ពលករត្រៀមខ្លួនចេញដំណើរទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុន អេ.ភី.ធី.អេស.អី ម្នាក់ ឈ្មោះ សាំង សំបូរ លោកមានប្រសាសន៍ថា លោកបានបង់ប្រាក់ឲ្យក្រុមហ៊ុនចំនួន ១៥០ដុល្លារ សម្រាប់ថ្លៃលិខិតឆ្លងដែន ១៧ដុល្លារ សម្រាប់ពិនិត្យសុខភាព និងថតរូបចំនួន ១ម៉ឺន២ពាន់រៀល៖ «ពេលខ្ញុំទៅចុះឈ្មោះហ្នឹង គាត់ថារយៈពីរខែជាង បានបញ្ជូនខ្ញុំទៅ។ តាំងពីចុះឈ្មោះហ្នឹង ចូលជិតមួយឆ្នាំឥឡូវហើយបង។ ខំទៅយកលុយគេ ដើម្បីចុះឈ្មោះចុះអី ហើយដល់ពេលខ្ញុំចុះឈ្មោះហើយ អីហើយ ថ្ងៃនេះ ថ្ងៃនោះរហូត ហើយរយៈពេលប្រាំពីរ ប្រាំបីខែ ចូលមួយឆ្នាំឥឡូវហើយ ខ្ញុំនៅតែអត់បានទៅ»។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ នៅ ប៊ុណ្ណា បងស្រីមានប្រសាសន៍ថា ដោយសារជីវភាពក្រីក្រ និងជឿតាមការបញ្ចុះបញ្ចូលរបស់មេខ្យល់ថា ធ្វើការនៅប្រទេសថៃបានប្រាក់ខែច្រើន គាត់ក៏បង្ខំចិត្តខ្ចីលុយធនាគារ ឲ្យប្ដីគាត់ឈ្មោះ ទី តូ បង់លុយឲ្យក្រុមហ៊ុន និងរត់ការផ្សេងៗ ដើម្បីបានទៅធ្វើការ៖ «ទៅច្រើនខាងខ្ញុំ មានប្រហែលជា២០ជាងគ្រួសារ។ ខ្ចីម្នាក់២លាន អាខ្លះ១លាន ជំពាក់លុយគេ ហើយយើងរកអត់ទាន់អីចឹង គេអូសផ្ទះយើង ដូចថាយើងជំពាក់លុយអង្គការគេអីចឹង ដល់ខែយើងអត់មានលុយឲ្យគេ»។
ឆ្លើយតបនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋភូមិអូរតាប៉ាង អតីតនាយិកាក្រុមហ៊ុន អេ.ភី.ធី.អេស.អី សាខាខេត្តព្រះសីហនុ អ្នកស្រី ឡោ ភារុណ បានបដិសេធថា ក្រុមហ៊ុនមិនបានបោកប្រាស់ពលករទាំងនោះទេ ការយឺតយ៉ាវក្នុងការបញ្ជូនពួកគាត់ចេញ គឺជាបន្ទុករបស់ក្រុមហ៊ុនធំនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ព្រោះអ្នកស្រីគ្រាន់តែជាភ្នាក់ងារផ្សព្វផ្សាយ និងរៀបចំសំណុំឯកសារទៅឲ្យក្រុមហ៊ុនប៉ុណ្ណោះ។
អ្នកស្រី ឡោ ភារុណ៖ «ខ្ញុំបានឈប់ពីក្រុមហ៊ុនហ្នឹងប៉ុន្មានខែហើយបង។ ធម្មតាក្នុងនាមខ្ញុំពីមុនមក ដែលជ្រើសរើសទៅក្រៅ ខ្ញុំត្រូវមានបន្ទុកមួយដែររាល់បញ្ហាពលករអត់ចេញ គាត់ត្រូវទូរស័ព្ទមកខ្ញុំ ទោះបីជាខ្ញុំអត់មានសិទ្ធិ ខ្ញុំត្រូវតែសួរព័ត៌មានទៅខាងនោះដែរ មិនមែនខ្ញុំឈប់ហើយ មិនអាចផ្ដល់ព័ត៌មាន ឬទំនាក់ទំនងឲ្យគាត់ តែដោយសារក្រុមហ៊ុនពេលដែលខ្ញុំឈប់ គាត់សុំតម្រូវឲ្យខ្ញុំហ្នឹង អត់ឲ្យប្រាប់ពលករថា ខ្ញុំឈប់អីចឹង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក សេង សិទ្ធិជ័យ ប្រធានក្រុមហ៊ុន អេ.ភី.ធី.អេស.អី ដែលនាំពលករចេញក្រៅប្រទេស ដើម្បីសាកសួរបន្ថែមលើការចោទប្រកាន់របស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានទេ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។
មន្ត្រីសម្របសម្រួល នៃសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី អ្នកស្រីមានប្រសាសន៍ថា ក្នុងករណីនេះ ពលករគួរតែដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីកោះហៅតំណាង និងប្រធានក្រុមហ៊ុនមកសាកសួរលំអិត និងដោះស្រាយបញ្ហាទើបស្រេច៖ «តាមពិតរឿងហ្នឹង ប្រជាពលរដ្ឋបើចង់ប្ដឹង គឺប្ដឹងពីបទឆបោក វាគឺជារឿងព្រហ្មទណ្ឌ ដែលគាត់អាចប្ដឹងទៅតុលាការខេត្តព្រះសីហនុ បាន ហើយគាត់ត្រូវប្រមូលឯកសារដែលពាក់ព័ន្ធនឹងការធានាកិច្ចសន្យា»។
នៅក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលបានប្ដឹងទៅសមាគម អាដហុក ប្រចាំខេត្តព្រះសីហនុ កាលពីខែមេសា កន្លងទៅ គឺមានឈ្មោះពលករចំនួន ១២នាក់ បានប្ដឹងសុំឲ្យសមាគមជំរុញក្រុមហ៊ុន ឲ្យប្រគល់ឯកសារ និងសងប្រាក់មកពួកគាត់វិញ ក្រោយពេលសាខាក្រុមហ៊ុនបានបិទទ្វា នៅដើមខែកុម្ភៈ ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
