គ.ជ.ប.​ប្រកាស​ចំនួន​គណបក្ស​ដែល​បាន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត

2008-05-13

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) បាន​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃ​បញ្ចប់​នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៤ មាន​គណបក្ស​ចំនួន ១២​គណបក្ស ក្នុងនោះ​បាន​បដិសេធ ១ និង​កំពុង​ពិនិត្យ​ចំនួន ៨ ដែល​ចំនួន​នេះ​តិចជាង​កាលពី​ឆ្នាំ​២០០៣ ។

អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​កាសែត​នៅថ្ងៃទី​១២ ឧសភា​នេះ ថា មូលហេតុ​ដែល​មាន​គណបក្ស​ចំនួន​តិច​បាន​ចូលរួម​ក្នុង​ការប្រកួត​ប្រជែង​នេះ​គឺ ៖ «មាន​តែ ១២​គណបក្ស​ទេ​ដែល​បាន​ចុះ​បញ្ជី ហើយ​គជប អត់​ទាន់​សម្រេច​ជា​ផ្លូវការ​ទៀត ។ ហើយ​មូលហេតុ​អី ខ្ញុំ​ជឿ​ថា​ទី​១ នៅ​មាន​ការ​វិវត្ត​ទៅ ហើយ​ការ​ខិត​ខំ​របស់​គណបក្ស ត្រូវ​ត្រៀម​លក្ខខណ្ខ​យូរ ទាំង​មនុស្ស ទាំង​ថវិកា»

បើតាម​មន្ត្រី​របស់​គណបក្ស​ដែល​បាន​ដាក់ពាក្យ​រួច​ស្ទើរ​ទាំងអស់​ក្នុង​សន្និសីទ​កាសែត ព្រមទាំង​មន្ត្រី​គណបក្ស​សង្គម​ខ្មែរនិយម ដែល គ.ជ.ប. បាន​បដិសេធ​ផងនោះ​បាន​លើកឡើង​ថា ការដែល​ពួកគាត់​រាំងស្ទះ​ក្នុង​ការដាក់​ពាក្យ និង​ធ្វើ​ឲ្យ គ.ជ.ប. បដិសេធ​នោះ គឺ​ជា​កំហុស​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មិនយល់​ពី​ការងារ​និង​មិន​អនុវត្តតាម​នីតិវិធី​របស់ គ.ជ.ប. ៖ «ពី​រឿង​មេឃុំ​គឺ​ថា​បញ្ជាក់​នៅ​លើ​សំណុំ​បែបបទ​របស់​បេក្ខជន របស់​ខ្ញុំ​ហ្នឹង​ចេះ​តែ​បញ្ជាក់​បាន​គ្រប់​ចំនួន​ទាំង​អស់ ប៉ុន្តែ​ដល់​តែ​យក​មក គជប ពិនិត្យ​គឺ​គ្មាន​ឈ្មោះ​ហ្នឹង​ទាំងអស់»

ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើ​របស់​មន្ត្រី​គណបក្ស​ខាងលើ មន្រ្តី គ.ជ.ប. លោក ម៉ៅ ភារិទ្ធ បាន​លើកឡើង​ថា ដោយ​គណបក្ស​សង្គម​ខ្មែរ​និយម​បាន​ដាក់​បេក្ខជន​នៅ ២៣​ខេត្ត​ក្រុង ប៉ុន្តែ មាន ១៥​ខេត្ត​ក្រុង​មិន​បាន​បំពេញ​លក្ខខណ្ឌ​តាម​តម្រូវការ​របស់​ច្បាប់ ៖ «ដល់​ពេល​យក​ពញ្ជី​បេក្ខជន​ពេញ​សិទ្ធិ​ហ្នឹង ច្បាប់​តម្រូវថា​ឲ្យ​មាន​បេក្ខជន​ពេញសិទ្ធិ​មួយ​ភាគ​៣ នៃ​ចំនួន​អាសនៈ អ៊ីចឹង​ដល់​ពេល ១​ភាគ​៣ វា​ត្រូវ​៤១​នាក់ ប៉ុន្តែ​ដល់​ពេល​បូក​ឃុំ​ហ្នឹង​ទៅ​បាន​តែ ៣៨​នាក់​ទេ អ៊ីចឹង​ខ្វះ»

ចំណែកឯ​អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា ក៏មាន​ប្រសាសន៍​ថា បន្ទាប់ពី គ.ជ.ប. បដិសេធ គណបក្ស​មាន​សិទ្ធិ​តវ៉ា​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​រយៈពេល ៥​ថ្ងៃ ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​រយៈពេល​១០​ថ្ងៃ ក្នុងការសម្រេច​បន្ទាប់ពី​ទទួល​ពាក្យ​បណ្តឹង ។

លោក ទេព នីថា មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សូម​ជម្រាប​ថា កាលណា​យើង​ដាក់​ពាក្យ​អ៊ីចឹង​ទៅ គជប ពិនិត្យ ៧​ថ្ងៃ អត់​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការ​ប្ដឹង​អីទេ ក្នុង​ករណី​ដែល គជប ពិនិត្យ​ហ្នឹង​ឃើញ​មាន​កំហុស​បញ្ហា​អីហ្នឹង យើង​អត់​ទាន់​សម្រេច​ថា​បដិសេធ គឺ​សុំ​ឲ្យ​គណបក្ស​រក​បំពេញ​បន្ថែម​មក ក្នុង​រង្វង់ ៧​ថ្ងៃ​ហ្នឹង បើសិនជា​រក​ឲ្យ​គជប បាន​ទាន់​ពេល​វេលា​គ្រប់គ្រាន់​គឺ​យើង​អត់​មាន​ចេញ​ឲ្យ​កែ​តម្រូវ​ទេ គឺ​យើង​បំពេញ​ឯកសារ​ហ្នឹង​ជា​ផ្លូវ​ការ​តែម្ដង ។ តែ​ក្នុង​ករណី គជប ជូន​ដំណឹង​ថា គាត់​បំពេញ​អត់​បាន​គ្រប់គ្រាន់ ក្នុង ៧​ថ្ងៃ​ហ្នឹង​ទេ ថ្ងៃ​ទី ៧ គជប សម្រេច​ជា​ផ្លូវការ​ឲ្យ​គាត់​កែតម្រូវ ៥​ថ្ងៃ​តាម​ផ្លូវ​ច្បាប់ ដែល​ឲ្យ​កែតម្រូវ​៥ថ្ងៃ ។ អ៊ីចឹង​បើ ៥​ថ្ងៃ​នេះ គាត់​បំពេញ​គ្រប់គ្រាន់​ឲ្យ​គជប គជប នឹង​ពិនិត្យ​មើល​ហើយសមេ្រច​ទទួល​ជា​ផ្លូវការ ។ ក្នុង​ករណី ៥​ថ្ងៃ​នេះ គាត់​បំពេញ​អត់​បាន​គ្រប់គ្រាន់​ទេ គជប ចេញ​សេចក្ដី​សម្រេច​បដិសេធ»

សូមជម្រាបថា កាលពី​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឆ្នាំ​២០០៣ មាន​គណបក្ស​ចំនួន ២៣ បាន​ចូលរួម​ប្រកួត​ប្រជែង ។

ចំណែកឯ គណបក្ស​ដែល​ត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិទី​៤ នៅថ្ងៃ​២៧ កក្កដា ខាងមុខនេះ ដែល គ.ជ.ប. បាន​ទទួល​ស្គាល់​ហើយ គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហង្សដារ៉ា​ចលនា​ប្រជាធិបតេយ្យ គណបក្ស​នរោត្តម រណឫទ្ធិ ។ គណបក្ស​សង្គម​ខ្មែរ​និយម គ.ជ.ប. បដិសេធ និង​គណបក្ស ៨​ទៀត ដែល គ.ជ.ប. កំពុង​ពិនិត្យ មាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស​សង្គម​យុត្តិធម៌ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សមរង្ស៊ី គណបក្ស​ខ្មែរ​ឈប់ក្រ គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ៕

អត្ថបទ​ដែល​ទាក់ទង

សង្គម​ស៊ីវិល​បារម្ភ​ថា​បញ្ហា​ជម្លោះ​នៅ​ព្រះវិហារ​អាច​ប៉ះពាល់​ដល់​ការបោះ​ឆ្នោត

ការឃោសនា​មាន​ភាព​ប្រសើរ​ជាង​មុន បើ​ទោះ​បី​មាន​អំពើ​ហិង្សា​ខ្លះ​ក៏​ដោយ

បក្ស​សម​រង្ស៊ី​ចោទ​ថា មាន​ការប្រើ​រថយន្ត​រដ្ឋ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន

PEC នៅ​កំពង់ចាម​បើក​សវនាការ​កាត់ក្ដី​លើ​បណ្ដឹង​របស់​បក្ស​ប្រជាជន

តំណាង​បក្ស​ពីរ​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខេត្ត​រតនគិរី​ថា​បម្រើ​តែ​បក្ស​កាន់​អំណាច

គ.ជ.ប.​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​បក្ស​សមរង្ស៊ី​និង​បក្ស​ប្រជាជន

បក្ស​"ហង្សដារ៉ា"​នឹង​ធ្វើ​ច្បាប់​ដាក់​រាជវង្សានុវង្ស​ក្រៅ​ឆាក​នយោបាយ​បើ​ឈ្នះ​ឆ្នោត

មន្ត្រី​គ.ជ.ប.​រំឭក​ពី​ពេលវេលា​ដែល​ពលរដ្ឋ​ត្រូវ​ទៅ​បោះ​ឆ្នោត

ទំនាស់​រវាង​បក្ស​នយោបាយ​ក្នុង​ការឃោសនា​នៅ​ខែត្រ​កំពង់ឆ្នាំង

មន្ត្រី​បក្ស​សមរង្ស៊ី​នៅ​ឃុំ​បារាយណ៍ ខែត្រ​ព្រៃវែង រង​ការវាយ​ធ្វើ​បាប