ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំនិងអក្សរសាស្ត្រនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះតេជគុណ អ៊ឹម ទៀង គង់នៅវត្តស្វាយពពែ រាធានីភ្នំពេញ មានថេរដីកាពីពិធីប្រារព្ធនៅថ្ងៃបុណ្យភ្ជុំបិណ្ឌថា ៖ «ចំណុចពិសេសថ្ងៃនេះគឺមានចំណុចទី១ យើងចង់និយាយថា ដាឆ្លង ព្រះសង្ឃលោកសូត្រធម៌ដា៧មេ... ទី២ ថ្ងៃរសៀលហ្នឹងមានសូត្រមន្តឆ្លង សូត្រមន្តហ្នឹងសម្ដែងធម្មទេសនាចោទឆ្លើយគ្រែ២ឬក៏គ្រែ៣ តាមអធ្យាស្រ័យរបស់ពុទ្ធបរិស័ទដែលត្រូវការនិមន្ដ ដើម្បីឲ្យដឹងឲ្យយល់ច្បាស់អំពីពិធីបុណ្យឆ្លងឬក៏បុណ្យភ្ជុំបិណ្ឌថ្ងៃទី១៥ ហើយចំណុចផ្សេងទៀតយើងបន្ទាប់បន្សំទៅ ដូចជាពពូនភ្នំខ្សាច់ ជូនរបស់របរលោកតា លោកយាយ ដូនជី តាជី អាហ្នឹងចុងក្រោយហើយ លាគ្នាឬក៏បែកគ្នាហើយហ្នឹង»។

ភិក្ខុ សម ចាន់ សហការីសម្តេចសង្ឃអគ្គមហាសង្ឃរាជ គង់នៅវត្តឧណាលោម មានថេរដីកាថា នៅក្នុងឆ្នាំនេះមានពុទ្ធបរិស័ទយកចង្ហាន់មកប្រគេនព្រះសង្ឃច្រើនជាងមុន។ ប៉ុន្តែនៅវត្តទួលសាន់វ៉ាន់ ភិក្ខុ ឈុន ឈឿន ជាចៅអធិការ មានថេរដីកាថា នៅឆ្នាំនេះមានពុទ្ធបរិស័ទយកចង្ហាន់និងមកបោះបាយបិណ្ឌតិចជាឆ្នាំមុន មូលហេតុមកពី ៖ «ដូចថា ពុទ្ធបរិស័ទយល់ឃើញថា ការធ្វើទាននេះ ពេលខ្លះទៅក៏វាអាចអត់ប្រយោជន៍ វាអាចយករបស់ហ្នឹងបោះចោលអត់ប្រយោជន៍អ៊ីចឹងទៅ ក៏មានអ្នកខ្លះស្វែងយល់យ៉ាងនេះ ដូច្នេះហើយគាត់ក៏បែរយកចង្ហាន់អីមកប្រគេនឬឧទ្ទិសតាមអ្នកមានសីលទៅវិញ។ ដូច្នេះការបោះបាយបិណ្ឌនេះមានការធ្លាក់ចុះ»។
ទោះជាយ៉ាងណា ស្រ្តីឈ្មោះ មី វិបុល ដែលដៃម្ខាងកំពុងយួរស្រាក់អាហារនិងដៃម្ខាងទៀតកាន់ផ្កាឈូកនៅក្នុងវត្តឧណាលោម មានប្រសាសន៍ថា ទោះមានជីវភាពមិនសូវធូរធារក៏ដោយ ក៏អ្នកស្រីព្យាយាមយកចង្ហាន់មកវត្តរាល់ថ្ងៃដែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
អ្នកស្រី មី វិបុល បានបញ្ជាក់ថា ៖ «ខ្ញុំថា បន់ស្រន់ដល់ឪពុកម្ដាយរបស់យើងដែលបានចែកឋានទៅទាំ៧សន្ដានហ្នឹងណា៎ ក្រែងលោកមានភ្លាត់ភ្លាំងទៅជាប្រេតជាអី ទាំងអស់គ្នាហ្នឹង យើងមើលមិនឃើញដែរ ឲ្យគាត់មកទទួលផលបុណ្យពីយើងទៅ»។
ចំណែកឯសណ្តាប់ធ្នាប់និងការធ្វើចរាចរណ៍នៅក្នុងទីក្រុងវិញ ត្រូវលោក ឡុង ឈឿន ប៉ូលិសការពារសណ្តាប់ធ្នាប់ក្នុងពិធីភ្ជុំបិណ្ឌនេះ មានប្រសាសន៍ថា ទាំងការធ្វើចរាចរណ៍និងសន្តិសុខគឺការពារនិងសហការបានល្អជាងឆ្នាំមុនៗ ដោយពុំមានការកកស្ទះចរាចរណ៍យូរ ហើយក៏គ្មានគ្រោះថ្នាក់ចរាចរណ៍និងការឆក់ប្លន់ឡើយ៕
