អាមេរិក​បញ្ជូន​អ្នក​ស្ម័គ្រ​ចិត្ត​ទីភ្នាក់ងារ Peace Corps ក្រុម​ទី​៥​មក​កម្ពុជា

ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន​យុវនារី អ្នក​ស្ម័គ្រ​ចិត្ត​ទីភ្នាក់ងារ​ភីខបស៍ (Peace Corps) ឬ​មន្ត្រី​អង្គទូត​សន្តិភាព នៃ​សហ​រដ្ឋ​អាមេរិក​មួយ​ក្រុម​ថ្មី​ទៀត នឹង​ត្រូវ​ចុះ​តាម​មូលដ្ឋាន​ដើម្បី​ជួយ​លើក​កម្ពស់​សេវា​សុខភាព និង​បង្រៀន​ភាសា​អង់គ្លេស​ដល់​សហគមន៍​ជន​បទ​ក្រីក្រ។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អ្នក​ស្ម័គ្រ​ចិត្ត​ភីខបស៍ ១​ក្រុម​ថ្មី​នេះ​ជា​ក្រុម​ទី​៥ នឹង​ប្រារព្ធ​ពិធី​សច្ចាប្រណិធាន​ចូល​បំពេញ​ការងារ​ក្នុង​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​តុលា ដែល​រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ទីភ្នាក់ងារ​ភីខបស៍​ជាង ១​រយ​នាក់ បាន​ចុះ​តាម​ខេត្ត​ក្រុង​ចំនួន​១៥ ក្នុង​ប្រទេស​កម្ពុជា។

ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក​ក្នុង​ក្រុម​ភីខបស៍​នឹង​ធ្វើការ​ជា​មួយ​សម​ភាគី​កម្ពុជា ក្នុង​គម្រោង​នានា​ក្នុង​សហគមន៍ រួម​មាន គម្រោង​អប់រំ​បរិស្ថាន ការ​ការពារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​អភិវឌ្ឍ​ជំនួញ​ខ្នាត​តូច និង​ជំនាញ​ក្នុង​ការ​ដឹក​នាំ​សម្រាប់​ក្មេង​ស្រី ជា​ដើម។

ពិធី​សច្ចាប្រណិធាន​របស់​ភ្នាក់ងារ​ស្ម័គ្រ​ចិត្ត​ភីខបស៍​នឹង​ប្រារព្ធ​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​តុលា នា​មជ្ឈមណ្ឌល​ព័ត៌មាន​វប្បធម៌ ទេសចរណ៍ និង​ពាណិជ្ជកម្ម​ភ្នំពេញ ឬ​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ។

ពិធី​នេះ​ក៏​មាន​លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា និង​លោក Jeff Daigle ភារធារី​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា នឹង​អញ្ជើញ​ចូល​រួម​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ។

ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​ភីខបស៍​បាន​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក ចន កេណ្ឌឺឌី (John F. Kennedy) ក្នុង​ឆ្នាំ​១៩៦១ ដើម្បី​លើក​កម្ពស់​សន្តិភាព​ពិភពលោក និង​មិត្តភាព។ គោល​ដៅ​របស់​ទីភ្នាក់ងារ​ភីខបសស៍ គឺ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល និង​ការ​អប់រំ​ដល់​បុរស​ស្ត្រី នៅ​តាម​បណ្ដា​ប្រទេស ដែល​មាន​ការ​ចាប់​អារម្មណ៍ និង​ដើម្បី​លើក​កម្ពស់​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​ទៀត។

នៅ​ឆ្នាំ​២០១១ នេះ ទីភ្នាក់ងារ​ភីខបស៍​បាន​ប្រារព្ធ​ខួប​លើក​ទី​៥០ របស់​ខ្លួន ដោយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១ មក មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​ជាង ២​សែន​នាក់ បាន​បម្រើ​ការងារ​ក្នុង​ទីភ្នាក់ងារ​នេះ នៅ​តាម​ប្រទេស​ចំនួន​១៣៩ ក្នុង​ពិភព​លោក៕