ថា ខ្លួន​បាន​បោះ​ឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៣ តែ​មិន​បាន​ឃើញ​អ្វី​ប្លែក​ទេ អ្នក​ស្រី និង​ប្ដី​នៅ​តែ​តស៊ូ​ចិញ្ចឹម​កូន​ចំនួន ប្រាំមួយ​នាក់​ក្នុង​បន្ទុក ហើយ​ពេល​កូន​កើត ធ្វើ​សំបុត្រ​កំណើត កូន​ធំ​ឡើង​រៀប​មង្គល​ការ សុទ្ធ​តែ​ត្រូវ​ចេញ​លុយ​ពី​ហោប៉ៅ​ផ្ទាល់​ខ្លួន​ទាំង​អស់៖ «ពេល​ការ​កូន ការ​ចៅ គេ​យក​លុយ​ថ្លៃ​ប៊ិច ថ្លៃ​សៀវភៅ គេ​សរសេរ»

ពលរដ្ឋ​ម្នាក់​ទៀត នៅ​ក្រុង​សែនមនោរម្យ លោក ងី ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា កាល​លោក​រៀប​ការ​ត្រូវ​ចំណាយ​ប្រាក់​បី​ដង​ជាប់​គ្នា ទៅ​ឲ្យ​សង្កាត់។ លោក​បន្ត​ថា ចំណាយ​លើក​ទី​១ ឲ្យ​ស្មៀន​ធ្វើ​សំបុត្រ​បញ្ជាក់​ពី​ភាព​នៅ​លីវ លើក​ទី​២ ចំណាយ​លើ​លិខិត​អនុញ្ញាតិ​ឲ្យ​រៀប​ចំ​ពិធី​មង្គល​ការ និង​លើក​ទី​៣ ចំណាយ​លើ​លិខិត​អាពាហ៍ពិពាហ៍ ដែល​សរុប​ចំណាយ​ទាំង​អស់​មិន​ក្រោម ១០​ម៉ឺន​រៀល​ឡើយ។ លោក​បញ្ជាក់​ថា លោក​គ្មាន​ជំនឿ​ចិត្ត​ថា ចៅ​សង្កាត់​ដែល​ជាប់​ឆ្នោត​ថ្មី អាច​នឹង​មិន​យក​លុយ​ក្រៅ​ផ្លូវ​ការ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​ពី​មេ​ឃុំ​ដាក់ដាំ និង​ចៅ​សង្កាត់​សែនមនោរម្យ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ឧសភា។

យ៉ាង​ណា​ក៏​ដោយ នៅ​អាណត្តិ​ទី​៣​នេះ គណបក្ស​កាន់​អំណាច​បាន​ចាត់​ទុក​ការ​បំបាត់​អំពើ​ពុក​រលួយ​ថ្នាក់​មូល​ដ្ឋាន​ជា​ចំណុច​អាទិភាព​មួយ ដែល​ខ្លួន​ត្រូវ​ធ្វើ​ដំបូង​បំផុត ពេល​ដែល​បេក្ខជន​មក​ពី​គណបក្ស​ខ្លួន​ឈ្នះ​ឆ្នោត។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន និង​ជា​អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក យឹម លុច មាន​ប្រសាសន៍​ថា អំពើ​ពុក​រលួយ​ជា​សត្រូវ​របស់​គណបក្ស​ប្រជាជន។ លោក​បន្ត​ថា គោល​នយោបាយ​គណបក្ស គឺ​ផ្ដោត​សំខាន់​លើ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ប្រកប​ដោយ​សមធម៌ មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ។ លោក យឹម លុច បន្ថែម​ថា គណបក្ស​ខ្លួន​មិន​ដែល​ឲ្យ​សមាជិក​បក្ស​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ឡើយ។

លោក យឹម លុច៖ «មិន​ដែល​ណែនាំ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ណា​យក​លុយ​ពី​ពលរដ្ឋ​ទេ ខ្ញុំ​ទទួល​ស្គាល់​ថា​កន្លង​ទៅ​វា​មាន​មន្ត្រី​ខិល​ខូច យើង​កំពុង​តែ​ខិត​ខំ អញ្ចឹង​បាន​យើង​បង្កើត​ប្រអប់​សំបុត្រ​គណនេយ្យ​ភាព ដើម្បី​ឲ្យ​គេ​ប្ដឹង​មក គេ​មិន​ពេញ​ចិត្ត​រឿង​អី?»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី ខេត្ត​មណ្ឌលគិរី​ អះអាង​ថា រឿង​បំបាត់​អំពើ​ពុក​រលួយ​ថ្នាក់​មូលដ្ឋាន​នេះ គណបក្ស​កាន់​អំណាច​មិន​បាន​អនុវត្ត​សោះ។ ប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ខេត្ត​មណ្ឌលគិរី លោក មាស ខេង មាន​ប្រសាសន៍​ថា កន្លង​មក​អាជ្ញាធរ​ឃុំ-សង្កាត់ ដែល​ភាគ​ច្រើន​លើស​លប់ មក​ពី​គណបក្ស​ប្រជាជន​តែង​តែ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ឯ​សមាជិក​គណបក្ស សម រង្ស៊ី ភាគ​ច្រើន​ជា​អ្នក​ដែល​ទទួល​នូវ​គុណ​វិបត្តិ​នៃ​អំពើ​ពុក​រលួយ​នេះ។

លោក​បន្ត​ថា គណបក្ស សម រង្ស៊ី សន្យា​ថា​នឹង​បំបាត់​អំពើ​ពុក​រលួយ​ថ្នាក់​មូលដ្ឋាន​ឲ្យ​បាន​ជា​ដាច់​ខាត៖ «មាន​ការ​ឈឺ​ចាប់ និង​ស្អប់​ខ្ពើម​អំពើ​អសកម្ម​ទាំង​ឡាយ​នៅ​ក្នុង​សង្គម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ឈឺ​ចាប់ ទាំង​គេ ទាំង​ខ្ញុំ ចូល​មក​មិន​មាន​បំណង​ជម្រិត​ពលរដ្ឋ​យក​ធ្វើ​មាន ធ្វើ​បាន​ទេ ពួក​នេះ​សុទ្ធ​តែ​ពួក​ឈឺ​ចាប់»

ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ និង​ការ​អះអាង​របស់​តំណាង​គណបក្ស​នយោបាយ សង្គម​ស៊ីវិល នៅ​ខេត្ត​មណ្ឌលគិរី បាន​ហៅ​ការ​យក​លុយ​ក្រោម​តុ របស់​អាជ្ញាធរ​មូលដ្ឋាន​ថា ជា​ទន្លាប់​របស់​មន្ត្រី​មូលដ្ឋាន។

ប្រធាន​បណ្ដាញ​សង្គម​ស៊ីវិល​ខេត្ត​មណ្ឌលគិរី លោក ឯម សុភ័ក្រ មាន​ប្រសាសន៍​ថា កន្លង​ទៅ​ពលរដ្ឋ​ត្រូវ​ចំណាយ​ជា​មធ្យម ១​ម៉ឺន​រៀល​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឬ​ស្មៀន​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​លិខិត​រដ្ឋបាល​ម្តងៗ។ លោក​បន្ត​ថា ចំនួន​ទឹក​ប្រាក់​នេះ មិន​មែន​ជា​ទឹក​ប្រាក់​តិច​តួច​ទេ សម្រាប់​ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​មណ្ឌលគិរី។

លោក ឯម សុភ័ក្រ ឲ្យ​ដឹង​បន្ថែម​ថា ទើប​តែ​ពេល​ថ្មីៗ​នេះ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បាន​ប្រកាស​ថា មិន​យក​កម្រៃ​ក្នុង​ការ​ផ្តល់​សេវា​លិខិត​រដ្ឋបាល​ជូន​ពលរដ្ឋ​ទេ៖ «យើង​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មិន​មាន​យក​កម្រៃ​ពី​ពលរដ្ឋ​ក្រីក្រ​ឡើយ តែ​យើង​មិន​ទាន់​សន្និដ្ឋាន​យ៉ាង​ម៉េច​ទេ ក្រែង​លោ​គាត់​ចេះ​តែ​សន្យា​ទាញ​យក​សន្លឹក​ឆ្នោត»

យោង​តាម​យុទ្ធសាស្ត្រ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឆ្នាំ​២០០៣-២០០៥ បាន​ឱ្យ​ដឹង​ថា បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ធំ​បំផុត​សម្រាប់​ការ​អភិវឌ្ឍន៍​បន្ថែម​របស់​កម្ពុជា គឺ​អំពើ​ពុក​រលួយ។ អំពើ​ពុក​រលួយ​ជា​ការ​គំរាម​កំហែង​ដល់​ស្ថាប័ន​ប្រជាធិបតេយ្យ សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន។ អំពើ​ពុក​រលួយ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​ធ្វើ​ឱ្យ​ភាព​ក្រីក្រ​កាន់​តែ​កើន​ឡើង ព្រម​ទាំង​បង្ក​ឱ្យ​មាន​សេចក្តី​សម្រេច​ចិត្ត​មិន​សម​ហេតុផល ធ្វើ​ឱ្យ​រំខាន​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​តាម​បណ្ដា​ឃុំ-សង្កាត់ ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០១២។ យោង​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​កម្ពុជា អ្នក​សូក និង​អ្នក​ទទួល​សំណូក​មាន​ទោស​ដូច​គ្នា។

ទាក់​ទិន​នឹង​បញ្ហា​នេះ អ្នក​ស្រី ចាន់ ស៊ីណា បាន​ប្រាប់​ថា អ្នក​ស្រី មិន​ដែល​បាន​ដឹង​ទាល់​តែ​សោះ​ថា រឿង​ដែល​អ្នក​ស្រី​បាន​ផ្តល់​លុយ​ឲ្យ​មេ​ឃុំ ជា​ថ្នូរ​ក្នុង​ការ​ផ្តល់​សំបុត្រ​កំណើត និង​សំបុត្រ​អាពាហ៍ពិពាហ៍​យក​ទៅ​ប្រើ​ការ ជា​អំពើ​ល្មើស​ច្បាប់។ អ្នក​ស្រី​សំណូម​ពរ​ថា សុំ​ឲ្យ​មេ​ឃុំ​ដែល​បាន​ជាប់​ឆ្នោត​នា​ពេល​ខាង​មុខ បំពេញ​ឲ្យ​បាន​នូវ​ការ​សន្យា​របស់​ពួក​គេ។ អ្នក​ស្រី​បញ្ជាក់​ថា អ្នក​ស្រី​នឹង​កត់​ចំណាំ​ទុក​រាល់​ទង្វើ​របស់​មេ​ឃុំ ដើម្បី​ងាយ​ស្រួល​សម្រេច​ចិត្ត​បោះ​ឆ្នោត​ពេល​ក្រោយ ជូន​មេ​ឃុំ​ណា​ដែល​មិន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។

ទី​ភ្នាក់​ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ ធ្លាប់​បាន​ប៉ាន់​ប្រមាណ​ថា អំពើ​ពុក​រលួយ​បាន​នាំ​ឲ្យ​កម្ពុជា​បាត់​បង់​ចំណូល​រដ្ឋ​យ៉ាង​តិច​ចន្លោះ​ពី​៣០០ ទៅ​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។ កន្លង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចាប់​ខ្លួន​អតីត​ព្រះរាជ​អាជ្ញា​ខេត្ត​ពោធិ៍សាត់ តុប ចន្ទសិរីវុឌ្ឍ និង​អតីត​អគ្គលេខាធិការ​អាជ្ញាធរ​គ្រឿង​ញៀន ម៉ឹក ដារា ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។

ក្រសួង​មហាផ្ទៃ​មិន​​ទាន់​បាន​កំណត់​តម្លៃ​សេវា​លិខិត​រដ្ឋបាល​សាធារណៈ​តាម​ឃុំ-សង្កាត់ ជាក់​លាក់​នៅ​ឡើយ​ទេ ហើយ​ថវិកា​ដែល​ពលរដ្ឋ​បង់​ឲ្យ​មេ​ឃុំ ចៅ​សង្កាត់ នា​ពេល​កន្លង​ទៅ​ត្រូវ​គេ​សន្និដ្ឋាន​ថា​ចូល​ទៅ​ក្នុង​ហោប៉ៅ​មន្ត្រី​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។