ដូន​ជី​និង​អាចារ្យ​ចោទ​ចៅអធិការ​ថា​រើសអើង​និន្នាការ​បក្ស​នយោបាយ

2008-07-03

ក្រុម​ដូន​ជី​និង​អាចារ្យ​វត្ត​ខ្លះ​នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​ចៅអធិការ​វត្ត​មួយ​អង្គ​ថា​បាន​រើសអើង​និន្នាការ​គណបក្ស​នយោបាយ ដោយ​បាន​បណ្តេញ​ដូន​ជី​ខ្លះ​ដែល​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ឲ្យ​ចូល​វត្ត​សុំ​សីល​ទេ បើ​មិន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។

បុរស​ចំណាស់​ឈ្មោះ ក្រូច ជុច ដែល​អះអាង​ថា​ជា​អាចារ្យ​វត្ត​អារញ្ញ​រង្សី ហៅ​វត្ត​ត្រី​ញ័រ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ ទី​២ ខែ​កក្កដា ថា​ចៅអធិការ​វត្ត​ព្រះនាម ដួន ឌុច ហៅ​លោក​តា​រ៉េត បាន​ហាម​ឃាត់​គាត់​និង​យាយ​ជី​ខ្លះ​មិន​ឲ្យ​ចូល​វត្ត​សុំ​សីល​ទៀត​ទេ បន្ទាប់ពី​ដឹង​ថា​ពួក​គាត់​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។

លោក ក្រូច ជុច បាន​ឲ្យ​ដឹង​ថា ៖ «លោក​ហៅ​ខ្ញុំ "ឃើញ​តា​ឯង​ទៅ​យក​សារុង​ហ៊្វុនស៊ិនប៉ិច" ខ្ញុំ​ទៅ​យក​មែន "យក​មែន​ហើយ​សារភាព​ទៅ បើ​តា​ឯង​មិន​សារភាព​មិន​ឲ្យ​តា​ឯង​ចូល​វត្ត​ទេ"»

ក្រុម​អ្នកភូមិ​បាន​និយាយ​ទៀត​ថា ចៅអធិការ​វត្ត​អង្គ​នោះ​បាន​ហាមប្រាម​គណបក្ស​ផ្សេងៗ​មិន​ឲ្យ​យក​ខិត្តប័ណ្ណ​បិទ​តាម​ដើមឈើ​នៅ​ក្រៅ​របង​វត្ត​ទេ ក៏ប៉ុន្តែ​ចំពោះ​ខិត្តប័ណ្ណ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​មាន​បិទ​ក្នុង​វត្ត ។ អ្នកភូមិ​អះអាង​ថា​ចៅអធិការ​វត្ត​អង្គ​នោះ​តែង​និមន្ត​ទៅ​ចូលរួម​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។

ចៅអធិការ​វត្ត​អារញ្ញ​រង្សី ព្រះតេជគុណ ដួន ឌុច បាន​មាន​ព្រះថេរដីកា​ទទួលស្គាល់​ថា​ព្រះអង្គ​ពិត​ជា​បាន​ហាមឃាត់​អាចារ្យ​វត្ត​និង​ដូនជី​ដែល​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ឲ្យ​ចូល​វត្ត​សុំ​សីល​មែន ពីព្រោះតែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ឃុំ​ស្រុក​បាន​គាបសង្កត់​ព្រះអង្គ​ទៅ​រក​បច្ច័យ​កសាង​វត្ត​មិន​បាន ។

ព្រះតេជគុណ ដួន ឌុច បាន​មាន​ព្រះថេរដីកា​ថា ៖ «តា​អាចារ្យ​អាត្មា​គាត់​ចូល​ទៅ​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច អាត្មា​ឲ្យ​ទៅ​សារភាព​ខាង​គណបក្ស​ប្រជាជន​ទៅ ។ គេ​ខ្វល់ខ្វាយ​ថា​យើង​មាន​អាចារ្យ​គណបក្ស ហើយ​អាត្មា​ទៅ​រក​អី​ឲ្យ​រក​វា​មិន​បាន​មក​កសាង»

ក៏ប៉ុន្តែ​មេ​ឃុំ​ត្រពាំង​ធំ លោក ស៊ុន កេង បាន​បដិសេធ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​គាបសង្កត់​ចៅអធិការ​វត្ត​អង្គ​នោះ​ដូច​អ្វី​ដែល​ព្រះអង្គ​បាន​អះអាង​នោះ​ឡើយ ។

លោក ស៊ុន កេង បាន​មាន​ប្រសាសន៍​ថា វត្ត​នោះ​គឺ​ជា​វត្ត​ថ្មី​ដែល​ទើបតែ​មាន​ព្រះសង្ឃ​៦​អង្គ ដោយ​មិន​ទាន់​មាន​ច្បាប់​ត្រឹមត្រូវ​នៅ​ឡើយ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ថ្នាក់​ឃុំ​ក្ដី​និង​ស្រុក​ក្ដី​កំពុងតែ​ជួយ​ជ្រោមជ្រែង​ក្នុង​ការកសាង​វត្ត​នោះ ។

អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ខេត្ត​សៀមរាប លោក នូ ពុទ្ធិ ដែល​ចុះ​ស៊ើបអង្កេត​បញ្ហា​នោះ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​រកឃើញ​ថា​ចៅអធិការ​វត្ត​មាន​ភាព​លម្អៀង​ទៅ​លើ​គណបក្ស​នយោបាយ ។

លោក នូ ពុទ្ធិ បាន​មាន​ប្រសាសន៍​ថា ៖ «គណបក្ស​មួយ​គាត់​បាន​ដើរ​ខិត្តប័ណ្ណ​នយោបាយ​នៃ​គណបក្ស​ខ្លួន ហើយ​ត្រូវ​បាន​ព្រះតេជគុណ​ហ្នឹង​ហាម​ឃាត់ ហើយ​ចំណែក​គណបក្ស​មួយ​ផ្សេង​ទៀត​នោះ​ត្រូវ​បាន​ព្រះតេជគុណ​លោក​អនុញ្ញាត​ឲ្យ​រហូត»

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា​ទង្វើ​របស់​ចៅអធិការ​វត្ត​អង្គ​នោះ​គឺ​ខុស​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដោយ​អ្នក​បួស​មិន​អាច​គាំទ្រ​ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​បាន​ទេ ។

នៅ​ខេត្ត​សៀមរាប​ក្រៅពី​ការរើសអើង​គណបក្ស​នយោបាយ​មួយ​ករណី​នេះ មន្ត្រី​គណបក្ស​សមរង្ស៊ី​បាន​និយាយ​ថា សកម្មជន​របស់​ខ្លួន​៣​នាក់​មក​ហើយ​បាន​ទទួល​រង​ការជេរ​ប្រមាថ ការយក​អាយកូម​បម្រុង​វាយ​ក្បាល​និង​ការកន្ត្រាក់​ទាញ​ដាច់​សម្លៀក​បំពាក់ ចាប់ពី​ការធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា​នេះ ៕

អត្ថបទ​ដែល​ទាក់ទង

គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​បង្ហាញ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត

គណបក្ស​សម​រង្ស៊ី​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​ដើម្បី​បង្ហាញ​ជំហរ​បក្ស​ប្រឆាំង

បក្ស​សម​រង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​បដិសេធ​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត

លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៤ ត្រូវ​បាន​ប្រកាស

សំណង់​សាលារៀន​មួយ​នៅ​ស្រុក​បារាយណ៍​ត្រូវ​ផ្អាក​ដោយសារ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត​នៅ​ទីនោះ

បក្ស​ប្រឆាំង៖ ការបញ្ចប់​ថ្ងៃ​តវ៉ា​ពី​ការបោះ​ឆ្នោត​ជា​ការបង្ហាញ​នូវ​ភាព​អយុត្តិធម៌

គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋសភា​ថ្មី​នឹង​ត្រូវ​កាន់កាប់​ដោយ​បក្ស​ប្រជាជន

បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិមនុស្ស​បញ្ជាក់​ជំហរ​មិន​ចូល​ស្បថស្បែ​បង្កើត​សភា​ថ្មី

បក្ស​សមរង្ស៊ី​ស្នើសុំ​ឲ្យ​គ.ជ.ប.​បង្ហាញ​ភស្តុតាង​ពី​ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត

បក្ស​សមរង្ស៊ី​៖ អ្នក​សង្កេតការណ៍​ជប៉ុន​មិន​បាន​តាមដាន​ការបោះ​ឆ្នោត​ដិតដល់