ប្រតិកម្ម​គណបក្ស​នយោបាយ​ជុំវិញ​ដំណើរការ​បោះឆ្នោត

ប្រធាន​គណបក្ស​មួយចំនួន​បាន​សម្ដែង​ប្រតិកម្ម​ផ្សេងៗគ្នា​ទាក់ទង​នឹង​ដំណើរការ​បោះឆ្នោត​ក្នុង​អាណត្តិ​ទី​៤​ខាង​មុខ​នេះ នៅ​ពេល​ដែល​គូ​ប្រកួត​ប្រជែង​មិន​មាន​វត្តមាន​នៅ​ក្នុង​ស្រុក ។

0:00 / 0:00

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​គូ​ប្រកួត​ទាំងអស់​មាន​ឱកាស​ដូច​គ្នា ស្មើភាព​គ្នា​ក្នុង​ការ​បង្ហាញ​មុខ​ចំពោះ​ម្ចាស់​សន្លឹក​ឆ្នោត ជាក់ស្តែង​ដូច​ករណី​សម្តេច​ក្រុមព្រះ​គួរតែ​រក​រូបមន្ត​ណាមួយ ព្យួរ​ការ​ប្តឹង​ផ្តល់​នោះ​ចោល​មួយ​អន្លើ ដើម្បី​ឲ្យ​ការ​ប្រ​កួត​ប្រជែង និង​លទ្ធផល​ដែល​បាន​មកពី​ការ​បោះឆ្នោត​នោះ​យុត្តិធម៌ ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «គូ​ប្រកួត​មាន​ទម្ងន់ មាន​សារសំខាន់​លើ​ឆាក​នយោបាយ​ប្រទេស​កម្ពុជា បើ​គូរ​ប្រកួត​នោះ​មិន​នៅ ការ​បោះ​ឆ្នោត​ហ្នឹង​អត់​មាន​តម្លៃ​ទេ ថា​អត់​មាន​ន័យ​ក៏​បាន​ដែរ ។ ប៉ុន្តែ​បើ​គូរ​ប្រកួត​មួយ​តូច​មិន​ជា​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រែប្រួល​ប៉ុន្មាន​ទេ»

បើ​តាម​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា​ដោយ​តុលាការ​កម្ពុជា​មាន​ការ​លម្អៀង​ផ្នែក​នយោបាយ ដូច្នេះ​សម្តេច​ក្រុមព្រះ​ត្រូវ​បាត់បង់​សេរីភាព​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត ហើយ​ក៏​ជា​រឿង​អយុត្តិធម៌​មួយ​ក្នុង​ការ​បោះឆ្នោត​ដែរ ។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ៖ «អ៊ីចឹង​វា​អាច​ប៉ះពាល់​ដល់​សេរីភាព​របស់​គាត់​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត ដោយសារ​ហេតុ​នៃ​តុលាការ​ដែល​យើង​ឃើញ​ថា វា​មិន​មាន​លក្ខណៈ​ឯករាជ្យ​ពិត​ប្រាកដ»

ប៉ុន្តែ​បើតាម​ទីប្រឹក្សា​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱក សុជាតិ មាន​ប្រសាសន៍​ថា​រឿង​យុតិធម៌ ឬ​អយុត្តិធម៌​ដែល​កើត​មាន​ចំពោះ​សម្តេច​ក្រុមព្រះ ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ អាស្រ័យ​លើ​ព្រះអង្គ​ឯង គឺ​ព្រះអង្គ​អាច​យាង​ចូល​ជាមួយ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​នោះ​ជា​ការ​ស្រេច ។

បើ​តាម​សមាជិក​សភា និង​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​ថា ទោះបី​មិនមាន​វត្តមាន​របស់​សម្តេច​ក្រុមព្រះ ការ​បោះឆ្នោត​និង​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​ដែរ ។ ប៉ុន្តែ​បើ​សម្តេច​ក្រុមព្រះ​ចង់​ប្រកួត​ប្រជែង​យក​កៅអី​នៅ​សភា​គួរតែ​យាង​មក​ចូលរួម ។

លោក ជាម យៀប បានបញ្ជាក់ថា ៖ «បើ​ខ្វះ​សម្ដេច​ក្រុមព្រះ​មិន​មែន​មាន​ន័យ​ថា​អត់​តម្លាភាព​ទេ ទោះ​លោក​មក​ក៏​មិន​មែន​ថា​តម្លាភាព​ដល់ ១០០​% ​អី​ដែរ ។ អានេះ​អ៊ីចេះ​ទេ ស៊ីសង​គណបក្ស​នយោបាយ​នីមួយៗ​ទេ ហើយ​ខ្ញុំ​យល់​ថា​សម្ដេច​ក្រុមព្រះ​លោក​គួរ​តែ​យាង​មក​ទៅ​តាម​ការ​ណែនាំ​របស់​គ.ជ.ប. ក៏​ដូច​ជា​ច្បាប់​បោះ​ឆ្នោត​ទៅ បើសិន​ជា​លោក​ត្រូវការ​ចាំបាច់​ក្នុង​ការ​តស៊ូ ដើម្បី​ប្រកួត​ប្រជែង​យក​កៅអី​នៅ​ក្នុង​រដ្ឋសភា»

ទោះជា​យ៉ាងណា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប. លោក ទេព នីថា មាន​ប្រសាសន៍​ថា គ.ជ.ប.​បាន​រៀបចំ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​តាម​ច្បាប់ និង​តាម​នីតិ​វិធី​ត្រឹមត្រូវ ចំណែក​ឯ​ប្រធាន​បក្ស​ណា​បាន​ចូលរួម​ផ្ទាល់​ឬ​មិន​ផ្ទាល់​មិន​ពាក់ព័ន្ធ​នឹង​គ.ជ.ប.​ទេ ។

លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា រហូត​មកដល់​ថ្ងៃ​ទី​១១ ឧសភា​នេះមាន​គណបក្ស​ចំនួន​៨​ហើយ​បាន​មក​ចុះឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៧ កក្កដា ខាង​មុខ​នេះ ៕