អាជ្ញាធរ​ក្រុងភ្នំពេញ​រារាំង​ការឃោសនា​របស់​បក្ស​ខ្មែរ​ឈប់​ក្រ

គណបក្ស​នយោបាយ​មួយ​ដែល​មាន​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក​ដឹកនាំ​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​រារាំង​កាលពី​ព្រឹក​មិញ​មិន​ឲ្យ​មាន​ការឃោសនា​តាម​កន្លែង​ដែល​បាន​កំណត់​នោះ​ឡើយ ។

គណបក្ស​ឈ្មោះ​ខ្មែរ​ឈប់​ក្រ បាន​ឲ្យ​ដឹង​ថា​គេ​គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ចំពោះ​ការរារាំង​នោះ ។

គណបក្ស​ខ្មែរ​ឈប់​ក្រ​ដែល​មាន​លេខរៀង​លំដាប់​ទី​៥​បាន​ឲ្យ​ដឹង​ថា ដំណើរការ​ឃោសនា​យុទ្ធនាការ​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​រង​ការរំខាន​រារាំង​ពី​ក្រុម​អាជ្ញាធរ ។

ក្រុម​ឃោសនា​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​១០០​នាក់ ដែល​ពាក់​អាវ​សរសេរ​សន្យា​ថា​នឹង​ផ្តល់​ជិវិត​ថ្មី​បែប​អាមេរិក បើសិន​ជា​ប្រធាន​គណបក្ស​នឹង​បាន​ជាប់​ឆ្នោត​ជ្រើស​ជា​មេដឹកនាំ​ប្រទេស បាន​ប្រញាប់​រើ​សម្ភារៈ​ចាកចេញ​ពី​ទី​ឃោសនា​មុខ​វត្ត​បទុមវតី ក្រោយ​ពេល​ដែល​មាន​ការត្អូញត្អែរ​ថា​អាជ្ញាធរ​មូលដ្ឋាន​បាន​រារាំង​មិន​ឲ្យ​ធ្វើ​នៅ​ទី​នោះ​ទេ ។

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាន់ ដារ៉ន ពី​រដ្ឋ​វ៉ាស៊ីនតោន​ស្តេត បាន​មាន​ប្រសាសន៍​នៅ​គ្រា​ដែល​សមាជិក​ខ្លះ​កំពុងតែ​រើ​សម្ភារៈ​ឃោសនា​ចេញ​ពី​បរិវេណ​មុខ​វត្ត​បទុមវតី​យ៉ាង​ដូច្នេះ​ថា ៖ «ខ្ញុំ​មិន​ដឹង​ថា​ច្បាប់​ហ្នឹង​វា​ច្បាស់លាស់​ប៉ុណ្ណា មិន​ច្បាស់លាស់​ប៉ុណ្ណា​ទេ ។ អា​នេះ​ដូច​ថា​ជា​ការគំរាម​មួយ​យ៉ាង​ធំ​ណាស់ ពីព្រោះ​អស់​លោក​គេ​បាន​និយាយ​រួច​ហើយ គេ​ថា​ការដង្ហែ​ក្បួន​កន្លែង​មាន​តែ​មួយ​គត់​គឺ​កន្លែង​ស្តូប​កម្ពុជា​វៀតណាម ។ កន្លែង​ហ្នឹង​ទេ​ដែល​ឲ្យ​យើង​ជួបជុំ​ប្រមូល​ផ្ដុំ​គ្នា គេ​លើកលែង​តែ​កន្លែង​ហ្នឹង​មួយ ។ ដល់​យើង​មក​ធ្វើ​កន្លែង​ហ្នឹង​បែរ​ជា​គេ​មក​ហាម​ឃាត់​អ៊ីចេះ​ហាម​ឃាត់​អ៊ីចុះ គឺ​ថា​ខ្ញុំ​ត្រូវ​ខូច​កម្មវិធី​ទាំងអស់ គឺ​ថា​ខ្ញុំ​មាន​ការមិន​សប្បាយ​ចិត្ត​ចំពោះ​ការធ្វើ​របៀប​នេះ​មក​លើ​គណបក្ស​យើង ព្រោះ​យើង​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ»

ឃោសនិក​ជា​ស្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា នៅ​យប់​មុន​ការឃោសនា​គ្រា​ដែល​ក្រុម​អ្នក​គាំទ្រ​កំពុងតែ​ត្រៀម​រៀបចំ​ចែក​ខិត្តប័ណ្ណ​ឃោសនា​ដល់​អ្នក​ដំណើរ ស្រាប់តែ​មាន​មនុស្ស​ស្លៀក​សម្លៀក​បំពាក់​ប៉ូលិស​គំរាម ។

ឃោសនិក​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ស្លៀក​ខោ​អាវ​ប៉ូលិស​២​នាក់​ហ្នឹង​មក​ដល់​ពួក​ខ្ញុំ​កំពុងតែ​ចែក​ខិត្តប័ណ្ណ​ឲ្យ​បងៗ​អ្នក​លក់​នៅ​ទី​នេះ ។ រួច​ទៅ​គាត់​ថា "គណបក្ស​ខ្មែរ​ឈប់​ក្រ​អី​មួយ​ដៃ​កណ្ដាល​មុខ​ឥឡូវ​ហ្នឹង" គឺ​គាត់​និយាយ​អ៊ីចឹង ពួក​ខ្ញុំ​ក៏​គេច​ទៅ ។ ហើយ​ឃើញ​ច្រងេង​ច្រងាង​បោក​ពង​ទា​បោះ​ចុះ​បោះ​ឡើង​របស់​គេ​អ៊ីចឹង​ទៅ»

មន្ត្រី​រៀបចំ​ការបោះ​ឆ្នោត​ក្រុង​ភ្នំពេញ លោក ប៉ាង សុខា បាន​មាន​ប្រសាសន៍​ថា​មាន​ការយល់​ច្រឡំ​គ្នា​ចំពោះ​បញ្ហា​នោះ ។

លោក ប៉ាង សុខា បាន​បញ្ជាក់​ថា ៖ «ទី​១​គណបក្ស​ហ្នឹង​គាត់​ទៅ​សុំ​ខាង​អាជ្ញាធរ​សង្កាត់ ដល់​ពេល​សុំ​ទៅ​អាជ្ញាធរ​គេ​ហ្នឹង​ចារ​ថា ឲ្យ​សុំ​សាលា​ក្រុង... ខ្ញុំ​មិន​ដឹង​គាត់​ទៅ​ឬ​មិន​ទៅ​សាលា​ក្រុង​ទេ ។ ...ខ្ញុំ​ថា​ខ្ញុំ​អត់​ហ៊ាន​ថា​ម៉េច​ទេ ព្រោះ​លោក​ដាក់​ក្នុង​លិខិត​ថា​ធ្វើ​ប៉ុស្តិ៍​សុំ​ចត​ពេល​ថ្ងៃ​ត្រង់​ទេ មិន​មែន​ថា​មក​ធ្វើ​ឃោសនា​ទេ»

បើ​យោង​ទៅ​តាម​សេចក្តី​រាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ឃោសនា​ជាង​១​សប្តាហ៍​កន្លង​មក​នេះ មាន​ករណី​វិវាទ​ស្រដៀង​គ្នា​នេះ​យ៉ាង​ហោច​ណាស់​ក៏​ចំនួន​៤​ខេត្ត​ដែរ ហើយ​ការសម្រុះ​សម្រួល​បាន​ធ្វើ​ជាប់​ជា​ហូរហែ ។

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាន់ ដារ៉ន ដែល​ចោទ​ថា​មាន​ការរារាំង​ក្រុម​ឃោសនិក​របស់​លោក​កាលពី​ព្រឹក​មិញ​បាន​ថ្លែង​ថា លោក​គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ជុំវិញ​បញ្ហា​នេះ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ៕